ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ដី​បំពេញ​ច្រាំង​ទន្លេបាសាក់​សាងសង់​ផ្លូវ​ថ្មើ​ជើង និង​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង កាលពី​រាត្រី​ថ្ងៃ​ទី​០២ មេ​សា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ចាក់​ដី​ទៅ​ក្នុង​ទន្លេបាសាក់​ដែល​ការ​ចាក់​ដី​ទៅ​ក្នុង​ទន្លេ​នេះ​ក្នុង​បំណង​តែ​មួយ​គត់ គឺ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ច្រាំង​ទន្លេ​ឱ្យ​មាន​សោភ័ណ​ភាព ខណៈ​ដែល​ទន្លេ​ច្រាំង​ទន្លេ​ខាងលើ​នឹង​ត្រូវ​សាងសង់​ជា​ផ្លូវ​ថ្មើរជើង…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង កាលពី​រាត្រី​ថ្ងៃ​ទី​០២ មេ​សា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ចាក់​ដី​ទៅ​ក្នុង​ទន្លេបាសាក់​ដែល​ការ​ចាក់​ដី​ទៅ​ក្នុង​ទន្លេ​នេះ​ក្នុង​បំណង​តែ​មួយ​គត់ គឺ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ច្រាំង​ទន្លេ​ឱ្យ​មាន​សោភ័ណ​ភាព ខណៈ​ដែល​ទន្លេ​ច្រាំង​ទន្លេ​ខាងលើ​នឹង​ត្រូវ​សាងសង់​ជា​ផ្លូវ​ថ្មើរជើង អម​សងខាង​ទន្លេ​ខាងលើ និង​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ ។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ទីតាំង​កន្លែង​ចាក់​ដី​លុប​នោះ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​មាន​បំណង​លុប​ដៃ​ទន្លេបាសាក់​ដូច​ការ រិះគន់​របស់​អ្នកលេង​បណ្តាញ​សង្គម Facebook និង​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ ។ លោក​ថា ការ​ចាក់​ដី​លុប​នេះ គឺជា​ការ​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទន្លេ​ប៉ុណ្ណោះ ដោយសារ​តែ​ដៃ​ទន្លេបាសាក់​នេះ​ទទួល​រង​នូវ​ការ​បង្ហូរទឹក​កខ្វក់ ទឹក​ស្អុយ ពី​អគារ​ខ្ពស់​ៗ និង​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ដៃទន្លេ​នេះ ដូច្នេះ​ដើម្បី​ការពារ​បរិស្ថាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អុយ​ដោយ​បំពាក់​នូវ​ម៉ាស៊ីនបូមទឹក​កខ្វក់​នេះ ទម្លាក់​ទៅ​ប្រឡាយ​បង្ហូរទឹក​បឹង​ត្របែក ។

លោក​អភិបាល​សង្កត់ធ្ងន់​ថា «​ការ​ចាក់​ដី​នេះ គឺជា​ការ​សាងសង់​អាង​ចម្រោះ​ទឹក​ស្អុយ​ដែល​ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនមែន​ជា​ការ​ចាក់​លុប​ដី​របស់​ឈ្មួញ​នោះ​ទេ សូម​ប្រជាពលរដ្ឋ​កុំ​យល់​ច្រឡំ​» ។ លោក​អភិបាល​រាជធានី​បន្ត​ថា ចំពោះ​ការ​ចាក់​ដី​លុប​នេះ​នៅ​ពេល​ដែល​ការដ្ឋាន​សាងសង់​ស្ថាបនា​អាង​ចម្រោះ​ទឹក​ស្អុយ​រួចរាល់​នោះ​នឹង​កាយ​ដី​ដែល​បាន​ចាក់ចេញ​វិញ ហើយ​គម្រោង​នេះ​ក៏​មាន​សង់​ច្រាំង​ទន្លេ​ទប់​ដី និង​សង់​ផ្លូវ​ថ្មើរជើង​ចាប់ពី​កោះ​ពេជ្រ​រហូត​ដល់​ស្ពាន​អាកាស​ក្បាល​ថ្នាល់ ដើម្បី​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ​ដែល​មាន​អគារ​សំណង់​ខុន​ដូ​ខ្ពស់​ៗ នៅ​អម​សងខាង​ដៃទន្លេ ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ប៉ុន្មាន​ថ្ងៃនេះ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ អំពី​ការ​ចាក់​ដី​ចូល​ក្នុង​ដៃ​ទន្លេបាសាក់​ទន្លេតូច ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ។
ដើម្បី​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ភ័ន្ត​ច្រឡំ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​គូសបញ្ជាក់​ជូន​ថា ការ​ចាក់​បំពេញ​ដី​នេះ គឺ​ក្នុង​បំណង​កែ​លម្អ​ច្រាំង​ដៃ​ទន្លេបាសាក់​ឲ្យ​ច្រាំង​ខាងលិច​ស្រប​នឹង​ច្រាំង​ខាងកើត ដើម្បី​ធានា​បាន​នូវ​សោ​ភ័​ណ្ឌ​ភាពល្អ​ឈាន​ទៅ​កែប្រែ​ផ្លូវ​ថ្មើរជើង​ចាប់ពី​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ហៅ​ស្ពាន​ច្បារ​អំពៅ​ដូច​មាន​គំនូស​ប្លង់​ភ្ជាប់​មក​ជាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ