ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ស្ពាន​ជ្រោយចង្វា​ទី​១ អាច​ប្រើប្រាស់​បាន​៥០​ឆ្នាំ​បន្ត​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ​ជួសជុល​ស្ពាន​ជ្រោយចង្វា​ទី​១ និង​ថា​ស្ពាន​នេះ​អាច​ប្រើប្រាស់​រយៈ​៥០ ឆ្នាំ​បន្ត​ទៀត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ​ជួសជុល​ស្ពាន​ជ្រោយចង្វា​ទី​១ និង​ថា​ស្ពាន​នេះ​អាច​ប្រើប្រាស់​រយៈ​៥០ ឆ្នាំ​បន្ត​ទៀត ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​០៣ ខែមេសា ថា ក្រោយ​ពី​ការ​ជួសជុល​រួចរាល់ ដែល​បាន​ដាក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​- ជប៉ុន នៅ​ថ្ងៃនេះ គឺ​យើង​អាច​ប្រើ​បាន​រយៈពេល​៥០​ឆ្នាំ ទៅ​មុខ​ថែម​ទៀត ។

ដូច្នេះ​ថ្ងៃនេះ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​នៃ​ស្ពាន​ជ្រោយចង្វារ​ទី​១​នេះ ហាក់បីដូចជា​សមិទ្ធផល​ថ្មី​មួយទៀត​ផង​ដែរ​សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​ការ​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ជា​ពិសេស​ការ​ដាក់​អោយ​ប្រើប្រាស់​ថ្ងៃនេះ​ក៏​ជា​ចំណងដៃ​ថ្មី​ដល់​ប្រជាពលរដ្ឋ​មុន​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូល​មក​ដល់​ពាក់កណ្តាល ខែមេសា​ខាង​មុខ​នេះ ។

សូម​រំលឹក​ឡើង​វិញ​អំពី​ប្រវត្តិ​ស្ពាន​ជ្រោយចង្វារ​ទី​១ ដែល​ក្នុង​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ ១៩៧២ ស្ពាន​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​គ្នា​ដែល​ធ្វើ​អោយ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ត្រូវ​ជិះទូក និង​ជិះ​កាណូត​ឆ្លង ដើម្បី​កាត់​ទន្លេ​ស្លាប​ដ៏​ធំ​មួយ​នេះ ។ រហូត​ដល់​ឆ្នាំ​១៩៩២ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វះ​ស្វែងរក​សុខ​សន្តិភាព ឯកភាព​ជាតិ រួបរួម​គ្នា​បញ្ចប់សង្គ្រាម​នៅ​ពេល​នោះ​ស្ពាន​ជ្រោយចង្វារ​ទី​១​ក៏​ត្រូវ​បាន​ជួសជុល និង​ត​ភ្ជាប់​ឡើង​វិញ​ដោយ​ប្រទេស​ជប៉ុន ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ព្រះ​មហា​វីរៈក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ​នរោត្ដម​សីហ​នុ ។

នៅ​ចុងឆ្នាំ​២០១៧ ដោយសារ​តែ​ស្ពាន​នេះ​មាន​អាយុកាល​ច្រើន ហើយ​ស្រប​ពេល​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចរាចរណ៍​កើន​ឡើងជា​លំដាប់​នោះ​ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ធានា​សុវត្ថិភាព​ឡើង​វិញ​ជា​បន្ទាន់ ។ សម្តេច​ក៏​បាន​សូម​បងប្អូន​ជនរួមជាតិ​ធ្វើ​ដំណើរ​មាន​សុខ​សុ​វត្ថ​ភាព​ទាំ​អស់​គ្នា ហើយ​ចេះ​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។ សូម​អរគុណ​រដ្ឋាភិបាល និង​ប្រជា​ជប៉ុន​ដែល​តែងតែ​ជួយ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ