អាសូរបុរសម្នាក់ហៅ«អាក្របី»ហូរឈាមស្រោចពេញខ្លួន រត់រកគេឯងឱ្យជួយ ផ្អើលសង្កាត់ផ្សារថ្មី២
- ភ្នំពេញ
រាជធានីភ្នំពេញ ៖បុរសម្នាក់ដែលគេស្គាល់ឈ្មោះថា «អាក្របី» និងជាអ្នកដើរលក់ខ្សែក្រវាត់ចល័តរាល់ថ្ងៃម្នាក់នៅម្តុំចំណតរថយន្តផ្សារថ្មីនោះ ត្រូវបានគេប្រទះឃើញមានស្នាមរងរបួសជាច្រើនកន្លែង និងហូរឈាមស្រោចពេញខ្លួន និងផ្ទៃមុខ ក្រោយពីជនរងគ្រោះត្រូវបានជនមិនស្គាល់មុខយកកាំបិតកាប់ត្រូវជាច្រើនកន្លែង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជនរងគ្រោះរត់មករកគេឯងអោយជួយបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចឌឿងហែមសុខាល័យកែងនឹងផ្លូវលេខ១២៦ (ក្បែរចំណតរថយន្តបាត់ដំបងផ្សារថ្មី) ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះខាងលើត្រូវបានគេនាំគ្នាហៅឈ្មោះថា
«អាក្របី» មានអាយុប្រមាណជាង៣០ឆ្នាំ សព្វថ្ងៃមានមុខរបរដើរលក់ខ្សែក្រវាត់ចល័តនៅម្តុំចំណតរថយន្តបាត់ដំបងក្បែរផ្សារថ្មីនេះ និងមានទីលំនៅមិនពិតប្រាកដឡើយ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ខណៈដែលមានប្រជាពលរដ្ឋជាច្រើននាំគ្នាកំពុងតែអង្គុយលេងនៅចំណុចផ្លូវឌឿងហែមខាងលើនោះ ស្រាប់តែគេឃើញនៅលើដងខ្លួនបុរសជាជនរងគ្រោះម្នាក់ខាងលើមានសុទ្ធតែស្នាមរបួសជាច្រើនកន្លែង និងមានឈាមហូរជោកខ្លួននិងមុខមាត់ សឹងតែមើលមុខលែងស្គាល់ទៅហើយនោះ បានរត់មករកអោយគេឯងជួយ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះ ក្រុមប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នាសួរនាំទើបជនរងគ្រោះបានរៀបរាប់ប្រាប់ថា «គាត់ត្រូវបានគេកាប់នៅឯម្តុំមង្គលវ័ន ហៅវត្តស្វាយដង្គុំឯណ្ណោះ» ហើយជនរងគ្រោះនិយាយបានតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក គាត់មិនអាចនិយាយប្រាប់អ្វីទៀតបានឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះរស់នៅតែម្នាក់ឯង មិនមានប្រពន្ធកូន ឬក្រុមគ្រួសារឡើយ ដោយរាល់ថ្ងៃគេតែងតែឃើញគាត់ដើរកាន់ខ្សែក្រវាត់លក់ចល័តតាមរថយន្តនៅក្នុងចំណតរថយន្តបាត់ដំបងផ្សារថ្មីនេះ និងពេលយប់ឡើងគាត់ដេកនៅតាមសំយ៉ាបផ្ទះគេនៅម្តុំផ្លូវឌឿងហែមខាងលើនេះជាប្រចាំ។

ពាក់ព័ន្ធនឹងករណីមានជនមិនស្គាល់មុខកាប់ទៅលើបុរសជាជនរងគ្រោះបណ្តាលអោយត្រូវរបួសជាច្រើនកាំបិតឈាមហូរស្រោចពេញខ្លួនប្រាណរងរបួសយ៉ាងធ្ងន់ធ្ងរនេះ គឺមិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះបានឈ្លោះប្រកែកជាមួយនឹងអ្នកណា ឬមានរឿងអ្វីនោះឡើយ ទើបបានជាជនដៃដល់យកកាំបិតកាប់ បណ្តាលអោយជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរបែបនេះ។

ក្នុងខណៈពេលដែលបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាមកចោមរោមមើល និងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសាមុយមួយគ្រឿងមកដឹកយកបុរសជាអ្នកដើរលក់ខ្សែក្រវាត់ចល័តរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះភ្លាមៗផងដែរ ៕














ចែករំលែកព័តមាននេះ