ខេត្ដប៉ៃលិន ៖ ក្រុមគ្រួសារសពស្រ្តីរងគ្រោះ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់រស់នៅខេត្តប៉ៃលិន បានរិះគន់ និងចោទប្រកាន់បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ដមួយចំនួនថា មានការធ្វេសប្រហែស និងព្រងើយកន្តើយមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ជាពិសេសបណ្តោយឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលនាងឈឺពោះកើតកូន ពេលប្តីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ត្រូវគ្រូពេទ្យឲ្យនាងខំប្រឹងសម្រាលខ្លួនឯងជាច្រើនម៉ោង រហូតដល់ខ្សោយកម្លាំងទើបឲ្យក្រុមគ្រួសារផ្តិតមេដៃ ដើម្បីធ្វើការវះកាត់ រួចទុកឲ្យនាងឈឺចុកចាប់ម្នាក់ឯងស្រែកយំគួរឲ្យសង្វេគ។
ទោះបីប្តីនាងទៅហៅគ្រូពេទ្យប្រចាំការជាច្រើនលើកច្រើនសារ ដើម្បីឲ្យមកមើលប្រពន្ធខ្លួនយ៉ាងណា ក៏ពេទ្យមិនព្រមចេញមកមើលទេ គឺទុកនាងចោលតាំងពីល្ងាចរហូតដល់ពេលព្រឹក បណ្តាលឲ្យស្រ្តីរងគ្រោះមានអាការធ្ងន់ធ្ងរទើបនាំគ្នាស្វះស្វែងបញ្ចូលខ្យល់អុកស៊ីហ្សែន រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ហើយនៅវេលាម៉ោង ៩ និង ៤៥នាទីយប់ ថ្ងៃទី១១ តុលា ២០១៣ ស្រ្តីនោះ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ស្រ្តីរងគ្រោះដែលស្លាប់ឈ្មោះ ទូច សាវឿន ហៅណាវី អាយុ ២៦ឆ្នាំ មានប្តីឈ្មោះ ទិត្យ ថារ៉ម អាយុ ៣២ឆ្នាំ ជាកសិករ មានកូនឈ្មោះ ទូច នីតា ភេទស្រី អាយុ ៦ឆ្នាំ និងទារិកាទើបនឹងកើត នាងមានឪពុកឈ្មោះ ទូច ផាន អាយុ ៦១ឆ្នាំ ជាមេភូមិប៉ាហ៊ីត្បូង ម្តាយឈ្មោះ ទូច សំអាត អាយុ ៥៩ឆ្នាំ ជាកសិករ ពួកគាត់រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
កោះសន្តិភាពបានព្យាយាមទាក់ទងទៅ លោកវេជ្ជបណ្ឌិត សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីបំភ្លឺករណីនេះដែរ តែទូរស័ព្ទបានបិទមិនអាចទាក់ទងបានឡើយ។ អ្នកយកព័ត៌មានយើងទាក់ទងតាមទូរស័ព្ទ ដើម្បីសួរ លោកវេជ្ជបណ្ឌិត ផាប់ ស៊ូវិចិត្រ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបំភ្លឺ ដោយលោកបានឆ្លើយថា រឿងស្រ្តីសម្រាលកូនស្លាប់នេះ លោកអត់ដឹងច្បាស់នោះទេ ព្រោះលោកជាប់រវល់សិក្ខាសាលានៅរាជធានីភ្នំពេញ បើចង់ដឹងច្បាស់ឲ្យសួរ លោកវេជ្ជបណ្ឌិត អាង នាង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត។
លោកវេជ្ជបណ្ឌិត ខឹម មុនីកុសល អាយុ ៤០ឆ្នាំ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានបញ្ជាក់ថា តាមការប៉ាន់ស្មានរបស់គ្រូពេទ្យ ស្រ្តីរងគ្រោះអាចមានជំងឺបន្ថែមក្រោយការវះកាត់ តែដោយខាងមន្ទីរពេទ្យអត់មានឧបករណ៍ពិនិត្យច្បាស់លាស់អត់ដឹងថា ជំងឺអ្វីពិតប្រាកដនោះទេ គ្រាន់តែសង្ស័យថា ជាជំងឺរលាកសួតធ្ងន់ធ្ងរ និងស្ទះសរសៃឈាមក្នុងសួត ដោយករណីជំងឺនេះ កម្រជួបណាស់ សូម្បីតែនៅថ្នាក់ជាតិ យូរៗ ក៏ជួបម្តងម្កាលទទួលរងគ្រោះថ្នាក់។
ក្រោយពីដឹងថា ស្រ្តីរងគ្រោះមានសភាពមិនប្រក្រតីគ្រូពេទ្យបានរៀបចំបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ពេលព្រឹក តែដោយរង់ចាំក្រុមគ្រួសារពួកគាត់ជួបជុំគ្នា ទើបយឺតពេលបញ្ជូនស្រ្តីរងគ្រោះទៅដល់នៅវេលាម៉ោង ១១ព្រឹក ថ្ងៃដដែល។ ស្រាត់តែក្រោយមកនៅវេលាម៉ោង ១០យប់ មានព័ត៌មានពីក្រុមគ្រួសារស្រ្តីរងគ្រោះ បានផ្តល់មកថា នាងបានស្លាប់បាត់បង់ជីវិតនៅទីនោះបាត់ទៅហើយ។
លោកបន្តថា ចំពោះការចោទប្រកាន់ គ្រូពេទ្យអត់យកចិត្តទុកដាក់ជាសម្ពាធមួយសម្រាប់គ្រូពេទ្យបង្អែកខេត្តប៉ៃលិន ហើយការធ្វើឲ្យអ្នកជំងឺពេញចិត្ត ឬអត់នោះ ពិបាកប៉ាន់ស្មាន តែយើងធ្វើទៅតាមសមត្ថភាព។ ពួកគាត់ទាំងអស់គ្នាបានខិតខំប្រឹងប្រែងជួយស្រ្តីរងគ្រោះអស់ពីសមត្ថភាពហើយ គឺរាល់អ្នកជំងឺពួកគាត់បានមើលគ្រប់បែបយ៉ាងអស់ពីលទ្ធភាព តែបើអតិថិជនលើកឡើងយ៉ាងណានោះ ខាងលោកនឹងទទួលយករាល់ការរិះគន់ស្ថាបនា៕
ចែករំលែកព័តមាននេះ