ឯកឧត្តមប៉ានសូរស័ក្តិស្នើធនាគារចិនគាំទ្រការទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមប្រព័ន្ធអេឡិចត្រូនិក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ានសូរស័ក្តិបានស្នើតំណាងធនាគារចិនប្រចាំនៅកម្ពុជាគាំទ្រការប្រើប្រាស់ និងទូទាត់រូបិយប័ណ្ណខ្មែរ (ប្រាក់រៀល) តាមរយៈប្រព័ន្ធអេឡិចត្រូនិក (E-Payment) ជាពិសេស QR Code ដែលជាមធ្យោបាយទូទាត់សាច់ប្រាក់ដ៏ពេញនិយម នៅក្នុងប្រទេសចិន ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ ។នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើនេះឡើងនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូធនាគារចិន ដឹកនាំដោយលោកវ៉ាង ប៊ីង (WANG Bing) នាយកប្រតិបត្តិរងនៃធានាគារចិនប្រចាំទីក្រុងហុងកុង កាលពីព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុរដ្ឋរបស់ចិនដ៏ធំមួយនេះ ។

នៅក្នុងជំនួបឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញតំណាងធនាគារចិនទទួលយកការទូទាត់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយសម្រាប់សកម្មភាពធុរកិច្ច និងវិនិយោគទ្វេភាគី ជាពិសេសការដោះដូរពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce ដោយប្រើប្រាស់បច្ចេកវិទ្យា E-Payment និងQR Code ដូចគ្នា ជាមួយកម្មវិធីទូរស័ព្ទដៃ WeChat ឬ Alipay ជាដើម ។

បន្ថែមលើនេះឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរលោក វ៉ាង ប៊ីង ពិនិត្យលទ្ធភាពចូលរួមវិនិយោគសាងសង់ឡសម្ងួត (សៃឡូ) នៅតាមបណ្តាខេត្តសំខាន់ៗក្នុងប្រទេសកម្ពុជា ដើម្បីរក្សាទុកកសិផលក្នុងរយៈពេលយូរ និងផ្ដល់ឥណទានដល់ប្រជាកសិករ ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម ដើម្បីពង្រឹងការអភិវឌ្ឍខ្សែចង្វាក់តម្លៃផលិតផលដែលមានសក្តានុពលនានាសំដៅបង្កើតតម្លៃបន្ថែម និងធ្វើពិពិធកម្មការនាំចេញ ។

ជាការឆ្លើយតប លោក វ៉ាង ប៊ីង បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានគាំទ្រប្រតិបត្តិការរបស់ធនាគារចិន នៅក្នុងប្រទេសកម្ពុជាតួយ៉ាងដូចជា ការប្រើប្រាស់ប្រាក់យ័នតាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ព្រមទាំងការបង្កើតការិយាល័យចិនមួយ (Chinese Desk) នៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រួលដល់ធុរជនចិន ក្នុងការធ្វើប្រតិបត្តិការពាណិជ្ជកម្ម ៕
ចែករំលែកព័តមាននេះ