ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ថា មេដឹកនាំ​មិន​ដែល​ឈ្នះ​តែ​តាំងខ្លួន​ជា​ប្រជាធិបតេយ្យ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​បន្ត​ចំអក​ទៅ​កាន់​លោក​សម រ​ង្ស៊ី ជា​ថ្មី​ថា ជា​មេដឹកនាំ​មិន​ដែល​ឈ្នះ​លើក​សង្វៀន​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត តែ​បែរមក​តាំងខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ និង​ជា​កម្លាំង​មិន​ខ្វះ​បាន​ទៅ​វិញ ។ ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ប្រកាស​ថា​ខ្លួន​ជា​អ្នក​ប្រជាធិបតេយ្យ​ពី​ក្រៅប្រទេស​មិន​ដាច់​ពី​មាត់ ពិសេស​នោះ​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ក៏​បាន​អះអាង​ថា រូប​លោក និង​លោក កឹ​ម សុខា ជា​មនុស្ស​តែ​មួយ ហើយ​ជា​ប្រជាធិបតេយ្យ​។

លោក​គង់ គាំ បច្ចុប្បន្ន​ជា​ប្រធាន​កិត្ត​សយ​គណបក្ស​ឆ​ន្ទះ​ខ្មែរ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ដោយ​ប្រៀបធៀប​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ការ​បោះ​ឆ្នោត​ដំបូង​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​ថៃ ថា​ក់​ស៊ី​ន ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​កាន់​តំណែង និង​ជា​នាយក​រដ្ឋមន្ត្រី​បន្តបន្ទាប់​មិន​ហៅ​គណបក្ស​នយោបាយ​ចូលរួម​ការ​បោះ​ឆ្នោត​ទាំងឡាយ​ថា លំអរ​អំណាច​យោធា និង​មិន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ថៃ​ដេក​ផ្ទះ​ដើម្បី​ទុក​ឲ្យ​អំណាច​ផ្តាច់​ការ​យោធា​និយម​ថៃ​ឈ្នះ​ស្អាត​ដូច​មេដឹកនាំ​នយោបាយ​ខ្មែរ​ដែល​មិន​ទាន់​ឈ្នះ​កាន់​អំណាច​សោះ (​សម រ​ង្ស៊ី​) តែ​តាំងខ្លួន​ជា​កម្លាំង​ប្រជាធិបតេយ្យ​មិន​អាច​ខ្វះ​បាន ហើយ​ទុក​អ្នក​ដ៏​ទៃ និង​ម្ចាស់​ឆ្នោត​ថា ក្បត់​ខ្លួន បើ​មិន​រត់ចោលស្រុក​រត់​ចោលផ្ទះ និង​ងើប​យក អំណាច​ពី​អ្នក (​ឈ្នះ​ឆ្នោត​) សម្រាប់​ខ្លួន និង​ក្រុម​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ​លោក គង់ គាំ ក៏​បាន​លើក​ឡើង​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មាន​មេដឹកនាំ និង​ក្រុម​អ្នកនយោបាយ​វ័យក្មេង ហើយ​ជា​ប៉ូ​ល​ថ្មី​មួយ និង​មាន​រូប​សញ្ញា​ព្រះអាទិត្យ​ថ្មី និង​ជា​ឱកាស​ថ្មី​សម្រាប់​អតីត​សមាជិក​គណបក្សប្រឆាំង​របស់​មេដឹកនាំ​ដ៏​មហន្តរាយ​ជា​ជម្រើស​ថ្មី ។ លោក​បន្ថែម​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ប្រាថ្នា​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ថ្មី​ជា​វិជ្ជមាន​នៅ​កម្ពុជា ពិតជា​មិន​បោះបង់​ឱកាស​បន្តជីវិត និង​ជម្រុញ​ចរន្ត​ប្រជាធិបតេយ្យ​តាម​មធ្យោបាយ​ស្របច្បាប់ តាម​រយៈ​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ដោយ​គោរព​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ ឲ្យ​មាន​និរន្តរភាព​ក្នុង​បរិយាកាស​សន្តិភាព ស្ថេ​រ​ភាព អភិ​វ​ឌ្ឃ ចេរភាព យ៉ាង​ខ្ជាប់ខ្ជួន​ជា​ចាំបាច់​នោះ​ឡើយ ។

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ក៏​បាន​លើក​ឡើង​ទៀត​ថា គណបក្ស​ឆន្ទៈ​ខ្មែរ​សង្ឃឹមថា​សមាជិក​ក្រុមប្រឹក្សា​ពី​គណបក្ស​នយោបាយ​ផ្សេង​ៗ​ជា​អង្គ​បោះ​ឆ្នោត​នឹង​ប្រើប្រាស់​សេរីភាព​របស់​ខ្លួន​ជួយ​បោះ​ឆ្នោត​គាំទ្រ​បេក្ខជន​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ឈរឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក ខណ្ឌ​នៅ​ឆ្នាំ​២០១៩​នេះ ដើម្បី​បញ្ជាក់​ពី​លំហរ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​ថ្នាក់​ក្រោម​ជាតិ និង​នៅ​ថ្នាក់​ជាតិ​មិន​អាច​សាបសូន្យ​ពី​កម្ពុជា​ឡើយ ៕