ឧក្រិដ្ឋនេះហ៊ានដ៏គគ្លើនមែន…យកម៉ាស៊ីនផលិតគ្រឿងញៀនធ្វើជាប់ផ្លូវធំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០២
មេសា បានចុះប្រតិបត្តការបង្ក្រាបទីតាំងផលិតគ្រឿងញៀន១កន្លែង ស្ថិតនៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលប្រភពព័ត៌មានជំហានដំបូងក្រៅផ្លូវការនៅឡើយថា ដកហូតថ្នាំញៀនបានជាង៧០គីឡូក្រាម ក្នុងនោះ មានសារធាតុញៀនសុទ្ធប្រមាណជា៥០គីឡូក្រាម និងឧបករណ៍ផលិតមួយចំនួនទៀត ។

ករណីបង្ក្រាបនេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ វត្ថុតាងត្រូវបាននាំទៅកាន់មន្ទីប្រឆាំងគ្រឿងញៀនដែលករណីនេះ បានភ្ជាប់ទៅនឹងការចាប់ខ្លួនជនសង្ស័យជនជាតិឥណ្ឌូណេស៊ី នៅខេត្ត ស្ទឹងត្រែងផងដែរ ។

ការព័ទ្ធឆែកឆេរនោះ ក៏បានបង្កឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដែលធ្វើដំណើរនៅតាមបណ្តោយផ្លូវ៣៧១ បាននាំគ្នាចោមរោមមើលហើយហួសចិត្តស្ទើតែមិនគួរឲ្យជឿថា ឧក្រិដ្ឋជនដែលជាម្ចាស់ទីតាំងខាង លើនេះ ហ៊ានអីក៏ហ៊ានយ៉ាងនេះ ដោយហ៊ានយកម៉ាស៊ីនផលិតគ្រឿងញៀនមកផលិតនៅទីសារធារណៈជាប់និងផ្លូវធំ ។

ការលួចផលិតនេះសូម្បីតែសមត្ថកិច្ចមូលដ្ឋានពុំបានដឹងនិងសូមសរសើរហើយដែលកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញទាន់ កុំអីមិនដឹងជាឧក្រិដ្ឋជន មានឱកាសផលិតចេញនូវគ្រឿងគ្រឿងជាច្រើនគីឡូក្រាមសម្រាប់យកទៅចែកចាយបន្តបំពុលយុវជនដែលជាទំពាំងស្នងឫស្សីវង្វេងវង្វាន់អស់ប៉ុន្មាននាក់នោះទេ ។

ជុំវិញករណីបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន មិនអាចបញ្ជាក់ប្រាប់ថា បានដកហូតថ្នាំញៀនប៉ុន្មានគីឡូនោះ ព្រោះនៅក្តៅៗពេក ដោយគ្រាន់តែបង្ហើបថាសមត្ថ កិច្ចកំពុងស្រាវជ្រាវចាប់មេក្លោងឲ្យបាននាពេលឆាប់ៗខាងមុខនេ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ