ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ គឺជា​ប្រទេស​ជិតខាង​ដែល​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេបញ្ជាការ​កងទ័ពជើងគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្រសួងការពារជាតិ​ព្រះរាជាណាចក្រ​ថៃ​ឡង់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សំដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុ​វ៉ា​ន់​( Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់ ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្តម​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ទទួល​តំណែង​ជា​អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ថៃ គឺជា​ប្រទេស​ជិតខាង​ដែល​មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ ហើយ​ឯកឧត្តម​បាន​ចាត់​ទុក​ជំនួប និង​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ និង​ធ្វើ​យ៉ាងណា​រក្សា​ឲ្យ​បាន​ព្រំដែន​សន្តិភាព មិត្តភាព​សហប្រតិបត្តិការ និង​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ប្រា​វីត វង្ស​សុ​វ៉ា​ន់ ( Prawit Wongsuwan) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់ ដែល​បាន​អនុញ្ញាត​គណៈប្រតិភូ​កម្ពុជា ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ។ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នៅ​ពេល​នេះ គឺ​បាន​បង្ហាញ​ពី​ការ​ពង្រឹងពង្រីក​ការ​រឹតចំណង​សាមគ្គីភាព និង​មិត្តភាព​ជា​ប្រពៃណី​រវាង​រាជរដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ និង​ដើម្បី​រួម​គ្នា​ក្នុង​ថែរក្សា​បាន​ព្រំដែន​សន្តិភាព​មិត្តភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ៕