ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ទឹក​ស្អាត​តម្លៃ​ប្រមាណ​៣០​លាន​ដុល្លារ ដាក់​សម្ពោធ​ហើយ ខណៈ​ការ​សិក្សា​ផែនការអភិវឌ្ឍន៍​បណ្តាញ​លូ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប​ត្រូវ​បាន​បញ្ចប់

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា រូប​សម្តេច នឹង​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត ដែល​មាន​តម្លៃ​ប្រមាណ​៣០​លាន​ដុល្លារ​ក៏​នៅ​ថ្ងៃ​ទី​២ ខែមេសា នេះ ក្នុង​នោះ​ក៏​នឹង​មាន​វត្តមាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ។

រោងចក្រ​ផលិត​ទឹក​ស្អាត​នៅ​ខេត្តកំពត ត្រូវ​បាន​សាងសង់​កាលពី​អំឡុង ឆ្នាំ ២០១៨​កន្លង​មកនេះ ជា​ជំនួយ​ឥត​សំណង​ទំហំ ៣២៨៤​លាន​យ៉េន​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​មាន​តម្លៃ​ជិត ២៧​លាន​ដុល្លារ ដើម្បី​ផលិត​ទឹក​ស្អាត​នៅ​ក្នុង​ខេត្តកំពត និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ជា​ពិសេស​ដើម្បី​កាត់​បន្ថយ​បញ្ហា​នៃ​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ ។ សូម​បញ្ជាក់​ថា ប្រទេស​ជប៉ុន​បាន​នាំមុខ​គេ​ក្នុង​ចំណោម​ដៃគូ​អភិវឌ្ឍន៍ ដែល​ជួយ​កម្ពុជា​ក្នុង​វិស័យ​ទឹក​ស្អាត​តាំង​ដើម​ទស្ស​វត្ស​១៩៩០ ។ ការ​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ខេត្តសៀមរាប នៅ​កំពង់ចាម និង​បច្ចុប្បន្ន​ក្នុង​ខេត្តកំពត សុទ្ធតែ​បាន​ប្រើប្រាស់​ជំនួយ​របស់​ជប៉ុន​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត ហើយ​ជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​បាន​កំណត់​យក​ឆ្នាំ​២០២៥ ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​១០០%​។

ថ្មី​ៗ​នេះ​ផង​ដែរ ពិធី​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដី​ពី​ការ​ចាប់ផ្តើម​គម្រោង​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពង់ធំ​ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 26 ខែមីនា​។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ចម​ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​លោក​អា​រ៉ា​កា​វ៉ា ណូរី​យូគី ប្រធាន​និង​ជា​អ្នកតំណាង​ក្រុមហ៊ុន Kubota Construction Co., Ltd.​។ យើង​ជឿជាក់​ថា​គម្រោង​នេះ​នឹង​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​រស់នៅ​របស់​ប្រជាជន​នៅ​ក្រុង​កំពង់ធំ​។

យ៉ាងណាមិញ​នៅ​សាលាខេត្ត​សៀមរាប មានការ​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​និង​ពិគ្រោះ យោបល់​លើក​ចុង​ក្រោយ​លើ “​ផែនការ អភិវឌ្ឍន៍ បណ្តាញ​លូ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប ខេត្តសៀមរាប​” ដឹកនាំ​កិច្ចប្រជុំ​ដោយ ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណការ ជាមួយ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រ​ដ្ឋា​បាល​ក្រុង​/​សង្កាត់ ធនាគារពិភពលោក អង្គការ​កិច្ច​ផ្តួចផ្តើម​អភិវឌ្ឍន៍​ទីក្រុង​សម្រាប់ ទ្វីបអាស៊ី (CIDA) ក្រុមហ៊ុន​ទីប្រឹក្សា បច្ចេកទេស Suez កាលពី​ថ្ងៃ ទី​២៩ ខែមីនា ឆ្នាំ​២០១៩ កិច្ចប្រជុំ​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៣ ហើយ​ក៏​ជា​កិច្ចប្រជុំ​ចុង​ក្រោយ​នៃ​ការ​សិក្សា​ផែនការអភិវឌ្ឍន៍​បណ្តាញ​លូ​ប្រមូល​ទឹក​កខ្វក់​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​សិក្សា​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Suez ក្រោម​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​អង្គការ​កិច្ច​ផ្តួចផ្តើម​អភិវឌ្ឍន៍​ទីក្រុង​សម្រាប់​ទ្វីបអាស៊ី (CIDA) ដោយ​ទទួល​បានការ​សហការ​យ៉ាង​ជិត​ស្និត​ពី​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប ប្រើ​រយៈ​សិក្សា និង​រៀបចំ​ឯកសារ​ដេញថ្លៃ និង​សិក្សា​ប្លង់​លម្អិត​ប្រមាណ ៩​ខែ​។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា គម្រោង​នេះ បាន​ទទួល​នូវ​ការ​ឯកភាព​ផ្តល់​ជា​កម្ចី​ពី​ក្រុម ប្រឹក្សា​ភិ​បាល​ធនាគារពិភពលោក ក្រោម​គម្រោងការ​លើកកម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ សរុប​ចំនួន ៥៧,៥ លាន​ដុល្លា​អា​មេ​រិច កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២១០៩ បន្ទាប់​ពី​ចរចារ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​ថវិកា​ចំនួន ២,៥ លាន​ដុល្លា​អា​មេ​រិ​ក ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។
គម្រោង​នោះ​ចែក​ចេញ​ជា​ពីរ​សមាស​ភាគ ដោយ​សមាស​ភាគ​ទី​១ ពាក់ព័ន្ធ​នឹង​វិស័យ​ទឹក​ស្អាត អនុវត្តន៍​ដោយ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​សមាស​ភាគ​ទី​២ ពាក់ព័ន្ធ​នឹង​វិស័យ​អនាម័យ អនុវត្តន៍​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ២៥,៥ លាន​ដុល្លា​អា​មេ​រិច ក្នុង​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៤ សម្រាប់​ការ​ចំណាយ​លើ​ការ​សាងសង់​បណ្តាញ​លូ​ខ្នែង និង​ខ្នែង​រង​ក្នុង​តំបន់​ខាងលិច និង​ខាងកើត​ក្រុង​សៀមរាប ការ​កែ​លម្អ​ស្ថានីយ​បូម​ដែល​មាន​ស្រាប់​ទាំង​បី​ទីតាំង ការ​កែ​លម្អ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ការ​កសាង​សមត្ថភាព​មន្ត្រី ការ​រៀបចំ​ផែនការ​ត​ភ្ជាប់​បណ្តាញ​លូ និង​ការងារ​ពាក់ព័ន្ធ​មួយ​ចំនួន​។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ពង្រីក​សមត្ថភាព​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ដើម្បី​ពង្រីក​តំបន់​សេវា​ឱ្យ​បាន​កាន់តែ​ធំ ជា​ពិសេស​ពង្រីក​បណ្តាញ​លូ​ទឹក​កខ្វក់ ចំនួន​នៃ​កា​រត​ភ្ជាប់ ការ​ផ្តល់​សេវា​ប្រកបដោយ​ទំនួល​ខុស​ត្រូវ ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឱ្យ​បាន​ទូ​ទាំង​ក្រុង​សៀមរាប ដើម្បី​ធានា​ឱ្យ​បាន​នូវ​បរិស្ថាន​ស្អាត សុខភាព​អនាម័យ​សាធារណៈ​ល្អ​ប្រសើរ លើកកម្ពស់​ជីវភាព​រស់នៅ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ ចំណុច​ទី ៦ (Sustainable Development Goal 6) ធានា​នូវ​ការ​ទទួល​បាន និង​ការ​គ្រប់គ្រង​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព​សម្រាប់​ទាំងអស់​គ្នា ៕