ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បើក​សេរី​ក្នុង​ការ​ប្រតិបត្តិ​សាសនា​ដោយ​គ្មាន​ការ​រើសអើង ហើយ​គ្មាន​សង្គ្រាម​សាសនា

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​បើក​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​សាសនា​ដោយ​គ្មាន​ការ​រើសអើង​នោះ​ទេ ។ នេះ​បើ​តាម​លោកស្រី​ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា និង​ព្រឹទ្ធសភា និង​អធិការកិច្ច ។ ក្នុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​គណៈកម្មាធិការ​សាសនា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ប្រាប់​ទៅ​ប្រតិភូ​វៀតណាម​ថា នៅ​កម្ពុជា ព្រះពុទ្ធ​សាសនា​ជា សាសនា​របស់​រដ្ឋ តែ​ប្រជាជន​មាន​សិទ្ធ និង​សេរីភាព​ប្រតិបត្តិ​សាសនា​ផ្សេង​ទៀត ដោយ​គ្មាន​រើសអើង ។ កម្ពុជា​មិន​ដែល​មាន​សង្គ្រាម​សាសនា​ឡើយ​។ សាសនា​និក​ទាំងអស់​អាច​រស់នៅ​ជាមួយ​គ្នា​ក្នុង​សហគមន៍ និង​សហការ​គ្នា​ប្រកបដោយ​សុខដុមរមនា ។

លោក​ណុ​ប ចាន់​ណា​រិ​ន្ទ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ជំនួប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា នៅ​ទីស្តីការក្រសួង​ប្រតិភូ​នេះ​វៀតណាម​ដឹកនាំ​ដោយ​លោក វុ ចៀន​ថាំង ប្រធាន​គណៈ កម្មាធិការ​សាសនា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ គោលបំណង​សំខាន់​របស់​គណៈប្រតិភូ​ដែល​មក​កម្ពុ​ជានា​ពេល​នេះ​ថា គឺ​ដើម្បី​សុំ​កិច្ចសហការ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​សាសនា​នៃ​ប្រទេស​ទាំង​២ ហើយ​ម្យ៉ាងទៀត​នៅ​ពេល​ខាង​មុខ​វៀតណាម​នឹង​មាន​រៀបចំ​ពិធីបុណ្យ​វិសាខបូជា​ដ៏​ធំ​មួយ​ដោយ​មាន​សាសនិកជន​មក​ពី​ជាង​១០០​ប្រទេស នៅ​លើ​ពិភពលោក​ចូលរួម​ក្នុង​នោះ​ក៏​សុំ​ឲ្យ​មានការ​ចូលរួម​ពី​កម្ពុជា​ផង​ដែរ ។

លោក វុ ចៀន​ថាំង បន្ត​ទៀត​ថា ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​គណៈប្រតិភូ​បាន​ចូល​ក្រាប​បង្គុំ​ថ្វាយ​សម្តេច​សង្ឃរាជ ប៊ូ គ្រី និង​លោក​ទេស​រដ្ឋមន្ត្រី ហ៊ឹ​ម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​កិច្ចការ​សាសនា ស្តី​ពី​ទំនាក់ទំនង​លើ​វិស័យ​សាសនា ដើម្បី​សហការ​អនុវត្ត​ដែល​មាន​លក្ខណៈ​ជា​ពហុ​គំនិត ។ ជាមួយ​គ្នា​នេះ​លោក វុ ចៀន​ថាំង បាន​ចាប់អារម្មណ៍​ពី​ភាព​រីក​ចំរើន​នៅ​កម្ពុជា ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ឃើញ​មាន​សំណង់​អគារ​ខ្ពស់​ៗ​រួម​នឹង​សំណង់​អគារ​ចាស់​ៗ​មួយ​ចំនួន​កំពុង​មានការ​អភិរក្ស និង​មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង​គួរ​ឲ្យ​កត់សម្គាល់ ដែល​កត្តា​ទាំងនេះ​បញ្ជាក់​បាន​ថា កម្ពុជា​មានការ​អភិវឌ្ឍន៍​ខ្លាំង​បន្ទាប់​ពី​ប្រទេស​នេះ​ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ ។

នៅ​ក្នុង​ជំនួប​នេះ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អន ក្នុង​នាម​តំណាង​ដ៏​ខ្ពង់​ខ្ពង់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ផ្ញើ​ជូន​គណៈប្រតិភូ​ប្រកបដោយ​ក្តី​នឹករលឹក​ក្នុង​នោះ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជំរាប​ជូន​ពី​សកម្មភាព​មមារ​ញឹក​របស់​សម្តេច​ដែល​កំពុង​ចុះ​ជួប​ជាមួយ​ប្រជាជន​កម្មករ​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ និង​ការ​ជួបជុំ​សាសនិកជន​គ្រប់​សាសនា នៅ​តាម​កម្មវិធី​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​សម្ភោ​ធ​សមិទ្ធិ​ផល​ថ្មី​ៗ​នៅ​ទូ​ទាំង​ប្រទេស​ស្រប​ពេល​ដែល​ប្រជាជន​កម្ពុជា​កំពុង​ត្រៀម​អំណរ​សាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដ៏​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​បន្ដ​អនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​អាទិភាព​ទី​១ គឺ​វិស័យ​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន ផ្លូវ ទឹក និង​ភ្លើង ។ ក្នុង​នោះ​ដែរ ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ក៏​ត្រូវ​បាន​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​ទ្វេ​ឡើង ពិសេស​ការ​ខិតខំ​រួម​គ្នា​ក្នុង​ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​ខែ​ខ្ពស់​ថែម​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ​មេដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​រួម​គ្នា​ថា នឹង​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​ក្លាយជា​តំបន់​ព្រំដែន ប្រកបដោយ​សន្តិភាព​ស្ថេ​រ​ភាព ការ​អភិវឌ្ឍ ការ​ផ្លាស់​ប្តូរ​ទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ៕