សម្តេចតេជោ ៖ តំបន់អារ៉ែងដាច់ខាតមិនត្រូវធ្វើតំបន់វារីអគ្គិសនីឡើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅតំបន់អារ៉ែង ដាច់ខាតមិនត្រូវធ្វើវារីអគ្គិសនីនៅតំបន់ហ្នឹងជាដាច់ខាត ។ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងក្នុងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា«តំបន់អារ៉ែងដាច់ខាតហើយមិនឲ្យធ្វើទេប្រាប់ឲ្យហើយ ។ អារ៉ែងគម្រោងឡើងមានការសិក្សាបង្កើតវារីអគ្គិសនី ប៉ុន្តែយើងអត់ឲ្យធ្វើទេ ខ្ញុំមិនព្រមទេ ដោយសារនៅទីនោះ គឺជាតំបន់សម្រាប់ផ្នែកអេកូទេសចរណ៍ ហើយត្រូវការពារធនធានធម្មជាតិនៅតំបន់នោះ» ។

សម្តេបញ្ជាក់ថា «ខ្ញុំហើយជាអ្នកប្រកាសចេញឲ្យសិក្សានៅតំបន់នោះ ប៉ុន្តែសិក្សាអ្វីសិក្សាចុះ តែមិនឲ្យធ្វើនោះទេ ។ ឥឡូវយើងកំពុងធ្វើហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដើម្បីបម្រើការអភិវឌ្ឍន៍នៅតំបន់នោះទៅជាតំបន់អេកូទេសចរណ៍» ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលនេះបន្ទាប់ពីអ្នកវិភាគមួយបានលើកឡើងថា ពីករណីដាច់ភ្លើងនៅក្នុងប្រទេសកម្ពុជានេះដោយសាររាជរដ្ឋាភិបាលយកឡេះ ដើម្បីបង្កើតតំបន់វារីអគ្គិសនីបន្ថែម ។ យ៉ាងណាក្តីសម្តេចប្រតិកម្មខ្លាំង ចំពោះអ្នកវិភាគនោះថា វិភាគមិនត្រូវ និងមិនសមហេតុផលនោះទេ ។

សម្តេចក៏បានព្រមានផ្តាច់ភ្លើងនៅផ្ទះអ្នកវិភាគនោះកុំឲ្យប្រើប្រាស់ថែមទៀត ។ សម្តេចថា អីញ្ចឹងអាអ្នកវិភាគល្មមយល់ហើយ បើវិភាគត្រូវទទួលយក តែបើវិភាគខុសហួសហេតុពេករហូតដល់ថា ផ្តាច់ភ្លើងធ្វើឲ្យប្រជាពលរដ្ឋលំបាក ប្រជាពលរដ្ឋជេរ ហើយយកឡេះថា រដ្ឋាភិបាលធ្វើឲ្យដាច់ ដើម្បីយកឡេះធ្វើវារីអគ្គិសនីថែមទៀត» ។ សម្តេចបានបន្ថែមថា ប្រសិនបើអ្នកវិភាគនៅក្នុងស្រុកត្រូវតែផ្តាច់ភ្លើងកុំឲ្យប្រើប្រាស់តែម្តង ដោយសារតែវិភាគខុស ហើយការផ្តាច់នេះជាការល្អ ហើយដែលមិនប្តឹងនោះ ។ ការនិយាយ គឺជាសិទ្ធបញ្ចេញមតិ ប៉ុន្តែគេយកមានសិទ្ធិក្នុងការតបត និងពន្យល់ តែមិនពន្យល់ អ្នកវិភាគនឹងទេ គឺពន្យល់ប្រជាពលរដ្ឋល្អជាង ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនទាន់បានប្រើប្រាស់សំដីដូចប្រធានាធិបតីហ្វីលីពីននោះទេ ដោយលោកប្រធានាធិបតីជេរមិនរើសមុខនោះទេ។ សម្តេចបញ្ជាក់«ខ្ញុំមិនទាន់ប្រើសំដីដូចជា ប្រធានាធិបតីហ្វីលីពីននោះទេ ។ ខ្ញុំអត់ជេរដល់ថ្នាក់ប៉ុណ្ណឹងទេ តែខ្ញុំគ្រាន់តែប្រើភាសាមួយចំនួនជាភាសាក្រៀមតែប៉ុណ្ណោះ »៕

ចែករំលែកព័តមាននេះ