ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ យុទ្ធសាស្ត្រ​ចម្បង​ពីរ​ដែល​សម្រេច​ជោគជ័យ​ស្ទើរ​ទាំងស្រុង

7 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា យុទ្ធសាស្ត្រ​ចំនួន​ពីរ​ចម្បង​ដែល​សម្រេច​បាន​ដាក់​ចេញ​នោះ​ទទួល​បាន​ជោគជ័យ​ស្ទើរ​ទាំងស្រុង ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ទឹក​ស្អាត​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ ឆ្នាំ​១៩៩៦ ហើយ​បាន​បញ្ចប់​នៅ​ចុងឆ្នាំ​១៩៩៨ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​។

សម្តេច​បន្ថែម​ថា ពេល​នោះ​ខ្ញុំ​បាន​ដាក់​យុទ្ធសាស្ត្រ​ពីរ​យ៉ាង​គឺ​ទី​១-​ការ​ប្រែក្លាយ​តំបន់​អតីត​តំបន់​សមរភូមិ​ទាំងអស់​ឲ្យ​ក្លាយជា​តំបន់​អភិវឌ្ឍន៍ និង​ជាទី​ផ្សារ ។ ទី​២-​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​ឲ្យ​ក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ ។ សម្តេច​បញ្ជាក់​ថា​«​ឥឡូវនេះ បើ​ពិនិត្យ​យុទ្ធសាស្ត្រ​នេះ គឺ​ទទួល​បាន​ជោគជ័យ​ដែល​អាច​និយាយ​ថា មិន​តិច​ជាង​៩០%​នោះ​ទេ ដែល​យើង​ប្រែក្លាយ​តំបន់​អតីត​សម​ភូមិ​ជា​តំបន់​អភិវឌ្ឍ ប៉ុន្តែ​១០%​ទៀត ដែល​នៅ​សល់​នោះ គឺជា​តំបន់​ដែល​យើង​ត្រូវ​ដោះស្រាយ​បញ្ហា​ដូច​ជា គ្រាប់​មីន គ្រាប់​មិន​ទាន់​ផ្ទុះ នៅ​មិន​ទាន់​ដោះស្រាយ​ហើយ ដូច្នេះ​តំបន់​ទាំងនោះ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ផ្សងព្រេង​ជាមួយ​គ្រោះថ្នាក់​នោះ​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្រែក្លាយ​តំបន់​សមរភូមិ​កៅ្ត​ឲ្យ​ក្លាយជា​ទីផ្សារ​តំបន់​ប្រជុំជន ផ្ទះសំណាក់ សណ្ឋាគារ​មួយ​ចំនួន និង​កន្លែង​កំ​ម្សា​ន្ត​ជាដើម ។ ចំណែក​តំបន់​តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ជិតខាង​វិញ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើក​ផ្នែក​ពាណិជ្ជកម្ម​ព្រោះ ថា​នៅ​តាម​តំបន់​ព្រំដែន​បាន​ក្លាយជា​ព្រំដែន​សន្តិភាព មិ​ត្តិ​ភាព សហប្រតិបត្តិការ អភិវឌ្ឍន៍​រួច​ហើយ ។

ចំពោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម​មាន​ចំនួន​ប្រហាក់ប្រហែល​៥​ពាន់​លាន​ដុល្លារ ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-​ថៃ ប្រហែលជា​ជិត​៧​ពាន់​លាន​ដុល្លារ និង​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ មួយ​ចំនួន​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​«​យើង​កំពុង​ច​ចារ​ជាមួយ​វៀតណាម ឡាវ និង​ថៃ ដើម្បី​ឲ្យ​បើក​ច្រក​ថ្មី​ៗ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ជាប់​ព្រំដែន​ផង​ដែរ​» ៕