ធ្វើលើកនេះទៀត អត់អាចអត់អោនទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនម្នាក់បានឆបោកម៉ូតូអ្នករួមការងារយកទៅបញ្ចាំបានលុយលេងល្បែងអស់ តែម្ចាស់ម៉ូតូក៏មិនថាមិនស្តី និងចំណាយលុយខ្លួនឯងទៅលោះមកវិញ ។ ដោយញ៉ាមលើកទី១គេមិនថាអី បានចិត្តក៏បោកគេលើកទី២ទៀត ដោយប្រើល្បិចក្នុងរូបភាពខ្ចីម៉ូតូជិះទៅមើលរថយន្តគេ កាលពីរសៀលថ្ងៃទី២៩ មីនា ហើយក៏យកទៅបញ្ចាំបាត់ទៀត ។ លុះមកដល់វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ពេលវិលមកយានដ្ឋាននៅផ្លូវលេខ២០០៤ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ម្ចាស់ម៉ូតូក៏បានប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្តង ដោយសារទ្រាំលែងបានទៀត ។ ជនឆបោកនេះឈ្មោះ យ៉េន ថា អាយុ៣៦ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ ទិត ជួន អាយុ២០ឆ្នាំជាជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅយានដ្ឋានខាងលើ និងមានទីលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិតាភេមសង្កាត់កំបូល ខណ្ឌកំបូល ។ រីឯម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាកហុងដាសេ១២៥សេ៊រីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FH-៥១២៦ ។តាមម្ចាស់ម៉ូតូនិយាយថា ដូចជាជ្រុលពេកហើយ ជាអ្នករួមការងារជាមួយគ្នាក្នុងយានដ្ឋាន កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ ជននេះខ្ចីម៉ូតូជិះបែរជាយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ យកលុយ៥០០ដុល្លារលេងល្បែងអស់ មកវិញឲ្យលុយ ១៥០ដុល្លារឱ្យទៅលោះម្តេចគ្រាន់ មានតែបន្ថែមលុយបង្គ្រប់ខ្លួនឯង លោះយកម៉ូតូមកប្រើប្រាស់វិញ ។

ស្រាប់តែមកដល់រសៀលថ្ងៃទី២៩ ខែមីនា ជននេះខ្ចីម៉ូតូម្តងទៀតដោយប្រាប់ថា ទៅមើលរថយន្តឲ្យគេ បែរជាយកទៅបញ្ចាំនៅម្តុំផ្សារជម្ពូវ័ន បានលុយយកទៅលេងល្បែង លុះមកដល់ល្ងាចថ្ងៃទី៣០ ខែមីនា មកយានដ្ឋានវិញ ខ្លួនក៏ប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង ។ ជនសង្ស័យសារភាពថា ខ្លួនពិតជាយកម៉ូតូរបស់អ្នករួមការងារទៅបញ្ចាំបានលុយ៥០០ដុល្លារ តែចាញ់ល្បែងបញ្ជល់មាន់អស់ហើយ ។ តាមហាងបញ្ចាំស្រួលទេ ឲ្យតែជិះទៅដល់ទទួលយកទាំងអស់ ថ្លៃថោកមិនដឹង ទៅតាមសេ៊រី ភិនភាគ មិនបាច់ឯកសារអ្វីទេងាយបំផុត ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅប៉ុស្តិ៍ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ តាមការសារភាពរបស់ជនឆបោករូបនេះបង្ហាញថា របរបញ្ចាំម៉ូតូ រថយន្ត បច្ចុប្បន្នដូចជាងាយណាស់ គ្មានឯកសារសម្គាល់យានយន្ត ក៏ហាងទទួលយកដែរ សំខាន់ជិះឲ្យទៅដល់ចង់ប្លន់ លួច ពីណាមកក៏មិនខ្វល់ ទទួលយកទាំងអស់ ទោះជាកន្លងមក មានការរឹតបន្តឹងលើច្បាប់អាជីវកម្ម ហាងបញ្ចាំយ៉ាងណាក្តី ។ ហេតុនេះ សូមសមត្ថកិច្ច អាជ្ញាធរចុះពិនិត្យឱ្យបានម៉ត់ចត់កុំឲ្យតែល្អមើល របៀបកៀងត្រីបញ្ចូលទ្រូនោះឡើយ៕
ចែករំលែកព័តមាននេះ