រាជធានីភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនមិនឈប់ស្តុបទៅបុករថយន្តស៊ីទែនប្រេងក្រុមហ៊ុនសាវីម៉ិចពេញទំហឹង បណ្តាលអោយរថយន្តស៊ីទែនដឹកប្រេងក្រឡាប់ក្បែរចិញើមផ្លូវ និងហូរប្រេងអស់ទាំងព្រឹក ។ ទោះបីជាយ៉ាងណា ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះចាត់ទុកថាជាសំណាងហើយដែលពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្តុបផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៨០០ ក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមនគរបាលមូលដ្ឋានបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តដឹកដី ធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សប្រផេះលាយខ្មៅ គ្មានស្លាកលេខ ជារបស់ក្រុមហ៊ុនលីគីមហេង បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តស៊ីទែនដឹកប្រេងម៉ាកមីតស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខ ៣A-៤៣០៧ ជារថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសាវីម៉ិច បើកបរដោយឈ្មោះ អៀន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តដឹកដឹកធុនធំមួយគ្រឿង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង ដោយបើកបរក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ស្តុបភ្លើងក្រហម រថយន្តនោះពុំបានឈប់នោះទេ ក៍បានបើកឆ្លងស្តុបទៅបុករថយន្តស៊ីទែនដឹកប្រេង ដែលធ្វើដំណើរតាមផ្លូវលេខ១៨០០ ក្នុងទិសដៅពីកើតទៅលិចយ៉ាងពេញទំហឹងតែម្តង។
តាមប្រភពពីសាក្សីបានអោយដឹងបន្តថា រថយន្តដឹកដីបានបុកចំកណ្តាលរថយន្តស៊ីទែនដឹកប្រេងពេញទំហឹង បណ្តាលអោយរថយន្តដឹកប្រេងក្រឡាប់ក្បែរចិញ្ចើមផ្លូវធ្វើឱ្យហូរប្រេងពេញផ្លូវ និងចូលលូ ចំណែករថយន្តដឹកដីរងការខូចខាតខ្ទេចមុខ ។
តាមប្រភពពីសាក្សីបានអោយដឹងបន្តទៀតថា បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តដឹកដី បានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ និងនគរបាលមូលដ្ឋានក៍បានចុះទៅសម្រួលចរាចរណ៍ និងទាក់ទងហៅរថយន្តមកស្ទួចយករថយន្តទាំង២គ្រឿងខាងលើបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ