ធ្លាក់ភ្លៀងកក់ខែ…ផ្ទះអ្នកភូមិខ្លះបានបំផ្លាញខ្ទេច
- បាត់ដំបង
ខេត្តបាត់ដំបង ៖ យោងតាមប្រភពនានាបានឱ្យដឹងថា ភ្លៀងកក់ខែដែលលាយឡំនឹងខ្យល់កន្ត្រាក់ផង បានប៉ះទង្កិចតាមបណ្ដាស្រុកជាច្រើននៅក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០១ មេសា ដែលធ្វើឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅកន្លែងខ្លះ បានរងការខូចខាត ។

បើតាមរបាយការណ៍បឋមដំបូងដែលកោះសន្តិភាពទទូលបាននៅព្រឹកនេះពីសមត្ថកិច្ចបានឲ្យដឹងថា ភ្លៀងនិងខ្យល់កន្ត្រាក់បានប៉ះទង្កិចទៅលើភូមិចំនួន២ នៅឃុំបួរ ស្រុកភ្នំព្រឹក បណ្ដាលឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋផងដែរ តែគេនូវមិនទាន់មានរបាយការណ៍ជាក់លាក់ស្ដីពីការខូចខាតនៅឡើយទេ ។ បើតាមលោកកើត ចិន្តា មេឃុំបួរបានប្រាប់ថា ពិតជាមានលំនៅឋានខូចខាតខ្លះមែន តែលោកមិនទាន់មានតួលេខពិតប្រាកដទេ ព្រោះពេលនេះ មន្ត្រីរបស់លោកកំពុងចុះស្រាវជ្រាវនៅឡើយ ។

ដោយឡែក នៅឯស្រុកបវេលវិញ បើតាមរបាយការណ៍ដដែលបានឲ្យដឹងថា ក្នុងពេលតែមួយខ្យល់កន្ត្រាក់បានវាយប្រហារបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិបឹងសង្កែ និងភូមិបឹងពពូល ឃុំអំពិលប្រាំដើម បណ្ដាលឲ្យខូចខាតអស់ចំនួន២៥ខ្នង ក្នុងនោះ មាន១ខ្នងរលំទាំងស្រុង ក្រៅពីនេះរបើកដំបូល តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។

បើតាមមន្ត្រីជំនាញបានអះអាងថា ភ្លៀងនិងខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០១ មេសា បានគ្របដណ្ដប់ស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តបាត់ដំបង តែកន្លែងខ្លះប៉ះតិចតួច និងកន្លែងខ្លះគ្មានភ្លៀង តែត្រូវប្រឈមនឹងខ្យល់កន្ត្រាក់ដ៏សាហាវនេះ ។ ទោះយ៉ាងណា ពេលនេះអាជ្ញាធរនៅតាមមូលដ្ឋានកំពុងចុះពិនិត្យហើយ ។

ចែករំលែកព័តមាននេះ