ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២ មេ​សា​នេះ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត ដែល​បាន​សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ជាង​២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តកំពត​នេះ​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ កាលពី​ខែសីហា ឆ្នាំ​២០១៨ ។ តាម​រយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​នឹង​ជួយ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​សរុប ប្រមាណ​១៣,២៦០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ គឺ​ស្មើនឹង​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពី​មុន ។

វត្តមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ថ្មី​នេះ​រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង​១៧៦.៩​គីឡូម៉ែត្រ​ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្អាត ដែល​មានគុណ​ភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដោយ​គិត​ជា​ថ្លៃ​មធ្យម​១៤០០​រៀល​/​ម៉ែត្រគូប ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ជាង​១៣,០០០​គ្រួសារ ។

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នេះ​ក៏​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត​សម្រេច​បាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា «​ត្រូវ​ពង្រីក​វិសាលភាព​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីក្រុង​ទីប្រជុំជន​ឱ្យ​បាន​៩០% ត្រឹម​ឆ្នាំ​២០២៣ និង​១០០% ត្រឹម​ឆ្នាំ​២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​ក៏​ដូច​ជា សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា​» ៕