ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​សិទ្ធិ​អាជីវកម្ម​បាន​២​ថ្ងៃ ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េ​ង ត្រូវ​បាន​អនុញ្ញាត​បន្ត​ប្រតិបត្តិការ​តាម​ផ្លូវដែក​ភាគ​ខាងត្បូង​វិញ ខណៈ​វិស័យ​ឯកជន​ចង់​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ត្រឹម​រយៈពេល ២ ថ្ងៃក្រោយ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​បញ្ចប់​សិទ្ធ​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ រេ​វ៉េ (Royal Railway) របស់​អ្នកឧកញ៉ា គិត ម៉េ​ង ក្នុង​ប្រតិបត្តិការ​ផ្លូវដែក​នៅ​កម្ពុជា ដោយ​ប្រគល់​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​គ្រប់គ្រង​បណ្តោះអាសន្ន ស្រាប់តែ​នៅ​ថ្ងៃ​ទី ៣១ ខែមីនា ម្សិលមិញ​នេះ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​បាន​ចេញ​សេចក្តីជូនដំណឹង អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បន្ត​ប្រតិបត្តិការ​តាម​ផ្លូវដែក​ភាគ​ខាងត្បូង​ដដែល​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ចុះ​ថ្ងៃ​ទី ៣១ ខែមីនា បាន​បញ្ជាក់​ថា យោង​តាម​លទ្ធផល​នៃ​វេទិកា​រាជរដ្ឋាភិបាល​កម្ពុជា​-​ផ្នែក​ឯកជន កាលពី​ថ្ងៃ​ទី ២៩ ខែមីនា ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នោះ ក្រសួង​បាន​បញ្ជាក់​ជូន​សាធារណជន​ក៏​ដូច​ជា​ខាង​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េ​ង ថា «​ដោយ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គតិយុត្តិ និង​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ដំណើ​ការ​ផ្លូវដែក ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វ៉េ បន្ត​ប្រតិបត្តិការ​ដឹក​ជ​ញ្ជួ​ន​ទំនិញ និង​អ្នកដំណើរ តាម​ផ្លូវដែក​ភាគ​ខាងត្បូង​ដដែល​» ។

«​ទន្ទឹម​នឹង​នេះ ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ដែល​មាន​សមត្ថភាព គ្រប់គ្រាន់ ក្នុង​នោះ​ក៏​អាច​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វ៉េ ដើម្បី​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​ឲ្យ​សម​ស្រប​ទៅ​នឹង​តំរូវការ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន ក្រុមហ៊ុននាំចេញ​និង​នាំ​ចូល ពាណិជ្ជករ កសិករ និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​ធ្វើ​ឲ្យ​មាន​ភាព​ជឿជាក់ មាន​សុវត្ថិភាព និង​មាន​តម្លៃ​សមរម្យ ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ផ្លូវដែក​កម្ពុជា​ក្លាយជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​ពិតប្រាកដ ក្នុង​ការ​បង្កើត​ជា​កាលានុវត្តភាព​ថ្មី​ៗ​សម្រាប់​ប្រជាជាតិ​ខ្មែរ​» ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន ។
សូម​បញ្ជាក់​ថា​ក្រសួង​សាធារណការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អ្នកឧកញ៉ា គិត ម៉េ​ង បន្ត​ប្រតិបត្តិការ​តាម​ផ្លូវដែក​ភាគ​ខាងត្បូង (​ភ្នំពេញ​-​ព្រះ​សី​ហុ​ន​) ឡើង​វិញ ដូច្នេះ​សម្រាប់​ភាគ​ខាងជើង​ពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ គឺ​ត្រូវ​បាន​បញ្ចប់​អាជីវកម្ម​តែ​ម្តង ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី ២៩​មីនា ឆ្នាំ ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ប្រគល់​សិទ្ធ​គ្រប់គ្រង​បណ្តោះអាសន្ន​ទៅ​ក្រសួង​សាធារណការ ដើម្បី​រៀបចំ​ជំរុញ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ក្នុង​ល្បឿន​លឿន​មួយ​ឡើង​វិញ បើ​ទោះ​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ដល់​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​។

ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​លើក​ទី​១៨ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា​« ខ្ញុំ​ស្នើរ​ឱ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​រៀបចំ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក តាំងពី​ប៉ោយ​ប៉ែ​ត រហូត​ដល់​កំពង់​ផែ​ក្រុង ព្រះ​សីហ​នុ​ឱ្យ​បាន​រលូន ដោយ​មិន​តម្រូវ​ឱ្យ​មានការ​ផ្ទេរ​ទុក​ទំនិញ​នៅ​ភ្នំពេញ​និង​សូម​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​នឹង​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​វិនិយោគ​បន្ថែម​លើ​ឃ្លាំង​ស្រូវ តាម​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​កំពង់ស្ពឺ ឱ្យទៅ​ជា​ឃ្លាំង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ជំរុញ​ការ​នាំ​ចេញ អាច​ឱ្យ​រថភ្លើង​ចេញ​-​ចូល​ដល់​ឃ្លាំង​»​។

សម្តេច​ក៏​បាន​បញ្ជាក់​នា​ពេល​នោះ​ថា «​ស្ថិត​ក្នុង​អន្តរកាល​នេះ ត្រូវ​រៀបចំ​ជា​បន្ទាន់ នូវ​ការ​ដឹក​ជញ្ជូន​ផ្លូវដែក​ទាំង​ពីរ​ទិស អីចឹង​ឯកឧត្តម អូន ពន្ធ​មុន្ន​រ័​ត្ន​ថវិកាបម្រុង​របស់​រាជរដ្ឋាភិបាល​ត្រូវ​បញ្ជូន​ចេញ​ភ្លាម បន្ថែម​លើ​អ្វី​ដែល​មាន​កុំឱ្យ​ក្បាលរថភ្លើង​រត់​នូវ​ទ្រុយ​ៗ​បែប​នេះ​ទៀត​។ បើ​ទោះបី​ត្រូវ​ចេញ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក៏​ដោយ​ត្រូវ​តែ​ចេញ ព្រោះ​ថវិកា​យើង​មាន​មក​ដល់​ម៉ោង​នេះ​មាន​ប្រមាណ​៣.០០០​លាន​ដុល្លារ​អា​មេ​រិ​ក លុយ​បម្រុង​អន្តរជាតិ​ប្រមាណ​១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដក​យក​រៀ​ចំ​ឱ្យ​បាន​លឿន​»​។ សម្តេច​ក៏​បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រៀបចំ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក និង​ការ​រៀ​ចំ​ឃ្លាំង​នៅ​តាម​តំបន់​នីមួយ​ៗ សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​ស្នើ​សុំ​ទូរ​រថភ្លើង​ពី​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា​ដើម្បី​ឱ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ​ចាប់ផ្តើម​ដំណើរការ​បាន​ក្នុង​ល្បឿន​មួយ​លឿន ។

បើ​តាម លោក កាន់ គ​ន្ធី អគ្គនាយករង នៃ​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍​លើក​ឡើង​ថា «​យើង​ត្រូវការ​ការ​វិនិយោគ​បន្ថែម​លើ​ក្បាលរថភ្លើង​ថ្មី ព្រោះ​ក្បាលរថភ្លើង​ចាស់​វា​តែងតែ​ខូច​ធ្វើ​ឱ្យ​ខកពេល ដោយសារ​មិន​មាន​ខ្សែ​រថភ្លើង​គ្រប់គ្រាន់​»​។ លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក និង​តាម​ផ្លូវ​នេះ វា​ធ្វើ​ឱ្យ​ប្រសើរ​ដល់​ថ្លៃដើម​នៃ​ការ​ដឹក​ជញ្ជូន ។ ជាក់ស្តែង​នៅ​តាម​ប្រទេស​ជឿនលឿន ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​មាន​ច្រើន​និង​មាន​សក្តានុពល​ក្នុង​ការ​បម្រើ​ដល់​វិស័យ​ដឹក​ជញ្ជូន​ឱ្យ​បាន​ច្រើន​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​។ លោក​ឧកញ៉ា​បន្ត​ថា « បើសិន​យើង​អាច​ប្រើប្រាស់​សក្តានុពល​ផ្លូវដែក​បាន​ទាន់​ពេលវេលា​ហើយ​អាច​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​ដែល​យើង​ចង់បាន នោះ​វា​នឹង​ធ្វើ​តម្លៃ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ប្រកួតប្រជែង​បាន​កាន់តែ​ប្រសើរ​។​ជា​រួម​បើ​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ជា​រឿង​ល្អ​មែនទែន​»​។

បើ​តាម​អនុប្រធាន​សហព័ន្ធ ការ​ធ្វើ​ទំនើប​កម្ម​ផ្លូវដែក ទាល់តែ​ផ្លូវដែក​ដឹក​បាន​ទំនិញ​ច្រើន ដឹក​បាន​លឿន និ​ងា​មាន​ស្ថានីយ៍​លើកដាក់​ទំនិញ​នៅ​ក្បែ​ផ្លូវដែក ទើប​អាច​ទាក់ទាញ​ក្រុម​អ្នក​ផលិត​និង​ចង់​ប្រើ​ផ្លូវដែក​ងាក​មក​ប្រើប្រាស់​បាន​។​តែ​ចំពោះ​មុខ​នេះ​ផ្លូវដែក​កម្ពុជា​មិន​ទាន់​បាន​ធ្វើ​ទំនើប​កម្ម​នៅឡើយ​នោះ​ទេ ផ្លូវដែក​កម្ពុជា​ធ្វើការ​កែសម្រួល​លក្ខណៈ​ធម្មតា​។​មាន​ន័យ​ថា​វា​នូវ​ជា​ឧ​ប​ស័គ្គ ព្រោះ​ថ្លៃ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ល្បឿន​នៅ​យឺត​នៅឡើយ​។ លោក​ឧក​ញ្ញ៉ា មាន​ប្រសាសន៍​ថា «​ទាល់តែ​ធ្វើ​ទំនើប​កម្ម កែសម្រួល​ឱ្យ​ផ្លូវដែក​ប្រទេស​គេ ទើប​យើង​អាច​ទាក់ទាញ​អ្នក​ដែល​ចង់​ប្រើប្រាស់​ផ្លូវដែក​គេ​ងាក​មក​ប្រើ​ផ្លូវដែក​សម្រាប់​ការ​ដឹក​ជញ្ជូន​វិញ​។​ដល់​ពេល​នោះ​ថ្លៃដើម​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ធ្លាក់​ទាប និង​អាច​ប្រកួតប្រជែង​បាន​»​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី ២៧ ខែមីនា កន្លង​ទៅ​ក៏​បាន​ជំនួប​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ លើ​ការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា ជាមួយ​លោក Wang Wenzhong អនុប្រធាន​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែក​ចិន China Railway Construction Corporation – CRCC) នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ដែល​ក្រុមហ៊ុន​នេះ​ជា​សហគ្រាស​សាធារណៈ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​សហគ្រាស​សាធារណៈ​ជាង​១០​ធំ​ៗ របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។

កិច្ចប្រជុំ​នា​ពេល​នោះ បាន​ផ្តោត​ជា​សំខាន់​លើ​ការ​សិក្សា​ដកស្រង់​បទ​ពិសោធន៍ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន CRCC លើ​គម្រោង​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក នៅ​កម្ពុជា​។
លោក ស៊ុន ចាន់​ថុ​ល នា​កិច្ចប្រជុំ​នោះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន CRCC ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​គម្រោង​អភិវឌ្ឍ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជា​ពិសេស​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ៗ​ដូច​ជា​៖ ស្រូវ​អង្ករ ប្រេងឥន្ធនៈ សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ សំដៅ​កាត់​បន្ថយ​ចំណាយ​ឡូ​ជី​ស្ទីក កាត់​បន្ថយ​ពេលវេលា​ដឹក​ជញ្ជូន គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍ នៅ​តាម​ដងផ្លូវ ជាដើម​។

ជា​ការ​ឆ្លើយ​តប លោក Wang Vengzhong បាន​ប្តេជ្ញា​យ៉ាង​មុតមាំ​ថា​នឹង​ចូលរួម​សហការ​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដោយ​ស្មារតី យកចិត្តទុកដាក់​ខ្ពស់​ជា​អាទិភាព ៕