ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ជម្រុញ​បញ្ចប់​ការ​ចរចា​ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​TPP ក៏​ដូច ជា RCEP ខណៈ EBA ស្ថិត​នៅ​មាត់ជ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​លើ​ទំនិញ​គ្រប់មុខ​ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​លើកលែង​សព្វាវុធ (EBA) ហាក់​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ខ្នះខ្នែង​មួយ​ជំហាន​ទៀត ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជ កម្ម​អន្តរទ្វីប (Trans-Pacific Partnership-TPP)…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​លើ​ទំនិញ​គ្រប់មុខ​ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​លើកលែង​សព្វាវុធ (EBA) ហាក់​កំពុង​ស្ថិត​នៅ​មាត់ជ្រោះ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ខ្នះខ្នែង​មួយ​ជំហាន​ទៀត ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជ កម្ម​អន្តរទ្វីប (Trans-Pacific Partnership-TPP) ដែល​បច្ចុប្បន្ន​នេះ TPP មាន​សមាជិក​ចំនួន​១២​ប្រទេស ក្នុង​នោះ​មាន​វៀតណាម​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល​និង​វិស័យ​ឯកជន រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ២៩ ខែមីនា កន្លង​ទៅ បាន​ជំរុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការ​ច​ចារកិច្ច​ព្រមព្រៀង TPP អោយ​បាន​លឿន ដើម្បី​រក្សា​បាន​នូវ​ស្ថេ​រ​ភាព​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​សាកល រាជរដ្ឋាភិបាល​កម្ពុជា ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម បាន​ប្រាប់​កោះសន្តិភាព​នា​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០១៩ ដោយ​បកស្រាយ​បញ្ជាក់​ថា​កម្ពុជា​កំពុង​ជម្រុញ​យ៉ាង​ខ្លាំងក្លា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ​ថ្មី​ៗ​ចំនួន ២ នោះ​គឺ (១)- កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​អន្តរទ្វីប (TPP) និង (២) -​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក​ធំ​មួយ ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំង​១៦ នោះ​គឺ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (Regional Comprehensive Economic Partnership) ហៅ​កាត់ RCEP នេះ​ថា វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ដែល​ត្រូវ​ជំរុញ​ការ​ចរចារ​អោយ​បាន​លឿន​បំផុត ពីព្រោះ​វា​ជា​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​មិន​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​នូវ​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជូន​មក​កម្ពុជា​នោះ​ទេ ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ពន្យល់​បញ្ជាក់​ថា « TPP វា​ខុស​ពី EBA ។ EBA គឺជា​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ផ្ដល់​ជូន​យើង​។ TPP គឺជា​កិច្ច​ច​ចារ​ទ្វេរ​ភាគី​រវាង​កម្ពុជា និង TPP ដោយឡែក EBA វា​គ្រាន់តែ​ជា​ឯកតោភាគី ដែល​អឺរ៉ុប​ផ្ដល់​ជូន​និង​ចង់​ដក​ពេល​ណា​ក៏​បាន »​។ លោក​បន្ត​ថា ​«​កិច្ចព្រមព្រៀង TPP​ត្រូវ ការ​ចរចារ​ជា​ច្រើន​ដំណាក់កាល​ណាស់ ទំ​រាំ ទទួល​បាន​ជោគជ័យ ហើយ​បើសិនជា​យើង​ទទួល​បាន​ជោគជ័យ គឺ​កម្ពុជា​អាច​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​ជា​សមាជិក TPP ដោយ​មិន​ភ័យ​ព្រួយ​ពី​ការ​បាត់បង់​ឡើយ ដូច្នេះ​វា​ជា​ប្រយោជន៍​ដ៏​ធំ​សម្រាប់​កម្ពុជា ដើម្បី​ចាប់ផ្ដើម​និង​ជំរុញ​អោយ​មានការ​ចរចារ​កាន់តែ​ឆាប់​បំផុត សម្រាប់ RCEP វិញ​ក៏​ដូច​គ្នា​នេះ​ដែរ​» ។

លោក ស៊ា​ង ថៃ បញ្ជាក់​ថា​ពាក់ព័ន្ធ​នឹង RCEP កម្ពុជា​ក៏​បាន​ធ្វើ​ច្រើន​មក​ហើយ ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ ក្នុង​នោះ កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ កម្ពុជា​ក៏​បាន​រៀបចំ​កិច្ចប្រជុំ RCEP នៅ​សៀមរាប ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ អោយ​សម្រេច​បាន​ឆាប់​បំផុត​ផង​ដែរ ។ លោក​បន្ថែម​ថា តាម​ពិត សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​អោយ​កិច្ចចរចារ RCEP​នេះ បញ្ចប់​នៅ​ឆ្នាំ ២០១៨ ក៏​ប៉ុន្តែ​មិន​ទាន់​សម្រេច ដូច្នេះ​ហើយ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​ជា​ថ្មី​ថា អោយ​កិច្ចចរចារ​នេះ សម្រេច​ក្នុង​ឆ្នាំ ២០១៩ អោយ​បាន ដោយ​រដ្ឋាភិបាល​បាន​ចាត់​មន្ត្រី​សម្រាប់​ធ្វើ​កិច្ចការ​នេះ​ផង​ដែរ ។ លោក​ថា​៖«​យើង​នៅ​មាន​ប្រទេស​មួយ​ចំនួន​ដែល​មិន​ទាន់​ទទួលយក​នូវ​សំណើរ​របស់​យើង តែ​យើង​នឹង​ព្យាយាម​ពន្យល់​គេ​អោយ​បាន​ក្បោះក្បាយ ដើម្បី​អោយ​យើង​ក្លាយជា​សមាជិក​របស់ RCEP » ។

លោក​បញ្ជាក់​ថា «​បើសិនជា​យើង​បាន​ទាំង TPP និង RCEP យើង​នឹង​លែង​បារម្ភ​ពី EBA តែ​មិនមែន​យើង​បោះបង់​វា​ចោល​ទេ យើង​នឹង​នៅ​តែ​ទទួល​ដោយ​ក្តី​រីករាយ ដើម្បី​បង្កើន​ទំហំ​ពាណិជ​កម្ម​និង​ទីផ្សារ​របស់​យើង​ទៅ​កាន់​ពិភពលោក​កាន់តែ​ទូលំទូលាយ​» ។
បើ​តាម លោក តាន់ មុន្នី​វណ្ណ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​នាម​ជា​វិស័យ​ឯកជន លោក​ស្វាគមន៍​ជា​និច្ច​នូវ​កំណែទម្រង់​របស់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​កន្លង​មក រដ្ឋាភិបាល​បាន​ជួយ​យើង​ច្រើន​ណាស់​ដើម្បី​បង្កើន​ទីផ្សារ​នៅ​សាកលលោក ។ លោក​បន្ត​ថា «​វា​ដល់​ពេល​ដែល​កម្ពុជា​ត្រូវ​ឈរ​ដោយ​ខ្លួនឯង និង​លែង​ពឹង​លើ​គេ​ទៀត​ហើយ ។ បើសិនជា​យើង​នៅ​តែ​ពឹង​លើ​គេ ហើយ​គេ​ចង់​ជួយ​ក៏​ជួយ មិន​ជួយ​ក៏​តាម​គេ​នោះ ប្រហែលជា​សេដ្ឋកិច្ច​កម្ពុជា មិន​អាច​លូតលាស់​មាន​លំនឹង​បាន​នោះ​ទេ​» ។ លោក​ថា «​ពេល​ដំបូង​វា​លំបាក​បន្តិច​ហើយ តែ​នៅ​ពេល​បន្ទាប់​យើង​នឹង​អាច​ឈរ​ដោយ​ខ្លួនឯង​បាន និង​លែង​ត្រូវការ​គេ​អោយ​ជួយ​ទៀត​ហើយ » ។

សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង TPP នេះ ត្រូវ​បាន​ជាប់​គាំ​ដោយ​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញ បន្ទាប់​ពី​ដូ​ណា​ល់​ត្រាំ ចាកចេញ ក៏​ប៉ុន្តែ​វា​បាន​បន្ត​ក្នុង​ដំណើរ​មួយ​។ កម្ពុជា កាល​មុន​នេះ​មានការ​ថ្នាំងថ្នាក់ ដោយ​គេ​ទាញ​តែ​អាស៊ាន​ប៉ុន្មាន​ប្រទេស​ចូលរួម ប៉ុន្តែ​ឥឡូវនេះ​កម្ពុជា និង​ដៃគូ​ដទៃ​ទៀត ក៏​ហាក់ដូចជា​មាន​គោល​ជំហរ​រួម​គ្នា​មួយ​ថា​យើង​នឹង​ចូលរួម នៅ​ពេល​អាស៊ាន​ចូលរួម​ទាំងអស់​តែ​ម្តង ដើម្បី​កុំ​ឲ្យ​មានការ​បែងចែក​។ សម្តេច​តេ​ជោ​បាន​ថ្លែង​បញ្ជាក់​ថា​កម្ពុជា​មិន​ត្រូវ​រស់​ដោយ​ពឹង​តែ​លើ​ទីផ្សារ​ធំ​ៗ​ពីរ ឬ​បី នោះ​ទេ ដូច្នេះ​ការ​ពង្រីក​ទីផ្សារ​អន្តរជាតិ តាម​រយៈ​ការ​ចូល​រូ​ម​ជាមួយ TPP គឺជា​ចាំបាច់​មួយ ។ ទោះបី​នា​ពេល​កន្លង​មក ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​លក់ទំនិញ​មាន​វឌ្ឍន​ភាពល្អ ដោយ​កម្ពុជា​ចាប់ផ្តើម​នាំ​ចេញ​ទៅ​ទីផ្សា​ថ្មី​ៗ ក្រៅពី​សហរដ្ឋអាមេរិក និង អឺរ៉ុប កិច្ចការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ នៅ​មាន​លទ្ធភាព​ជំរុញ​ច្រើន​ទៀត​។

នា​ឱកាស​នោះ សម្តេច​តេ​ជោ បាន​ស្នើ​ឱ្យ​ក្រសួងពាណិជ្ជកម្ម ខិតខំ​ជំរុញ​នូវ​ការងារ​ចរចា​កិច្ចព្រមព្រៀង សេរី​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយ​ប្រ​ទស​កា​ណា​ដា​, អង់គ្លេស​, ចិន​, ជប៉ុន​, កូរ៉េ និង​បញ្ហា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីបអាហ្វ្រិក​។ សម្រាប់​កិច្ចព្រមព្រៀង​ពហុភាគី កម្ពុជា​ត្រូវ​តែ​បន្ត​ជំរុញ​ការ​ចរចា RCEP និង​សហភាព​អឺ​រ៉ា​ស៊ី ឱ្យ​បាន​លឿន​។ បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដឹកនាំ​សិក្សា​រៀបចំ​ដាក់​ចេញ​នូវ​យន្តការ​ពិសេស ដើម្បី​ទាក់ទាញ​ការ​វិនិយោគ តាម​រយៈ​ជា​អាទិ៍​៖ (១)៖ ការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តាម​ជាយ​ដែន​, (២)៖ កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង ការ​រៀបចំ​លក់​អគ្គិសនី តាម​ថៃ្ល​ទាប​ជាង​ធម្មតា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងនោះ​, (៣)៖ ការ​កំណត់ នូវ​វិស័យ​ឧស្សាហកម្ម​ដែល​ត្រូវ​ទាក់ទាញ និង​ការ​រៀបចំ​ឡើង​វិញ នូវ​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ទាំងនោះ​, (៤)៖ ការ​រៀបចំ​បង្កើន​ការ​សម្រួល​ពាណិជ្ជកម្ម និង សម្រួល​ផ្នែក​ឡូ​ជី​ស្ទីក​នៅ​តាម​ជាយ​ដែន ឬ តំបន់​សេដ្ឋកិច្ច​ពិសេស​។
]

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង TPP ជា​កិច្ចព្រមព្រៀង​មួយ​បង្កើត​ឡើង​ដើម្បី​គាំពារ​ផ្នែក​ពាណិជ្ជកម្ម លើ​ប្រទេស​ជា​សមាជិក ដោយ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​។ កិច្ចព្រមព្រៀង TPP មាន​សមាជិក​ចំនួន​១២​ប្រទេស រួម​មាន អូស្ដ្រាលី ព្រុយ​ណេ កា​ណា​ដា ឈី​លី អា​មេ​រិ​ក ជប៉ុន ម៉ា​ឡេ​ស៊ី ម៉ិចស៊ីកូ ណូ​វែ​ល​សេ​ឡង់ ប៉េ​រ៉ូ សិង្ហ​បុរី និង​វៀតណាម ។ តែ​បច្ចុប្បន្ន​នេះ គឺ​សល់​តែ ១១ ប្រទេស បន្ទាប់​ពី​អា​មេ​រិ​ក​សម្រេច​ចាក​ចេញពី TPP នេះ កាលពី​ខែ មក​រា ឆ្នាំ ២០១៧ ។

យ៉ាងណាមិញ ភាព​មិន​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​រឿង EBA នោះ សម្តេច​តេ​ជោ ធ្លាប់​បញ្ជាក់​ប្រាប់​សាធារណៈជន ក៏​ដូច​ជា​ពិភពលោក ជា​ច្រើន​ដង​ថា វា​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​បើ​នៅ​តែ​ទទួល​បាន EBA សម្រាប់​ទីផ្សារ​អឺរ៉ុប ក៏​ប៉ុន្តែ​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បញ្ជាក់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​គង់តែ​នឹង​ដល់ទី​បញ្ចប់​សម្រាប់​កម្ពុ​ជានា​ថ្ងៃ​ណាមួយ ដូច​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ក៏​ប៉ុន្តែ​កម្ពុជា មិន​អាច​ដោះ​ដូរ​អធិបតេយ្យភាព​របស់​ខ្លួន ដើម្បី​ទទួល​បាន EBA នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ