ហូជីមិញ៖ យោងតាមសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នេះថា នាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មប្រចាំទីក្រុងហូជីមិញបានឲ្យដឹងថា រដ្ឋាភិបាលកំពុងតែពិចារណាលើសំណើររបស់ក្រុមហ៊ុនដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដឹកជញ្ជូន និងធ្វើឲ្យទីក្រុងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់វៀតណាមខាងត្បូង ។
លោក Nguyen Ngoc Hoa ដែលជាអនុប្រធាននាយកដ្ឋានខាងលើបាននិយាយថា គម្រោងនេះមានគោលដៅអភិវឌ្ឍន៍ទីក្រុងទៅជាកំពង់ផែចម្លងបន្តដែលមានកំពង់ផែតភ្ជាប់ជាមួយនឹងកំពង់ផែអន្តរជាតិ Cai Mep Thi Vai និងសាងសង់បណ្តាញដេប៉ូកុងតឺន័រលើគោកផងដែរដើម្បីកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន ។
នាយកដ្ឋាននេះក៏នឹងមានសន្និសីទមួយដើម្បីពិភាក្សាពីគោលនយោបាយ វិធានការ និងមូលនិធិដើម្បីសុំការអនុញ្ញាតនៅខែតុលាខាងមុខ ។

ទីក្រុងហូជីមិញមានគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលដឹកជញ្ជូនចំនួនបីដែលមួយសម្រាប់ប៉ែកខាងត្បូង មួយសម្រាប់ខាងជើង និងមួយទៀតសម្រាប់វិស័យអាកាសចរណ៍ ។ ទីក្រុងនេះក៏មានគោលដៅទទួលបានការលូតលាស់ប្រចាំឆ្នាំប្រមាណ ២៥%សម្រាប់វិស័យដឹកជញ្ជូន និងឲ្យវាស្មើប្រមាណ ១០%នៃសេដ្ឋកិច្ចរបស់ប្រទេសផងដេរ ។
គម្រោងនេះជាផ្នែកមួយនៃការខិតខំរបស់ទីក្រុងក្នុងការជំរុញដល់ការលូតលាស់ផ្នែកសង្គមនិងសេដ្ឋកិច្ច។ ការខិតខំដទៃទៀតរួមមានការពន្លឿនគម្រោង ការធ្វើឯកជនភាវូបនីយកម្មអាជីវកម្មរដ្ឋ និងការជំរុញដល់ការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតផងដែរ ។

ទីក្រុងហូជីមិញបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយវាជាតំបន់ដែលមានសារៈសំខាន់ជាងគេក្នុងតំបន់សេដ្ឋកិច្ចខាងត្បូងដែរ ។ យោងទៅតាមសមាគមន៍កំពង់ផែសមុទ្ររបស់វៀតណាមបានឲ្យដឹងថា កំពង់ផែរបស់ទីក្រុងនេះនាំមុខគេក្នុងផ្នែកចំនួនកុងតឺន័រដែលឆ្លងកាត់ ឬស្មើ ៥៨.៨%នៃចរាចរណ៍ទាំងអស់ក្នុងប្រទេស ។
ប៉ុន្តែការចំណាយក្នុងការដឹកជញ្ជូនក្នហុងប្រទេសវៀតណាមមានខ្ពស់ជាងក្នុងប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍ ខណៈដែលវិស័យនេះចូលរួមដល់សេដ្ឋកិច្ចប្រទេសបានតែបន្តិចបន្តួចប៉ុណ្ណោះ ។ ការចំណាយដ៏ខ្ពស់បានប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ផលិតផលវៀតណាមលើទីផ្សារពិភពលោក ។ ទីក្រុងនេះក៏ខ្វះផ្លូវរថភ្លើងក្នុងការតភ្ជាប់នឹងកំពង់ផែដែរ ។

អ្នកជំនាញក្នុងវិស័យមួយចំនួនបាននិយាយថាដើម្បីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់ប្រទេស វៀតណាមត្រូវតែអភិវឌ្ឍន៍ទីផ្សារសេវាកម្មដឹកជញ្ជូនភាគីទីបីដែលមានគុណភាពខ្ពស់ និងមានភាពប្រកួតប្រជែងក្នុងផ្នែកតម្លៃដែរ ។
ពួកគេបានបន្ថែមថា ភាពតភ្ជាប់រវាងកំពង់ផែនិងឃ្លាំងស្តុកទំនិញ និងភាពច្បាស់លាស់និងយុត្តិធម៌ក្នុងផ្នែកច្បាប់និងដំណើរការរដ្ឋបាលក៏មានសារៈសំខាន់ដែរ ។
ពួកគេបានបន្តថា ប្រទេសនេះត្រូវការការដឹកជញ្ជូនបែប e-logistics ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញចែកចាយរួមក្នុងតំបន់មួយចំនួនដូចជាអាកាសយានដ្ឋាននិងកំពង់ផែសម្រាប់ការស្តុកទំនិញ និងចែកចាយទំនិញទៅកាន់អ្នកចែកចាយបន្តក្នុងទីក្រុងជាដើម ៕
ចែករំលែកព័តមាននេះ