រាជធានីភ្នំពេញ ៖ លោក យិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី៣១ខែមីនា បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជនម្នាក់ ដែលបានបង្កគ្រោះថ្នាក់ដោយបើករថយន្តបុកចូលកន្លែងជប់លៀងកម្សាន្តសប្បាយក្នុងពិធីបុណ្យភូមិ បណ្តាលឲ្យស្លាប់៣នាក់ និងរបួស៦នាក់ ។
ការសម្រេចឃុំខ្លួនជនខាងលើនេះ គឺយោងទៅលើការចោទប្រកាន់ពីសំណាក់លោក ហឹុង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការពិនិត្យពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលមានរបួសដល់អ្នកដទៃ(របួសមនុស្សច្រើននាក់) និងបើកបរដោយធ្វេសប្រហែសខ្ជីខ្ជាមិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ(ស្លាប់មនុស្សច្រើននាក់) និងបើកបរក្រោមឥទ្ធិពលនៃសារធាតុញៀន នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៣២៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ។
បទល្មើសព្រហ្មទណ្ឌខាងលើនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ចំពោះបទល្មើសទាំង៣ខាងលើនេះ សរុបនៃការផ្តន្ទាទោសលើជនបង្ក អាចជាប់ពន្ធនាគារជិត១០ឆ្នាំ នេះមិនទាន់គិតដល់សំណងរដ្ឋប្បវេណីទៅជនរងគ្រោះផង ។
ជនសង្ស័យឈ្មោះ ទឹម គីមតិច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់សា្លធម៌ដូង ស្នាក់នៅផ្ទះលេខ២៥A ផ្លូវលេខ៣២៤ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ គិតមកដល់ពេលនេះសរុបអ្នកស្លាប់មាន៣នាក់ ១-ឈ្មោះ ពិល យុំ ភេទស្រី អាយុ៦០ឆ្នាំ ២-ឈ្មោះ ស៊ុយ សឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និង៣-ក្មេងស្រីឈ្មោះ ណា អារីយ៉ា អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ។
ភ្លាមៗ មនុស្សប្រុសស្រី២នាក់បានស្លាប់បន្តបន្ទាប់គ្នា និងក្រោយមកក្មេងស្រីម្នាក់ក៏ស្លាប់ដែរ និងក្មេងចាស់ប្រុសស្រី៥នាក់ទៀតរងរបួសស្រាលនិងធ្ងន់ នៅក្នុងគ្រោះថ្នាក់ដ៏រន្ធត់ដែលបង្កឡើងដោយរថយន្តឡិចស៊ីស RX៣០០ ពណ៌ស្ករមួយគ្រឿងបើកបរដោយបុរសញៀនថ្នាំ និងស្រវឹងជោកជាំ បំបុកចូលវង់ច្រៀងរាំសប្បាយបុណ្យភូមិ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា នៅចំណុចផ្ទះលេខ១២ ផ្លូវលេខ៣២៤ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។ រថយន្តឡិចស៊ីសRX៣០០ ពណ៌ស្ករ ត្រូវបាននគរបាលប្រាប់ថា ពាក់ផ្លាកលេខ ភ្នំពេញ ២AN-២៣៩៥ បើកបរដោយឈ្មោះ ទឹម គីមតិច ភេទប្រុស អាយុ៣៣ឆ្នាំ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដំបូងឈ្មោះ ពិល យុំ ភេទស្រី អាយុ៦០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុយ សឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។ ចំណែកអ្នករងរបួសត្រូវបានគេស្គាល់ ១-ឈ្មោះ ណា អារីយ៉ា ភេទស្រី អាយុ៣ឆ្នាំ រងបួសធ្ងន់ និងស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ២-ឈ្មោះ សំ បូរដា ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល ៣-ឈ្មោះ ថា បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ របួសស្រាល ៤-ឈ្មោះ ដួង ដាវ ភេទស្រី អាយុ៣០ឆ្នាំ របួសធ្ងន់ និង៥-ពុំត្រូវបានស្គាល់ឈ្មោះឡើយ ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋអះអាងថា មានអ្នករងរបួសផ្សេងទៀតលើសពីនេះត្រូវបានបញ្ជូនទៅសង្គ្រោះ ហើយនគរបាលកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ។ តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីប្រារព្ធពិធីបុណ្យភូមិរួច ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ក៏ជួបជុំគ្នាហូបបាយ និងរាំលេងសប្បាយ ។
ខណៈនោះស្រាប់តែរថយន្តបើកមកបុកចូលក្នុងហ្វូងមនុស្ស បណ្តាលឱ្យដេកដួលរដូករណែល ហើយរថយន្តនោះក៏បើកថយចេញវិញ និងបើកមកបំបុកមួយសាទៀត ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋកៀបជាប់ទើបទៅមុខលែងរួច ។ ពេលនោះ ការសប្បាយរីករាយបានក្លាយជាសម្រែកទ្រហោយំពីសំណាក់បងប្អូនសាច់ញាតិជនរងគ្រោះ ។ ភ្លាមៗ អ្នកបើកបររថយន្តត្រូវបាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន ហើយ ដោយភ្លើងកំហឹងបងប្អូនជនរងគ្រោះបានយកដំុថ្មវាយកម្ទេចកញ្ចក់រថយន្តខាងក្រោយ ។
ទាក់ទិននឹងហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នករងគ្រោះឱ្យដឹងថា ដោយសារតែជននោះខឹងមិនហៅផឹកស៊ីនៅក្នុងពិធីបុណ្យភូមិ ទើបបានជាបើករថយន្តមកបំបុកបែបនេះ ។ ប៉ុន្តែអ្នកបើកបររថយន្តវិញឆ្លើយប្រាប់សមត្ថកិច្ចថា ដោយសាតែខឹងជនរងគ្រោះមិនលក់ថ្នាំញៀនឱ្យ ។ ទោះបីជាយ៉ាងណា នគរបាលឲ្យដឹងថា អ្នកបើកបររថយន្តរូបនេះជាមនុស្សញៀនថ្នាំ និយាយលែងដឹងខុសត្រូវទៅហើយ ។
ជនរងគ្រោះនិងអ្នកភូមិ១០៦នាក់បានដាក់ពាក្យបណ្តឹង
ពលរដ្ឋរងគ្រោះនិងអ្នកភូមិចំនួន២ភូមិ សរុបមានចំនួន១០៦នាក់ បាននាំគ្នាផ្តិតមេដៃប្តឹងជន ដែលបើក រថយន្តបំបុកចូលវង់រាំនិងជប់លៀងនៅក្នុងពិធីបុណ្យភូមិ(បុណ្យអ្នកតា) បណ្តាលឲ្យស្លាប់និងរងរបួសពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន មានលក្ខណៈសាហាវព្រៃផ្សៃបំផុត ។
តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានលើកឡើងថា យើងខ្ញុំទាំងអស់គ្នារស់នៅភូមិ៤និងភូមិ៨ សូមប្តឹងឈ្មោះ ទឹម គីមតិច ពីបទប៉ុនប៉ងមនុស្សឃាតគិតទុកជាមុន មានលក្ខណៈសាហាវព្រៃផ្សៃបំផុត ដែលបានបើករថយន្តម៉ាកឡិចស៊ិសRX៣០០ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ ២AN-២៣៩៥ បុកមនុស្សស្លាប់ចំនួន៣នាក់ និងរងរបួស៦នាក់ ។តាមពាក្យបណ្តឹងបានលើកឡើងទៀតថា នៅក្នុងហេតុការណ៍នោះ មានប្រជាពលរដ្ឋដែលចូលរួមបុណ្យភូមិឃើញហេតុការណ៍និងដឹងឮធ្វើជាសាក្សី ។ ក្រែងពុំពិត យើងខ្ញុំសូមផ្តិតមេដៃស្តាំទុកជាភ័ស្តុតាងស្រាប់ ។
តាមព័ត៌មានឱ្យដឹងថា ពាក្យបណ្តឹងរបស់ជនរងគ្រោះនិងអ្នកភូមិ ត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចរួចហើយ ។ ទោះបីជាយ៉ាងណា បន្ទាប់ពីបង្កគ្រោះថ្នាក់ ជននោះត្រូវនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញហើយ ហើយត្រូវបានតុលាការចេញដិការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរួចហើយ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ