ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះនិងពលរដ្ឋ2ភូមិ​…​រួមគ្នាដាក់​ពាក្យបណ្តឹង…សម្រេចឃុំជននេះដាក់គុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញនា​ថ្ងៃ​ទី​៣១​ខែមីនា បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារជន​ម្នាក់ ​ដែល​បាន​បង្ក​គ្រោះថ្នាក់ដោយ​បើករថយន្ត​បុក​ចូល​កន្លែង​ជប់​លៀង​កម្សាន្ត​សប្បាយក្នុង​ពិធីបុណ្យ​ភូមិ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួស​៦​នាក់…

រាជធានី​ភ្នំពេញ ៖ លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញនា​ថ្ងៃ​ទី​៣១​ខែមីនា បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារជន​ម្នាក់ ​ដែល​បាន​បង្ក​គ្រោះថ្នាក់ដោយ​បើករថយន្ត​បុក​ចូល​កន្លែង​ជប់​លៀង​កម្សាន្ត​សប្បាយក្នុង​ពិធីបុណ្យ​ភូមិ បណ្តាល​ឲ្យ​ស្លាប់​៣​នាក់ និង​របួស​៦​នាក់ ។

ការ​សម្រេច​ឃុំខ្លួន​ជន​ខាងលើ​នេះ គឺ​យោងទៅ​លើ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក ហឹ​ុ​ង ប៊ុ​ន​ថន ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ជនត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​មាន​របួស​ដល់​អ្នក​ដទៃ​(​របួស​មនុស្ស​ច្រើន​នាក់​) និង​បើកបរ​ដោយ​ធ្វេសប្រហែសខ្ជីខ្ជាមិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​(​ស្លាប់​មនុស្ស​ច្រើន​នាក់​) និង​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ។

បទល្មើស​ព្រហ្មទណ្ឌ​ខាងលើ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៨៣ និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៦៣ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។ ចំពោះ​បទល្មើស​ទាំង​៣​ខាង​លើ​​នេះ សរុប​នៃ​ការ​ផ្តន្ទាទោស​លើ​ជន​បង្ក អាច​ជាប់​ពន្ធនាគារ​ជិត​១០​ឆ្នាំ នេះ​មិន​ទាន់​គិតដល់​សំណង​រដ្ឋប្ប​វេណី​​ទៅ​ជន​រង​គ្រោះ​ផង ។

ជនសង្ស័យ​ឈ្មោះ ទឹម គី​មតិច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សា្ល​ធម៌​ដូង ស្នាក់​នៅផ្ទះលេខ​២៥A ផ្លូវ​លេខ​៣២៤ ភូមិ​២ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ គិត​មក​ដល់​ពេល​នេះ​សរុប​អ្នក​ស្លាប់មាន​៣​នាក់ ១-​ឈ្មោះ ពិល យុំ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ២-​ឈ្មោះ ស៊ុ​យ សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ និង​៣-​ក្មេង​ស្រី​ឈ្មោះ ណា អា​រី​យ៉ា អាយុ​៣​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ភ្លាម​ៗ មនុស្ស​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា និង​ក្រោយមក​ក្មេង​ស្រី​ម្នាក់​ក៏​ស្លាប់​ដែរ និង​ក្មេង​ចាស់​ប្រុស​ស្រី​៥​នាក់​ទៀត​រង​របួសស្រាល​និង​ធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌ស្ករ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ញៀន​ថ្នាំ និង​ស្រវឹង​ជោកជាំ បំ​បុក​ចូល​វង់​ច្រៀង​រាំ​សប្បាយ​បុណ្យ​ភូមិ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ចំណុច​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៣២៤ ភូមិ​៤ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក្រោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ។ រថយន្ត​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ស្ករ ត្រូវ​បាន​នគរបាល​ប្រាប់​ថា ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AN-២៣៩៥ បើកបរ​ដោយ​ឈ្មោះ ទឹម គី​មតិច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ។

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដំបូង​ឈ្មោះ ពិល យុំ ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ស៊ុ​យ សឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ។ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​គេ​ស្គាល់ ១-​ឈ្មោះ ណា អា​រី​យ៉ា ភេទ​ស្រី អាយុ​៣​ឆ្នាំ រង​បួស​ធ្ងន់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ២-​ឈ្មោះ សំ បូរ​ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ របួសស្រាល ៣-​ឈ្មោះ ថា បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ របួសស្រាល ៤-​ឈ្មោះ ដួង ដាវ ភេទ​ស្រី អាយុ​៣០​ឆ្នាំ របួសធ្ងន់ និង​៥-​ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ ។

ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​អះអាង​ថា មាន​អ្នក​រង​របួស​ផ្សេង​ទៀត​លើស​ពី​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ហើយ​នគរបាល​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ប្រារព្ធ​ពិធីបុណ្យ​ភូមិ​រួច ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី ក៏​ជួបជុំ​គ្នា​ហូប​បាយ និង​រាំ​លេង​សប្បាយ ។

ខណៈនោះ​ស្រាប់តែ​រថយន្ត​បើក​មក​បុក​ចូល​ក្នុង​ហ្វូង​មនុស្ស បណ្តាល​ឱ្យ​ដេក​ដួល​រដូករណែល ហើយ​រថយន្ត​នោះ​ក៏​បើក​ថយ​ចេញ​វិញ និង​បើក​មក​បំ​បុក​មួយ​សា​ទៀត ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​កៀប​ជាប់​ទើប​ទៅ​មុខ​លែង​រួច ។ ពេល​នោះ ការ​សប្បាយ​រីករាយ​បាន​ក្លាយជា​សម្រែក​ទ្រហោយំ​ពី​សំណាក់​បងប្អូន​សាច់ញាតិ​ជន​រង​គ្រោះ ។ ភ្លាម​ៗ អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នគរបាល​ខណ្ឌទួលគោក​ឃាត់ខ្លួន ហើយ ដោយ​ភ្លើងកំហឹង​បងប្អូន​ជន​រង​គ្រោះ​បាន​យក​ដំ​ុថ្ម​វាយ​កម្ទេច​កញ្ចក់​រថយន្ត​ខាងក្រោយ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា ដោយសារតែ​ជន​​នោះ​ខឹង​មិន​ហៅ​ផឹកស៊ី​នៅ​ក្នុង​ពិធីបុណ្យ​ភូមិ ទើប​បានជា​បើករថយន្ត​មក​បំ​បុក​បែប​នេះ ។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​វិញ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ដោយសា​តែ​ខឹង​ជន​រង​គ្រោះ​មិនលក់​ថ្នាំ​ញៀន​ឱ្យ ។ ទោះបីជា​យ៉ាងណា ​នគរ​បាលឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​រូប​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ និយាយ​លែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ ។

ជន​រង​គ្រោះ​និង​អ្នក​ភូមិ​១០៦​នាក់​បាន​ដាក់​ពាក្យបណ្តឹង

ពលរដ្ឋ​រង​គ្រោះ​និង​អ្នក​ភូមិ​ចំនួន​២​ភូមិ សរុបមាន​ចំនួន​១០៦​នាក់ បាន​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ជន ដែល​បើក រថយន្ត​បំ​បុក​ចូល​វង់​រាំ​និង​ជប់លៀងនៅ​ក្នុង​ពិធី​បុណ្យ​​ភូមិ​(​បុណ្យ​អ្នកតា​) បណ្តាល​ឲ្យ​ស្លាប់​និង​រង​របួស​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​គិត​ទុកជា​មុន មាន​លក្ខណៈ​សាហាវព្រៃផ្សៃ​បំផុត ។

តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា យើងខ្ញុំ​ទាំងអស់​គ្នា​រស់នៅ​ភូមិ​៤​និង​ភូមិ​៨ សូម​ប្តឹង​ឈ្មោះ ទឹម គី​មតិច ពី​បទប៉ុនប៉ង​មនុស្សឃាត​គិត​ទុកជា​មុន មាន​លក្ខណៈសាហាវព្រៃផ្សៃ​បំផុត ដែល​បាន​បើករថយន្ត​ម៉ាកឡិច​ស៊ិ​ស​RX៣០០ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AN-២៣៩៥ បុក​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ និង​រង​របួស​៦​នាក់ ។តាម​ពាក្យបណ្តឹង​បាន​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ មាន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​បុណ្យ​ភូមិ​ឃើញ​ហេតុការណ៍​និង​ដឹង​ឮ​ធ្វើ​ជា​សាក្សី ។ ក្រែង​ពុំ​ពិត យើងខ្ញុំ​សូម​ផ្តិត​មេដៃ​ស្តាំ​ទុកជា​ភ័ស្តុតាង​ស្រាប់ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ពាក្យបណ្តឹង​របស់​ជនរង​គ្រោះ​និង​អ្នក​ភូមិ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​រួច​ហើយ ។ ទោះបីជា​យ៉ាង​ណា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់ ជន​នោះ​ត្រូវ​នគរបាល​ខណ្ឌទួល​គោក​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់កា​រិ​យាល័យ​​​នគរ​បាល​ចរាចរណ៍​ផ្លូវគោក និង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយត្រូវ​បាន​តុលាការ​ចេញ​ដិ​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ហើយ ៕


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ