អតីតផ្កាយមួយយោធាចេះរកគុកឃើញ
- សៀមរាប
ខេត្តសៀមរាប ៖ លោក ថាន់ ឃុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនបណ្តោះអាសន្នអតីតមន្ត្រីយោធាម្នាក់ឈ្មោះ លី ដាវីត ភេទប្រុស អាយុ៤៥ឆ្នាំ បម្រើការនៅអង្គភាពយោធភូមិភាគទី៣
ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី មានមុខមុខងារជានាយសេនាធិការរងពីបទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅ
ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិ មាត្រា៤៧១ មាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

តាមបទចោទ គឺជននេះបានប្រមាថសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធហ្វេសប៊ុកថា «… ហ៊ុន សែន ព្រោះតែចង់ការពារអំណាចផ្ទាល់ខ្លួន…» និងត្រូវបានកម្លាំងប៉េអឹមនាំខ្លួនយកទៅដាក់ពន្ធនាគារនៅថ្ងៃទី៣០ ខែមីនា ។
តាមប្រសាសន៍របស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឱ្យដឹងថា អតីតឧត្តមសេនីយ៍ត្រីយោធារូបនេះ បានត្រូវកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួនកាលពីថ្ងៃទី ២៦ ខែមីនាកន្លងទៅ ។ បន្ទាប់ពីសាកសួររួច ជននេះត្រូវបានចៅក្រមស៊ើបសួរ លោក ថាន់ ឃុង សម្រេចឱ្យកម្លាំងអាវុធហត្ថបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ។
ក្នុងពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញមាន កាំភ្លើងអាកាស្វ័យបត់់១ដើម បង់១ គ្រាប់៣១គ្រាប់ បំពង់ខ្ទប់សំឡេង(ស៊ីឡង់ស្យឺ)១ កាំបិតស្នៀត១ ដំបងឆក់១ លិខិតឆ្លង ដែន១អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹកអត្តសញ្ញាណប័ណ្ណយោធា១សន្លឹក អង្រឹង១ទូរស័ព្ទ២គ្រឿង ផៅវ័របែង១ ម៉ូតូហុងដាស្គូពី១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ ១HE-៨២៥៣ និងលិខិតបញ្ជាបេសកកម្មហួសសុពលភាព៥សន្លឹក ។

លោកព្រះរាជអាជ្ញារងឲ្យដឹងទៀតថា ខណៈកម្លាំងអាវុធហត្ថចុះទៅឃាត់ខ្លួន ឃើញជននេះកំពុងប្រើប្រាស់ទូរស័ព្ទដៃលេងហ្វេសប៊ុកដែលមានគណនីឈ្មោះ Lee David វាយប្រហារ ទៅលើរាជរដ្ឋាភិបាលស្របច្បាប់ ។
ចំណែកកាំភ្លើងអាកាស្វ័យបត់ គឺជារបស់ជននេះផ្ទាល់ ដែលបានដាក់ក្នុងកាបូបស្ពាយតាមខ្លួនជាប់ជាប្រចាំ និងមានគ្រាប់សរុប៣១គ្រាប់ គឺនៅក្នុងបង់៣០គ្រាប់ និង១គ្រាប់ទៀតជននេះបានអាម៉េបញ្ចូលគ្រាប់រួចជាស្រេច មានន័យថា ជន សង្ស័យមានគម្រោងរួចជាស្រេចក្នុងការប៉ុនប៉ងប្រព្រឹត្តបទល្មើសរួចទៅហើយ ។
ជនសង្ស័យបានសរសេរនៅលើបណ្តាញសង្គមហ្វេសបុ៊ករបស់ខ្លួនថា «សូមឱ្យប្រទេសទាំងឡាយ ឈប់ផ្ដល់ប្រាក់កម្ចីមកដល់ប្រទេសកម្ពុជា ការបោះឆ្នោតនៅប្រទេសកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ ការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ធ្វើឱ្យខ្វះទឹក ខ្វះភ្លើង»។

ជាមួយនេះ គេថែមទាំងបានប្រើពាក្យសម្តីជេរប្រមាថ ទម្លាក់កំហុសជាច្រើនទៀតទៅលើប្រមុខរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងគោលដៅញុះញង់ឱ្យប្រជាជនកម្ពុជានិងសាធារណជនទាំងអស់មានការ ស្អប់ មានការភ័ន្តច្រឡំ ដើម្បីឈានទៅរកការបង្កភាពអសន្ដិសុខដល់សង្គមជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងប្រើពាក្យសម្តី មិនឱ្យយោធិនស្ដាប់បង្គាប់ដើម្បីធ្វើឱ្យខូចខាតដល់វិស័យការពារជាតិ ។
លោកព្រះរាជអាជ្ញារង ថេង សំណាង បានប្រាប់ឱ្យដឹងទៀតថា ទង្វើបែបនេះគឺជាបទល្មើស ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៧១ មាត្រា៤៩០ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា នៅក្នុងអំឡុងពេលដែលរូបខ្លួនមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ជានាយសេនាធិការរងយោធភូមិភាគទី៣ រូបខ្លួនពិតជាបាននិយាយបកស្រាយរិះគន់ទៅលើរាជរដ្ឋាភិបាល នៅចំពោះមុខនាយទាហាន នាយទាហានរងផងដែរ ៕



ចែករំលែកព័តមាននេះ