ផ្លែ​តា​ង៉ែ​ន​ជា​ដំណាំ​ប្រចាំ​ត្រកូល​របស់​អ្នក​ខេត្ត​ប៉ៃលិន​…(មានវីដេអូ)


ខេត្ត​ប៉ៃលិន ៖ មុន​នឹង​ភ្ញៀវ​ទេសចរណ៍​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន គេ​តែង​នឹក​ស្រមៃ​ឃើញ​ពី​ដំណាំ​មួយ​ប្រភេទ​ដែល​ជា​ដំណាំ​ប្រចាំ​ត្រកូល​សម្រាប់​អ្នកស្រុក​ប៉ៃលិន គឺ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ។ ត្បិត​អី​ដំណាំ​មួយ​ប្រភេទ​នេះ​គេ​កម្រ​ឃើញ​ខេត្ត​ផ្សេង​ៗ​ណា​ទៀត ដាំ​ដុះ​ច្រើន​នោះ​ឡើយ​ពោល គឺ​អ្នក​រស់នៅ​ក្នុង​តំបន់​ខេត្ត​ប៉ៃលិន ដាំ​ច្រើន​ជាងគេ​តែ​ម្តង ។

បើ​តាម​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ប្រកប​របរ​កសិកម្ម​ចម្ការ​ដំណាំ​តា​ង៉ែ​ន​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤-២០១៥ កន្លង​ទៅ​ផ្លែ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​ត្រូវ​បាន​ឈ្មួញ​ថៃ​បើករថយន្ត​ចូល​ទៅ​ទិញ ដឹក​ឆ្លង​ទៅ​ប្រទេស​របស់​ខ្លួន ដើម្បី​លក់​បន្ត​ទៅ​ប្រទេស​ចិន​ជា​ច្រើន ហើយ​ការ​ទិញ​នេះ គេ​គិត​មើល​តាម​ផ្លែ​លេខ​ល្អ ឬ​មិនសូវ​ល្អ​ដែរ ។ ប្រភព​បន្ត​ទៀត​ថា បើ​សំបក​ផ្លែ​តា​ង៉ែ​ន​មាន​ពណ៌​ស្រស់​ល្អ (​ស​)​លេខ​១ ក្នុង​១​គីឡូក្រាម កសិករ​អាច​លក់​បាន​ថ្លៃ​ចាប់ពី​៥០​ទៅ​៦០​បាត​(​បាក់​ថៃ​) ជាង​៥០០០​ទៅ​៦០០០​រៀល ។ ប៉ុន្តែ​បើ​សំបក​ផ្លែ​ពណ៌​ខ្មៅ លេខ​២ ឬ​លេខ​៣ តម្លៃ​ក៏​ទាប​ជាង​នោះ​បន្តិច​ដែរ ពោល គឺ​អាច​លក់​បាន​ពី​៣០​ទៅ​៤០​បាត ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ជួនកាល​គេ​អត់​ទិញ​នោះ​ទេ ។

រហូត​មក​ដល់​ដើមឆ្នាំ​២០១៦ ផ្លែ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន​របស់​ពួក​គាត់​ធ្លាក់​ថ្លៃ​ដោយ​ផ្លែ​ល្អ លក់​បាន​១​គីឡូក្រាម ត្រឹមតែ​៣០​ទៅ​៤០​បាត​ប៉ុណ្ណោះ ហើយ​ផ្លែ​មិនសូវ​ល្អ ថៃ​អត់​ទិញ​នោះ​ទេ គឺ​ខ្មែរ​នៅ​ក្នុងស្រុក​ទិញ​១​គីឡូក្រាម​ត្រឹមតែ​២៥​ទៅ​៣០​បាត​ប៉ុណ្ណោះ ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា ឈ្មួញកណ្តាល​ធ្វើ​យ៉ាងណា​តម្លើង​ថ្លៃ​ឱ្យ​តម្លៃ​កសិផល​ដំណាំ​តា​ង៉ែ​ន​ឡើងថ្លៃ​ជាង​នេះ ព្រោះ​វា​ជា​ដំណាំ​ប្រចាំ​ត្រកូល ។ លើស​ពី​នេះ​ការ​ថែទាំ​ក៏​មានការ​លំបាក​ដោយសារ​ដំណាំ​មួយ​នេះ ត្រូវការ​ស្រោច​ទឹក​ជោកជាំ​តាម​ដើម ជា​ពិសេស​ពេល​ចេញ​ផ្កា​ក្តិ​ប ដោយ​ត្រូវ​បូមទឹក​ដាក់​ជា​ប្រចាំ បើ​ពុំ​ដូច្នោះ​ទេ អាច​នឹង​ប្រេះ​ផ្លែ​ខូច អស់​ជាក់​ជា​មិន​ខាន ។

បើ​តាម​ប្រភព​ពី​កសិករ​ម្នាក់​ឈ្មោះ ស៊ុ ហៀ​ង អាយុ​៥០​ឆ្នាំ ជា​ប្រធាន​សមាគម​កសិផល​ដំឡូង​មី ប្រចាំ​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា គាត់​បាន​ដាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ជា​ច្រើន​រហូត​ដល់​រាប់​ម៉ឺន​ដើម​ឯណោះ ហើយ​ផ្លែ​តា​ង៉ែ​ន​របស់​គាត់​មាន​ពណ៌​ស​ល្អ លុះ​ឈ្មួញ​ថៃ ឬ​ចិន​ចូល​មក​ទិញ​មិនសូវ​ធ្លាក់​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ដោយ​ក្នុង​១​គីឡូក្រាម​អាច​លក់​បាន​ថ្លៃ​ពី​៤០​ទៅ​៥០​បាត (​ប្រាក់​ថៃ​) ដែរ ហើយ​បើ​ផ្លែ​មិនសូវ​ល្អ គាត់​លក់​ឱ្យ​អ្នក​ភូមិ​ក៏​បាន​ថ្លៃ​ចាប់ពី​៤០០០​ពាន់ ទៅ​៥០០០​ពាន់​រៀល ក្នុង​១​គីឡូក្រាម​ដែរ ។

គាត់​បន្ត​ទៀត​ថា ដំណាំ​តា​ង៉ែ​ន​ធ្លាក់​ថ្លៃ​មិនមែន​ដោយសារ​ឈ្មួញ​តែ​១​ផ្នែក​ប៉ុណ្ណោះ​ទេ គឺ​ដោយសារ​ការ ដែល​យើង​ផលិត​ល្អ ឬ​មិនល្អ​ផង​ដែរ ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ឈ្មួញ​ម្នាក់​ឈ្មោះ ផ​ន សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មាន​ប្តី​ឈ្មោះ ម៉ា​ប់ អុ​ន ជា​អាជីវករ​ដើរ​ម៉ៅ​ទិញ​ផ្លែ​ឈើ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា កាលពី​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៨ គាត់​ដើរ​ម៉ៅ​តា​ង៉ែ​ន នៅ​តាម​ចម្ការ​ប្រជាពលរដ្ឋ ដោយ​១​គីឡូក្រាម អាច​លក់​បាន​៤០០០​រៀល​ទៅ​៤៥០០​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​ឈាន​ចូល​ដល់​ខែវិច្ឆិកា ធ្នូ និង​រហូត​ដល់​ខែមករា ខែកុម្ភៈ តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន​មានការ​ធ្លាក់​ចុះ​រហូត​ដល់​១​គីឡូក្រាម លក់​បាន​ត្រឹមតែ​២៥០០​រៀល​ទៅ​៣០០០​រៀល​ប៉ុណ្ណោះ​។

គាត់​បន្ត​ទៀត​ថា ប៉ុន្តែ​ចាប់តាំងពី​ដើមខែ​មីនា រហូត​មក​ដល់​ចុងខែ​នេះ គឺ​តម្លៃ​ផ្លែ​តា​ង៉ែ​ន​មានការ​ឡើងថ្លៃ​វិញ ដោយ​១​គីឡូក្រាម​៣៥០០​រៀល ហើយ​គាត់​រំពឹង​ទុក​ថា នៅ​មុន​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ខាង​មុខ​នេះ តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន​នឹង​ហក់​ឡើង​ខ្ពស់​ជាង​នេះ​បន្តិចទៀត ។ គាត់​បញ្ជាក់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់ និង​ប្តី​តែងតែ​ដើរ​ម៉ៅ​ផ្លែ​តា​ង៉ែ​ន​តាម​ចម្ការ​ប្រជាពលរដ្ឋ​គ្មាន​ថ្ងៃ​សម្រាក​ទេ ដោយ​បេះ​បាន​លើ ក​លក់​ឱ្យ​ម៉ូយ​នៅ​តាម​ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ជា​ពិសេស​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៩ គាត់​បាន​បេះ​ចំនួន​១៧០០​គីឡូក្រាម លក់​ឱ្យ​ម៉ូយ​ដឹក ទៅ​លក់​នៅ​ភ្នំពេញ​ព្រោះ​ចំ​ពេល​គេ​ទិញ​យក​ទៅ​សែន​ឆេ​ង​ម៉េ​ង ដែល​ជា​ហេតុ ធ្វើ​ឱ្យ​គាត់ មានការ​ងារ ធ្វើ​ជា​ប្រចាំ ។ លើស​ពី​នេះ​ដំណាំ​តា​ង៉ែ​ន គឺ​ផ្លែ​រហូត​ផុត​ពី​ចម្ការ​មួយ​ចូល​ដល់​ចម្ការ​មួយទៀត តែ​នៅ​ខែ​ឧស ភា និង​ខែមិថុនា អត់​សូវ​មាន​អ្នកទិញ​ហូប​ទេ ព្រោះ​ផ្លែ​ឈើ​សម្បូរ​មក​ពី​ថៃ​ក៏​ច្រើន​ដែរ ។

ចំណែក​លោក​សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ដំណាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន គឺជា​ដំណាំ​លេខ​២ ប្រចាំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាប់​ពី​ដំណាំ​ផ្លែស្វាយ​កែវ​រមៀត ។ លោក​បន្ត​ទៀត​ថា កសិករ​ដាំ​ដំណាំ​តា​ង៉ែ​ន​ជាង​៤០០០​ហិ​កតា​នៅ​លើ​ផ្ទៃដី​ចម្ការ​នៅ​ក្នុង​ខេត្ត ហើយ​មាន ការ​ដាក់​បញ្ជា​ឱ្យ​ផ្លែ​ស្ទើរ តែ​ទាំងអស់​ទៅ​ហើយ ដោយ​មាន​ចំនួន​អ្នក​ដាំ​ថ្មី​ៗ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​ផង​ដែរ ។ ចំណែក​តម្លៃ​ទីផ្សារ​វិញ តា​ង៉ែ​ន​ដែល​ជា​ដំណាំ​ប្រចាំ​ត្រកូល​របស់​អ្នកស្រុក​ប៉ៃលិន​ក៏​មិនសូវ​ធ្លាក់​ថ្លៃ​ប៉ុន្មាន​ដែរ ព្រោះ​កសិករ​មាន​ភាព​វ័យឆ្លាត​ពោល គឺ​គាត់​បញ្ជា​ឱ្យ​ចេញ​ផ្កា​ផ្លែ​ចាំ​ពេល​ដែល​មាន​រដូវ​បុណ្យ​ទាន ដូច​ជា បុណ្យចូលឆ្នាំ​ចិន វៀតណាម បុណ្យ​ភ្ជុំបិណ្ឌ និង​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ជាដើម ហើយ​តម្លៃ​ក៏​មានការ​ឡើង​ខ្ពស់​ជាង​លក់ដូរ​នៅ​ថ្ងៃ​ធម្មតា ។

លោក​បន្ថែម​ទៀត​ថា ការ​លក់ដូរ​មិន​ត្រឹមតែ​នៅ​ក្នុងស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​កសិករ​យើង មាន​សមាគម​កសិផល​មួយ​ដូច្នេះ​ពួក​គេ​បាន​សហការ​ជាមួយនឹង​ដៃគូ​នៅ​ប្រទេស​ថៃ បេះ​លក់​ឱ្យ​ឈ្មួញ​ថៃ​ចូល​មក​ទិញ​ជា​ញឹកញយ​គួរ​ឱ្យ​កត់សម្គាល់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ