ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កោតសរសើរ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន ។ នេះ​បើ​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ក្នុង​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​បាន​កោតសរសើរ​រាជរដ្ឋាភិបាល​ដែល​បាន​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​រីក​ចម្រើន ។ នេះ​បើ​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ​ក្នុង​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតី​សម្តេច​ហេង សំ​រិ​ន​ប្រធានរដ្ឋសភា ។

នៅ​ក្នុង​ព្រះរាជ​សារ​ផ្ញើ​ជូន​រដ្ឋសភា​ព្រះករុណា​ព្រះមហាក្សត្រ​បាន​កោតសរសើរ​ចំពោះ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ព្រមទាំង​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​រដ្ឋសភា​ទាំងអស់ ដែល​បាន​បំពេញការងារ​អស់ពី​កម្លាំងកាយ​ចិត្ត​ពុំ​គិត​ពី​ការ​នឿយហត់​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​បាន​ដោយ​ជោគជ័យ​តាម​លំដាប់លំដោយ ។ ព្រះរាជ​សារបាន​បន្ត​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ប្រធានរដ្ឋសភា​សមាជិក​សមាជិកា​នៃ​រដ្ឋសភា​គ្រប់​រូប គឺជា​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជា​ភារកិច្ច​របស់​រដ្ឋសភា​នោះ​រួម​មានការ​អញ្ជើញ​យ៉ាង​សកម្ម​ចុះ​សួរសុខទុក្ខ​ជួយ​ដោះស្រាយ​បញ្ហា​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​នៅ​តាម​មូលដ្ឋាន​ព្រមទាំង​ទទួលយក​នូវ​រាល់​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម នានា​មក​ជម្រាប​ជូន​រាជរដ្ឋាភិបាល ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​ជា​បន្ទាន់​នូវ​បញ្ហា​ទាំងឡាយ​នោះ ។

នៅ​ក្នុង​ព្រះរាជ​សារ​ផ្ញើ​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦​នេះ​ព្រះមហាក្សត្រ​ក៏​បាន​កោតសរសើរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មានគុណ​បំណាច់​ដ៏​ថ្លៃថ្លា​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ ។ ព្រះមហាក្សត្រ​បាន​គូសបញ្ជាក់​ថា «​វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជាម​គ្គុ​ទេស​ដ៏​ឆ្នើម​ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត និង​សក្តានុពល​របស់​សម្តេច​នាយក​បាន​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការ​អភិវឌ្ឍ​ជាតិ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​លំដាប់​រហូត​មក​ទល់​ពេល​នេះ​» ។

ព្រះមហាក្សត្រ​ទ្រង់​បាន​គូសបញ្ជាក់​ថា រយៈពេល​កន្លង​មកនេះ​រដ្ឋសភា​បាន​យកចិត្តទុកដាក់ សហការ​ជាមួយ​រាជរដ្ឋាភិបាល​ធានា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព សម្រាប់​ការ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​ក្នុង​ផ្ទៃ​ប្រទេស និង​ប្រឹងប្រែង​បន្ត​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​គ្រប់​វិស័យ​ដោយ​ផ្តោត​ជា​អាទិភាព​ទៅ​លើ​ការ​កែទម្រង់​អភិបាលកិច្ច​ល្អ ការ​កសាង សមត្ថភាព អភិវឌ្ឍ​ធនធានមនុស្ស និង​ការ​វិនិយោគ​លើ​ហេ​ដ្ឋា រចនាសម្ព័ន្ធ ដើម្បី​ជំរុញ​លើកកម្ពស់ និង​កែ​លម្អ​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ពិសេស​អ្នក​ក្រីក្រ និង​ជន​ងាយ​រង គ្រោះ ។

នៅ​ក្នុង​ព្រះរាជ​សារ​ផ្ញើ​ជូន​រដ្ឋសភា​នា​ឱកាស​នេះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះ​អង្គ​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​មាន​សេចក្តី​សង្ឃឹមថា រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​មុខ​បន្ត​ទៀត​សំដៅ​ធានា​បាន​នូវ​សង្គម​ជាតិ​កម្ពុជា​ប្រកបដោយ​ភាព​សុខដុមរមនា​មាន​សន្តិភាព ស្ថិរភាព នយោបាយ និង​ការ​អភិវឌ្ឍ​ទៅ​តាម​ទិស​ដៅ​រួម​ជា​ជំហាន​ៗ» ។

សូម​ជម្រាប​ថា នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៩ ដែល​ជា​ឱកាស​បើក​បវេសនកាល​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​នេះ​មាន​របៀបវារៈ​ចំនួន​៤​មាន ១- ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ។ ២-​របាយការណ៍​ស្តី​ពី​សកម្មភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ និង​លើក​ទី​២ នីតិកាល​ទី​៦ ។ ៣- ការ​បោះ​ឆ្នោត​ជ្រើសតាំង​លោក​ជំទាវ លី វួ​ច​ឡេ​ង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រាប់​អាណត្តិ​ឆ្នាំ​(២០១៩-២០២៨) ។

៤- ការ​បោះ​ឆ្នោត​ជ្រើសតាំង លោក ប្រាជ្ញ ច័ន្ទ ជា​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល ពាក្យបណ្តឹង​អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា និង​លោក​ច័ន្ទ សុផល ជា​សមាជិក​គណៈកម្មការ​មហាផ្ទៃ​ការពារ​ជាតិ និង​មុខងារសាធារណៈ ។ សម័យប្រជុំ​រដ្ឋសភា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ជា​លំដាប់លំដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ