ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើបរទេសស្បែក.សម្នាក់​នេះ…​ធ្វើឱ្យ​យើង​មាន​​អារម្មណ៍​បែប​ណាដែរ​? ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​នរណា​ស្មាន​ដល់​ថា ជនបរទេស​ស្បែក​សម្នាក់ ហ៊ាន​មុជទឹក​ប្រឡាយ​បឹង​ត្របែក​ ដែល​ជា​ទូទៅ​ គឺជា​ទឹក​ស្អុ​ុ​យ​ខ្មៅ​កខ្វក់បំផុត ។ មិន​មាន​ព័ត៌មាន​ត្រូវ​បាន​បំភ្លឺ​ឱ្យ​ដឹង​នោះ​ទេ ពី​ជនបរទេស​រូប​នេះ ។ ទោះបីជា​បែប​ណា មានការ​ផ្តល់​អត្ថន័យ​ផ្សេង​ៗ​គ្នា ​ជុំវិញ​ការ​ចុះ​ងូតទឹក​ប្រឡាយ​បឹង​ត្របែក​នេះ ដែល​​អ្នក​ខ្លះ​ចង់​បង្ហាញ​ថា ទឹក​ស្អុ​ុ​យ​ក្នុង​ប្រឡាយ​បឹង​ត្របែក​នេះ​មិន​កខ្វក់​ទេ តែ​អ្នក​ចោល​សំរាម​ចូល​ប្រឡាយ​​ឯណោះ​ទេ ​ដែល​ស្អុយ​ និង​កខ្វក់​បំផុត​នោះ ។

ស្ថានភាព​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក​សម្បូរទៅ​ដោយ​សំរាម​សក្បុស រក​មើល​ផ្ទៃ​ទឹក​មិនឃើញ ហាក់​បាន​ប្រែ​ប្រួល​ជា​វិជ្ជមាន​មួយ​ ហើយ​បន្ទាប់​ពី​ការ​ពុះពារ​របស់​ក្រុម​យុវជន សាន ដា​រ៉ា​វីត និង​គ្រប់​គ្នា​បាន​ស្គាល់​លើ​បណ្ដាញ​សង្គម ដែល​បាន​ផ្តួចផ្តើម​ក្នុង​ការ​ប្រមូល​សំរាម​នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹង​ត្របែក ចាប់តាំងពី​ថ្ងៃ​ទី​៨ មីនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ សកម្មភាព​របស់​ក្រុមយុវជន​ទាំងនោះ ពិតជា​បាន​ឆក់​យក​បេះដូង​មនុស្ស​គ្រប់​គ្នា ជា​ពិសេស​អាជ្ញាធរ​ដែល​ធ្លាប់តែ​ដេក​ផ្សំ​ដួល​រមួល​ផ្សំ​គ្រេច ហាក់​បាន​យកចិត្ត​ដាក់ និង​ធ្វើការ​រារាំង​ការ​បោះចោល​សំរាម​ថ្មី​ៗ​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​ប្រឡាយ​នេះ ។

​យុវជន សាន ដា​រ៉ា​វីត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គោលបំណង​របស់​ក្រុម​ខ្លួន​ គឺ​ចង់​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​គ្មាន​សំរាម​ប្លា​ស្ទិ​ក​ និង​គ្មានដី​ហុយ ទើប​កើត​មានគំនិត​មួយ​ចុះ​ប្រមូល​សំរាម​នេះ ។ យុវជន​រូប​នេះ​បាន​ស្នើ​ឲ្យ​ចូលរួម​សហការ​ទាំងអស់​គ្នា ចំពោះ​ការ​ចូលរួម​សម្អាត​បរិស្ថាន ជា​ពិសេស​បញ្ហា​សំរាម ដើម្បី​លើ​កម្ពស់​សោ​ភ័ណ​ភាព និង​សុខុមាលភាព​ពលរដ្ឋ​ផង​ដែរ ។ សាន ដា​រ៉ា​វីត និយាយ​ថា «​សូម​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ ទាំង អស់​គ្នា កុំ​ចោទ​ឬ​បន្ទោស​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ ឬ​អ្នក​នៅ​ខាងលើ​ខាងក្រោម​ក៏​ដោយ​» ។

ទាក់ទង​នឹង​ឥរិយាបថ​នៃ​ការ​បោះ​សំរាម​ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​បឹង​ត្របែក​នេះ យុវជន ដា​រ៉ា​វីត អះអាង​ថា ក្នុង​នាម​ជា​យុវជន​គ្រាន់តែ​ព្យាយាម​ជួយ​រើស ឬ​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​រាជធានី​ភ្នំពេញ​មាន​សោ​ភ័ណ​ភាព ដោយ​មិន​ចាំបាច់​ទៅ​បន្ទោស​ឬ​ជេរ​អ្នក​ណា​ដែរ ។«​គម្រោង​របស់ខ្ញុំ​ធ្វើ​នេះ គឺ​ធ្វើ​ដើម្បី​ឲ្យ​អ្នក​សម្អាត​ច្រើន​ជាង​អ្នក​បោះ ដូច្នេះ​ខ្ញុំ​មិនដឹង​ថា​អ្នក​បោះ​សំរាម​ច្រើន​ប៉ុណ្ណា​ទេ តែ​បច្ចុប្បន្ន​នេះ ខ្ញុំ​កំពុង​បង្កើន​អ្នក​សម្អាត​សំរាម​» ។

លោក ដួង ចាន់​សា​រ៉ាត់ ប្រធាន​លូ​ទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ពាក់កណ្តាល​ខែមីនា​កន្លង​មក​ថា តាម​ការ​ណែនាំ​របស់​លោក​ប្រធាន​មន្ទីរ ក្រុមការងារ​របស់​លោក​នឹង​បញ្ចប់​ការងារ​កាយ​សំរាម​ចេញពី​ប្រឡាយ​ផ្លូវ​លេខ​១០៥ បឹង​ត្របែក នៅ​ក្នុង​រយៈពេល​២​ស​ប្ដា​ហ៍​ទៀត​។

លោក​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់​លោកបាន​ដាក់​គ្រឿងចក្រ​ចុះ​កាយ​ប្រឡាយ​នេះ​ភ្លាម​ៗ តាម​ការ​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ការ​កាយ​សំរាម​នៅ​ប្រឡាយ​បឹង​ត្របែក​តាម​ផ្លូវ​លេខ​១០៥​នេះ មាន​ភាព​យឺតយ៉ាវ​បន្តិច ដោយសារ​តែ​ផ្លូវ​មានការ​កកស្ទះ​ចរាចរណ៍ និង​មាន​រោងការ និង​រោង​បុណ្យ​នៅ​លើ​ផ្លូវ​លេខ​១០៥ មិន​អាច​ឲ្យ​គ្រឿងចក្រ​ចូល​កាយ​សំរាម​ក្នុង​ប្រឡាយ​ខាងលើ​បាន ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ សកម្មភាព​នៃ​ការ​កាយ​ស្តារ​ប្រឡាយ​ខាងលើ បាន​ចំនួន​ពី​រស​ប្ដា​ហ៍​ហើយ ស្មើនឹង​៤០​ភាគរយ ។ ប្រឡាយ​បឹង​ត្របែក​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​មាត់​ប្រឡាយ​យក​សំរាម​មក​បោះ​ចូល​ទៅ​ក្នុង​ប្រឡាយ បង្ក​ឲ្យកកស្ទះ​ណែនណាន់តាន់តាប់ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ចរន្តទឹក​ហូរ ពិសេស​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ៕​