ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្ស២នាក់រងរបួសធ្ងន់-ស្រាល នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏កំរោលមួយ រវាងរថយន្តដឹកជ្រូកបុកជាមួយរថយន្តដឹកខ្សាច់ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣១ មីនា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកាឡោមភ្លុក ឃំុព្រៃស្វាយ ស្រុកមោងឫស្សី តែអ្នកបើកបររថយន្តដឹកជ្រូក បានដាក់មេប្រូចចោលជ្រូកបាត់ទាំងយប់ ក្រោយពីបង្កគ្រោះថ្នាក់រួច ។
សមត្ថកិច្ចបានឱ្យដឹងថា បើតាមការពិនិត្យករណីនេះ គឺបង្កឡើងដោយរថយន្តម៉ាកហីុយ៉ាន់ដាយ ពាក់ស្លាកលេខព្រះសីហនុ 3A-5619 ដែលមានដឹកសត្វជ្រូករាប់សិបក្បាល ហើយអ្នកបើករបរបានរត់គេចខ្លួន ។ ដោយឡែក រថយន្តម្ខាងទៀតម៉ាកហីុយ៉ាន់ដាយដូចគ្នា ពាក់ស្លាកលេខ 3B-5136 អ្នកបើកបរឈ្មោះសយ យ៉យ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិកាចាប ឃំុព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ មន្ត្រីចរាចរណ៍បាននិយាយថា រថយន្តទាំង២គ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ហើយបើពិនិត្យទីតាំងកើតហេតុ រថយន្តដឹកជ្រូក ហាក់បានជ្រុលចង្កូតទៅបុករថយន្តដឹកខ្សាច់ទាំងកំរោលតែម្ដង។
នៅក្នុងហេតុការណ៍នេះ បានធ្វើឲ្យអ្នកជិះរថយន្តដឹកខ្សាច់២នាក់ រងរបួសកៀបជាប់ក្នុងរថយន្តរបស់ខ្លួន គឺម្នាក់ឈ្មោះសយ យ៉យ ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបររថយន្តដឹកខ្សាច់) រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះម៉ាត់ សុគន្ធ ភេទស្រី អាយុ៣០ឆ្នាំ រងរបួសស្រាល រីឯអ្នកបើកបររថយន្តដឹកជ្រូកទំនងមានរបួសដែរ តែបានរត់ចោលរថយន្តទាំងយប់ក្រោយកើតហេតុ។
បើតាមប្រភពពីកន្លែងកើតហេតុថា រថយន្តដឹកសត្វជ្រូករាប់សិបក្បាលនោះ ដឹកចូលពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិ«ភ្នំដី» ស្រុកសំពៅលូន ឆ្ពោះទៅភ្នំពេញ ។ លុះដល់ចំណុចកើតហេតុខាងលើ ទំនងអ្នកបើកបរងុយដេកមួយភាំង ស្រាប់តែរេចង្កូតទៅបុករថយន្តដឹកខ្សាច់ទាំងកំរោលលាន់ដូចរន្ទះកណ្ដាលយប់តែម្ដង។ ប្រភពដដែលបញ្ជាក់ថា ពេលនោះ អ្នកភូមិបាននាំគ្នាទៅជួយ តែឃើញមនុស្ស២នាក់រងរបួសកៀបជាប់ក្នុងរថយន្តដឹកខ្សាច់ ។ រីឯខាងរថយន្តដឹកជ្រូក ដំបូងគេឃើញមានប៉ុន្មាននាក់ដែរ តែប៉ុន្មាននាទីក្រោយមកស្រាប់តែបាត់មុខអស់ បន្សល់ទុកតែសត្វជ្រូកយំលាន់ទ្រហឹងពេញរថយន្ត ។ ហើយភ្លាមនោះ ទាំងសមត្ថកិច្ច ទាំងអ្នកភូមិ បានជួយរំដោះអ្នករបួស២នាក់ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ។
មន្ត្រីចរាចរណ៍ដែលចុះអន្តរាគមន៍និងពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្តនៅ គឺកើតឡើងដោយសារការធ្វេសប្រហែសរបស់ភាគីរថយន្តដឹកជ្រូក ដែលខ្វះការប្រុងប្រយ័ត្នទើបរេចង្កូតឆ្លងទ្រូងផ្លូវទៅបុករថយន្តម្ខាងទៀត បណ្ដាលឲ្យខូចខាតទាំងសងខាងនិងរបួសមនុស្សបែបនេះ។
ចែករំលែកព័តមាននេះ