ខេត្តកណ្តាល៖ សំបកទូកធ្វើអំពីស្មាច់(តាករ៉ាង) តូចធំចំនួន៥៥គ្រឿង និងម៉ាស៊ីនអូសទាញដែលឈ្មួញវៀតណាមនាំចូលគេចពន្ធ ហើយត្រូវប៉ូលិសសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បានកាលពីពេលថ្មីៗនេះត្រូវបានប្រគល់ទៅឱ្យគយខេត្តកណ្តាលកាលពីព្រឹក ថ្ងៃទី១០ តុលា ២០១៣ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
លោកទិត្យ វង្ស នាយការិយាល័យសេដ្ឋកិច្ចខេត្តបានឱ្យដឹងថា សម្ភារដែលត្រូវប្រគល់ឱ្យស្នាក់ការគយរដ្ឋាករខេត្តកណ្តាលរួមមានប្រភេទទូកធ្វើពីស្មាច់(តាករ៉ាង) ចំនួន៥៥គ្រឿង មានខ្នាតផ្សេងៗគ្នា គឺប្រវែង៩,២ម៉ែត្រចំនួន២គ្រឿង ប្រវែង៨,៥ម៉ែត្រចំនួន៤គ្រឿង ប្រវែង៧,២ម៉ែត្រចំនួន៦គ្រឿង ប្រវែង៦,៩ម៉ែត្រចំនួន១៧គ្រឿង ប្រវែង៥,៧ម៉ែត្រចំនួន៣គ្រឿង ប្រវែង៦,១ម៉ែត្រចំនួន១៧គ្រឿង និងម៉ាស៊ីនសម្រាប់អូសទាញចំនួន២គ្រឿងម៉ាកហុងដា និងម៉ាកនីស្សាន់។
សូមបញ្ជាក់ថា ទូកស្មាច់ទាំង៥៥គ្រឿងនោះត្រូវបានប៉ូលិសការិយាល័យសេដ្ឋកិច្ចខេត្តសហការជាមួយប៉ូលិសស្រុកកៀនស្វាយស្ទាក់ចាប់បានកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១ តុលា នៅក្នុងភូមិសាស្ត្រភូមិចន្លន់ ឃុំគគីធំ ស្រុកកៀនស្វាយ ខណៈឈ្មួញកំពុងលើកទូកទាំងនោះដាក់លើគ្នាសណ្តូនតាមបឹងនាំចូលពីប្រទេសវៀតណាមមកតាមច្រកក្អមសំណក្នុងស្រុកលើកដែក៕
ចែករំលែកព័តមាននេះ