រាជធានីភ្នំពេញ ៖ មួយរយៈចុងក្រោយនេះគេឃើញវង់ភ្លេងប្រដាល់នៅក្នុងសង្វៀនទូរទស្សន៍បាយ័ន បានទទួលការយកចិត្តទុកដាក់យ៉ាងពិសេសពីសំណាក់មន្ត្រីនៅក្នុងស្ថាប័នមួយនេះ ។ ក្រៅពីតម្រូវឱ្យពួកគេតុបតែងខ្លួនជារបៀបខ្មែរ តន្ត្រីករប្រចាំវង់ភ្លេងនេះ ក៏ត្រូវគេរៀបចំឱ្យអង្គុយនៅបរិវេណតុដែលមានការតុបតែងគួរឱ្យទាក់ទាញ ជាមួយនឹងការចាប់យកសកម្មភាពពីសំណាក់កាមេរ៉ាម្តងៗក្នុងពេលផ្សាយបន្តផ្ទាល់ប្រដាល់នោះទៀតផង ។
ក្នុងចំណោមសង្វៀនប្រដាល់ទាំងអស់គេចាប់អារម្មណ៍ថាសង្វៀនទូរទស្សន៍បាយ័ន កំពុងនាំមុខគេ ក្នុងការរៀបចំវង់ភ្លេងប្រដាល់បុរាណខ្មែរ ឱ្យមើលទៅទាក់ទាញខុសប្លែកជាងគេបើធៀបនឹងសង្វៀនរបស់ទូរទស្សន៍ផ្សេង ដែលស្ទើរតែគ្មានការរៀបចំឱ្យវង់ភ្លេងនេះ មានការចាប់អារម្មណ៍ទាល់តែសោះ ។ ក្នុងចំណោមតន្ត្រីករទាំង៤ដែលរួមមានអ្នកផ្លុំស្រឡៃម្នាក់ អ្នកគោះឈិងម្នាក់ និងអ្នកវាយស្គរ២នាក់ គេឃើញមន្ត្រីទូរទស្សន៍បាយ័នសុទ្ធតែតម្រូវឱ្យពួកគេពាក់មួកស្លឹកត្នោត ស្លៀកខោចែវ និងពាក់អាវបែបខ្មែរស្រុកស្រែ ព្រមជាមួយនឹងការរៀបចំតុលម្អដោយកម្រាល និងអមដោយរូបចម្លាក់តោពីរក្បាល ដែលមើលទៅដូចជាស្ថិតក្នុងសម័យបុរាណ ។ ការរៀបចំបែបនេះ បានធ្វើឱ្យអ្នកទស្សនាទាំងខ្មែរ និងបរទេសក្រឡេកភ្នែកមើលមិនសូវលស់ពេលឡើយ ព្រមជាមួយនឹងការចាប់អារម្មណ៍ចំពោះវង់ភ្លេងមួយក្រុមនេះ ខុសប្លែកពីមួយរយៈមុន ដែលវង់ភ្លេងនេះ គឺស្ទើរតែគ្មានគេចោលភ្នែកក្រឡេកមើលសោះ ។ ក្រុមអ្នកទស្សនានៅសង្វៀនទូរទស្សន៍បាយ័ន ភ្ញាក់ផ្អើលគួរសម ក្នុងពីរ-បីសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីវង់ភ្លេងបុរាណនេះត្រូវគេរៀបចំឱ្យមានសោភ័ណភាពទាំងទីតាំងអង្គុយ និងការតុបតែងស្លៀកពាក់ ។
លោកទេព សុផល ជាមេក្រុមវង់ភ្លេងនេះ បញ្ជាក់ថា នៅគ្រប់សង្វៀនប្រដាល់របស់ទូរទស្សន៍ទាំងអស់ ស្ថិតនៅក្រោមការចាត់ចែងរបស់គណៈកម្មការបច្ចេកទេសផ្នែកប្រដាល់ប្រចាំនៅក្នុងសហព័ន្ធកីឡាប្រដាល់ទាំងអស់ ដោយគ្រាន់តែនៅទូរទស្សន៍បាយ័នហាក់មានការនាំមុខគេចំពោះការរៀបចំបែបថ្មី ចំពោះអ្នកលេងភ្លេងទាំងអស់ ដើម្បីរំលេចការចាប់អារម្មណ៍ចំពោះវង់ភ្លេងមួយនេះតែប៉ុណ្ណោះ ។ ក្នុងនាមលោកជាអ្នកប្រគំភ្លេងនេះដែរ លោកសប្បាយចិត្តក្រៃលែងនៅពេលការប្រគំរបស់លោកបានទទួលការចាប់អារម្មណ៍ក្រោយពីទូរទស្សន៍បាយ័នរៀបចំឱ្យពួកលោកស្លៀកពាក់ជារបៀបខ្មែរ និងបានទាំងរៀបចំតុកៅអីឱ្យអង្គុយស្រួលដែលធ្វើឱ្យក្រុមភ្លេងលោកមានកម្លាំងចិត្តជាងមុន ។ លោកទទូចឱ្យគ្រប់សង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ផ្សេង អនុវត្តតាមលំនាំនេះ ដើម្បីជាសោភ័ណភាពនៅកន្លែងប្រដាល់នោះផង និងដើម្បីទាក់ទាញ
ចំពោះអ្នកទស្សនាក្នុងពេលវង់ភ្លេងរបស់លោកប្រគំឡើងផង ។ លោកចាត់ទុកថា ការរៀបចំរបស់ទូរទស្សន៍បាយ័ន នឹងក្លាយជាគំរូដល់ស្ថានីយទូរទស្សន៍ដទៃ និងជាការលើកស្ទួយមួយដ៏ធំ ដើម្បីឱ្យអ្នកទស្សនាទាំងអស់ ពិសេសគឺជនបរទេសតែម្តងផ្តោតការចាប់អារម្មណ៍ចំពោះវង់ភ្លេងប្រដាល់គុនខ្មែរមួយនេះ ។ ទោះយ៉ាងណាទូរទស្សន៍បាយ័ន ក៏មិនបានរៀបចំវង់ភ្លេងមួយនេះឱ្យមើលទៅទាក់ទាញគ្រប់ពេលនោះទេ ដែលកន្លងមកវង់ភ្លេងនេះត្រូវគេមើលរំលង ព្រោះសំអាងថា យកតែសំឡេងច្រើនជាង ។
លោកទេព សុផល និយាយថា វង់ភ្លេងប្រដាល់គុនខ្មែរ គេប្រើជាមួយឧបករណ៍ឆាបធំដែលគេឃើញក្នុងពេលដង្ហែសព និងស្គរទ្រួកមួយទៀតក្នុងពិធីហែបាយបិណ្ឌ និងព្រលឹងដូនតាជាដើម ។ វង់ភ្លេងមួយនេះ ជាវង់ភ្លេងដ៏ចំណាស់ ដែលកូនខ្មែរទាំងអស់គួរតែយល់ដឹង និងដឹងថា នៅក្នុងវង់ភ្លេងទាំងមូលមានឧបករណ៍ភ្លេងណាខ្លះ ។ មន្ត្រីប្រចាំសង្វៀនទូរទស្សន៍បាយ័នរូបនេះបញ្ជាក់ថា ការរៀបចំសម្រាប់វង់ភ្លេងនេះ ក្រៅពីរំលេចនូវសោភ័ណភាពនៅក្នុងសង្វៀនប្រដាល់ គឺយើងមានបំណងមួយទៀតធ្វើឱ្យវង់ភ្លេងនេះ បានទទួលការចាប់អារម្មណ៍ពីអ្នកទស្សនា ។
អីុចឹងហើយទើបទូរទស្សន៍បាយ័នបានរៀបចំវង់ភ្លេងនេះ នៅលើទីតាំងដែលងាយទាក់ទាញក្រសែភ្នែក និងបានទាំងកំណត់ឱ្យកាមេរ៉ាចាប់យកសកម្មភាពប្រគំភ្លេងដើម្បីលើកស្ទួយដល់វង់តន្ត្រីបុរាណនេះទៀតផង ។ ក្រុមអ្នកទស្សនានិយាយថា ប្រសិនបើគ្រប់សង្វៀនប្រដាល់ទាំងអស់ មានការរៀបចំវង់ភ្លេងនេះឱ្យបានដូចគ្នានឹងសង្វៀនទូរទស្សន៍បាយ័ន ឬបានល្អជាងនេះ គឺជាមុខមាត់ណាស់សម្រាប់កេរដំណែលសិល្បៈវង់ភ្លេងរបស់ដូនតាខ្មែរមួយនេះ ៕


ចែករំលែកព័តមាននេះ