រាជធានីភ្នំពេញ ៖ ទីបំផុតក្រុមចោរដែលបាញ់ប្លន់ជនបរទេសជាបន្តបន្ទាប់ក្នុងរាជធានីភ្នំពេញកន្លងមក ថ្មីៗនេះរហូតដល់ស្ថានទូតសហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសណែនាំដល់ពលរដ្ឋរបស់ខ្លួនដែលស្ថិតនៅកម្ពុជាគប្បីផ្អាកការធ្វើដំណើរនៅពេលយប់ បន្ទាប់ពីបុរសអាមេរិកម្នាក់បានរបួសធ្ងន់ដោយសារចោរបាញ់ប្លន់ និងស្ត្រីជនជាតិជប៉ុនម្នាក់ក៏របួសដោយសារចោរបាញ់ប្លន់ដែរ ។
ក្រៅពីនេះជនជាតិបារាំងក៏ជាជនរងគ្រោះដោយសារក្រុមចោរប្រដាប់អាវុធបាញ់ប្លន់ផងដែរ ។ ការធ្វើសកម្មភាពដ៏សាហាវទៅលើជនបរទេសដែលជាអ្នកទេសចរនេះ ពិតជាធ្វើឱ្យមានការប៉ះពាល់ដល់មុខមាត់ជាតិកម្ពុជាទាំងមូល ដោយសារតែត្រូវទទួលនូវការវាយតម្លៃមួយមិនល្អពីជនបរទេស ។ ទោះបីជាបែបនេះក្តី ក្នុងប្រតិបត្តិការរបស់កងកម្លាំងសមត្ថកិច្ចចម្រុះនៅយប់ថ្ងៃទី៧ តុលា ជនសង្ស័យជាចោរប្លន់២នាក់ត្រូវអស់លក្ខណ៍ ដោយម្នាក់ត្រូវចាប់ខ្លួនបាន និងម្នាក់ត្រូវបាញ់ឱ្យរបួសក្នុងពេលមានការផ្ទុះអាវុធតដៃប្រឆាំងនឹងកម្លាំងសមត្ថកិច្ចដែលតាមប្រមាញ់ បន្ទាប់ពីកើតមានករណីប្លន់ម៉ូតូស្គូពី១គ្រឿងពីនារីម្នាក់ ។ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌរាជធានី កាលពីព្រឹកថ្ងៃទី៨ តុលា បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខក្រុមជនសង្ស័យប្លន់ប្រដាប់អាវុធ ដែលទើបបង្ក្រាបបានក្នុងនោះបានបាញ់ឱ្យរបួសធ្ងន់ម្នាក់ផង ។
ក្នុងសន្និសីទសារព័ត៌មាន លោកផ្កាយ១ ជួន ណារិន្ទ បញ្ជាក់ថា ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី៧ តុលា កម្លាំងល្បាតរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចេញល្បាតនៅភូមិសាស្ត្រម្តុំវត្តកៀនឃ្លាំងក្នុងទឹកដីខណ្ឌឫស្សីកែវ ។ ពេលនោះកម្លាំងល្បាតបានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ២គ្រឿង ដែល១គ្រឿងធុនឌ្រីមសេ១២៥ ពណ៌ខ្មៅឡើង សេ៊រី២០១៣ និង១គ្រឿងទៀតម៉ាកស្គូពីពណ៌គ្រាប់អំពិលស៊េរី២០១៣ គ្មានពាក់ស្លាកលេខ ។ ពេលមានការសង្ស័យ កម្លាំងល្បាតជិះតាមពីក្រោយ នៅពេលពួកគេជិះចូលមកក្នុងរាជធានីភ្នំពេញវិញ ។ លុះមកដល់មុខក្រសួងមហាផ្ទៃ កម្លាំងល្បាតបានកៀរម៉ូតូជនសង្ស័យឱ្យឈប់ ដើម្បីត្រួតពិនិត្យ និងឃាត់បានម្នាក់ ចំណែកម្នាក់់ទៀតបានជិះម៉ូតូគេចខ្លួន ។ ពេលទៅដល់ស្ពានអាកាសក្បាលថ្នល់ ជនសង្ស័យម្នាក់នេះបានបាញ់មកលើសមត្ថកិច្ចចំនួន២គ្រាប់ ប៉ុន្តែផ្ទុះ១គ្រាប់និង១គ្រាប់ស្អុយ ។ ដោយប្រើសិទ្ធិការពារខ្លួនសមត្ថកិច្ចដែលជាកម្លាំងល្បាតបានផ្ទុះអាវុធតបតវិញ ចំនួន៦គ្រាប់ បណ្តាលឱ្យត្រូវជនសង្ស័យម្នាក់៤គ្រាប់ ហើយត្រូវបានចាប់ខ្លួននិងនាំទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀតភ្លាមៗ ។
លោកជួន ណារិន្ទ បន្តថា ពេលឃាត់ខ្លួនជនសង្ស័យទាំង២គឺពួកគេប្រដាប់ដោយកាំភ្លើងខ្លីម្នាក់១ដើម ម៉ូតូជិះធ្វើសកម្មភាព១គ្រឿង និងម៉ូតូជនរងគ្រោះដែលទើបប្លន់បានមួយគ្រឿង ។ ជនសង្ស័យ២នាក់ដែលត្រូវចាប់ខ្លួន គឺឈ្មោះ សារា៉ វា៉ត់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ប្រើប្រាស់អាវុធមា៉ក K59 និងជាអ្នកជិះពីក្រោយសម្រាប់ភ្ជង់ប្លន់ជនរងគ្រោះ ។ ចំណែកឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ជាអ្នកឌុបបក្ខពួកដើរប្លន់ ។ ជននេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ដោយសាររងរបួស ។ គួរកត់សម្គាល់ថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៧ តុលា ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពប្លន់ម៉ូតូនារីម្នាក់បានសម្រេចមា៉កស្គូពី សេ៊រី២០១៣ ពណ៌គ្រាប់អំពិលពាក់ស្លាកលេខភ្នំពេញ 1BR-៧៥៨៨ នៅចំណុចមុខសាលាចិនទួនហ្វា ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។ ជនរងគ្រោះក្នុងអំពើប្លន់នោះឈ្មោះ អ៊ុយ ច័ន្ទសូរិយា ភេទស្រី អាយុ២២ឆ្នាំ រស់នៅផ្ទះលេខ៣៣ ផ្លូវលេខ៣៧២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជានិស្សិត ។ ពេលប្លន់ម៉ូតូពីនិស្សិតស្រីនោះ ជនសង្ស័យមិនបានផ្ទុះអាវុធទេ គ្រាន់តែភ្ជង់គំរាម ។ ពេលប្លន់ម៉ូតូបានហើយ ជនសង្ស័យបានជិះម្នាក់មួយគ្រឿងសំដៅឡើងស្ពានជ្រោយចង្វាតាមផ្លូវជាតិលេខ៦ ។ លុះទៅដល់ម្តុំវត្តកៀនឃ្លាំង ពួកគេបានឈប់នៅទីងងឹត ហើយដោះស្លាកលេខម៉ូតូដែលប្លន់បានដាក់ក្រោមកែបម៉ូតូ រួចក៏នាំគ្នាជិះចូលមកក្នុងរាជធានីភ្នំពេញវិញ ។ ពេលជនសង្ស័យកំពុងនាំគ្នាដោះស្លាកលេខម៉ូតូដែលប្លន់បាននោះមានប្រជាពលរដ្ឋឃើញ ហើយទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ទើបកម្លាំងល្បាតការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចេញទៅកាន់គោលដៅនោះ និងបានប្រទះឃើញជនសង្ស័យតែម្តង ។
ក្នុងសន្និសីទបានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ សារា៉ វា៉ត់ បានសារភាពថា ខ្លួន និងឈ្មោះ ជា សុវណ្ណ បានធ្វើសកម្មភាពប្លន់ចំនួន៨លើក ចាប់ផ្តើមពីខែកញ្ញាកន្លងមក ក្នុងនោះក៏មានការបាញ់ប្លន់ជនបរទេសផងដែរ ។ តាមការសារភាព ត្រួសៗឱ្យដឹងថា លើកទី១ក្នុងខែកញ្ញា បានប្លន់ម៉ូតូស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ ពីជនរងគ្រោះ ភេទស្រី នៅម្តុំអតីតពេទ្យចិន ក្នុងខណ្ឌចំការមន ។ លើកទី២ ប្លន់ម៉ូតូមា៉កស្គូពីស៊េរី២០១៣ ពណ៌ស និងកាបូបប្រាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា មិនចាំថ្ងៃ ក្នុងខែកញ្ញា ។ លើកទី៣ឆក់កាបូបប្រាក់ ពីជនបរទេស កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៣ នៅចំណុចខាងកើតផ្សារចាស់ ផ្លូវលេខ១១០ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ដោយបាញ់ឱ្យរបួសផង ។ ជនរងគ្រោះឈ្មោះ SAKIKO TAKAYANAGI ភេទស្រី អាយុ៣៣ឆ្នាំ ជាជនជាតិជប៉ុន ដែលជាភ្ញៀវទេសចរ ស្នាក់នៅក្នុងសណ្ឋាគារប៉ាសុីហ្វិក ។ លើកទី៤ ប្លន់យកកាបូបប្រាក់ពីជនបរទេស កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ៣០៨ កែងផ្លូវលេខ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានបាញ់ឱ្យរបួសឈ្មោះ ម៉ូរីស វិលៀមឡ ភេទប្រុស អាយុ៥៧ឆ្នាំ ជាជនជាតិអាមេរិក ស្នាក់នៅផ្ទះជួលសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
លើកទី៥ ប្លន់ម៉ូតូម៉ាកស្គូពីស៊េរី២០១៤ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ១BY- ៥១៩៨ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ កញ្ញា ២០១៣ នៅមុខផ្ទះជួលលេខ៦១ ផ្លូវលេខ៥៧សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ជនរងគ្រោះក្នុងអំពើប្លន់នោះឈ្មោះគឹម ស្រីរំអាត ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងប្លន់ខាងលើនេះ ។ លើកទី៦ ប្លន់ម៉ូតូស្គូពី ពណ៌ស ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ១BP-៣០៣៦ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ កញ្ញា នៅចំណុចមុខផ្ទះលេខ៤៦៤ ផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។ ជនរងគ្រោះឈ្មោះលី រីដា ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលេខ២៧១ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជានិស្សិត ។ លើកទី៧ប្លន់ម៉ូតូស្គូពីពណ៌ស សេ៊រី២០១១ ពាក់ស្លាកលេខភ្នំពេញ២BA-០៤១៧ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៨ កញ្ញា នៅចំណុចមុខផ្ទះលេខ២២៤ ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ពីជនរងគ្រោះឈ្មោះទិត្យ កន្និកា ភេទស្រី អាយុ៣១ ឆ្នាំ ស្នាក់នៅផ្ទះលេខ២២០ ផ្លូវលេខ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងលើកទី៨ ប្លន់នៅមុខសាលារៀនចិនទួនហ្វា កាលពីយប់ថ្ងៃទី៧ តុលា ហើយត្រូវសមត្ថកិច្ចបង្ក្រាប ជាពេលដែលត្រូវអស់លក្ខណ៍ ។
លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានបញ្ជាក់ចុងក្រោយថា ជនសង្ស័យជាចោរប្លន់នោះអាចនៅមិនទាន់សារភាពគ្រប់គ្រាន់ ពីសកម្មភាពដែលពួកគេបានប្រព្រឹត្តទេ ដូច្នេះបើប្រជាពលរដ្ឋណារងគ្រោះដោយអំពើប្លន់ពីសូមទៅដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចដើម្បីជាចំណងផ្លូវច្បាប់ ចាត់ការលើជនសង្ស័យឱ្យបានធ្ងន់ ។ ជាងនេះទៀតលោកស្នងការរងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានដឹង បានទទួលព័ត៌មាន ឬសង្ស័យលើមុខសញ្ញាជនល្មើសណាមួយ សូមជួយរាយការណ៍ជូនសមត្ថកិច្ច ងាយស្រួលនឹងចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ