គណៈប្រតិភូអឺរ៉ុបដឹកនាំដោយលោក SIMONE PIERI ជាប្រធានគណៈប្រតិភូបានធ្វើដំណើរបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់ពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានាដែលកើតចេញពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុតែម្តង ។ ដោយបានចូលសម្តែងការគួរសមលោក ឈិន សេងងួន អភិបាលខេត្តស្តីទីបានសំណេះសំណាលផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

លោកឈិន សេងងួន អភិបាលខេត្តស្តីទីបានជម្រាបជូនគណៈប្រតិភូសហភាពអ៊ឺរ៉ុបអំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុមានដូចជា កំពង់ផែអន្តរជាតិទឹកជ្រៅ មានផ្លូវរថភ្លើងមានព្រលានយន្តហោះ តំបន់ឧស្សាហកម្មពិសេស តំបន់ពាណិជ្ជកម្មតំបន់កសិកម្ម និងរមណីយដ្ឋានទេសចរណ៍ល្អៗជាច្រើនទៀត ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុកផ្នែកឧស្សាហកម្មសំណង់ដែលមានសំណង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារប្រណិតៗ រួមទាំងផ្ទះសំណាក់តូចធំកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងការរីកចម្រើនក៏មានបញ្ហាប្រឈមលើផ្នែកហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ប៉ុន្តែរដ្ឋបាលខេត្តបាន និងកំពុងស្ថាបនាកែលម្អរឡើងវិញជាជំហានៗ ដើម្បីបម្រើមហាជនទូទៅ និងបម្រើឲ្យវិស័យទេសចរណ៍ ។

លោក SIMONE PIERI ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ថ្លែងអំណរគុណដល់រដ្ឋបាលខេត្តក្នុងការដឹកនាំ និងធ្វើឱ្យខេត្តនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុគណៈប្រតិភូក៏មានគោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គមបញ្ហាប្រឈមនានា និងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុជាដើម ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចជំនួបសំណេះសំណាលផ្លាស់ប្តូរយោបល់នេះគណៈប្រតិភូអឺរ៉ុបក៏មានគោលបំណងបន្តទស្សនៈកិច្ចសិក្សាស្វែងយល់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខេត្តព្រះសីហនុតំបន់ទេសចរណ៍នានាក្នុងខេត្ត និងពន្ធនាគារខេត្តព្រះសីហនុដោយអមជាមួយដោយក្រុមការងារ SIPAR រួមទាំងជួបជាមួយសហគមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុផងដែរ ៕
ចែករំលែកព័តមាននេះ