ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​និង​អចល​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ហក់​ឡើង​ខ្ពស់

5 ឆ្នាំ មុន
  • ព្រះសីហនុ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​ចុង​ក្រោយ​នេះ មាន​តម្លៃ​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ការ​រីកសាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​គឺ​វិនិយោគិន​ចិន​តែ​ម្ដង ។ ហេតុ​ដូច្នេះ អ្នកជំនាញ​ខាង​វិស័យ​អចល​ទ្រព្យ​ទទួលស្គាល់​ថា​អចល​ទ្រព្យ…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ រយៈពេល​ចុង​ក្រោយ​នេះ មាន​តម្លៃ​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ការ​រីកសាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​គឺ​វិនិយោគិន​ចិន​តែ​ម្ដង ។ ហេតុ​ដូច្នេះ អ្នកជំនាញ​ខាង​វិស័យ​អចល​ទ្រព្យ​ទទួលស្គាល់​ថា​អចល​ទ្រព្យ ក៏​ដូច​ជា​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ​កំពុង​ឡើងថ្លៃ​ខ្ពស់ ដែល​តំបន់​ខ្លះ​គឺ​មាន​តម្លៃ ៤០០០ ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​មាន​តែ​វិនិយោគិន​ចិន​ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ ។

ជាង​នេះ​ទៅ​ទៀត​អ្នកជំនាញ​ខាង​វិស័យ​មួយ​នេះ បាន​លើក​ឡើង​ថា​កំណើន​វិនិយោគិន​ចិន​ទៅ​កាន់​ខេត្ត​មាត់សមុទ្រ បាន​ប្រែក្លាយ​ខេត្ត​មួយ​នេះ​ឲ្យ​កាន់តែ​មាន​សក្តានុពល​សេដ្ឋកិច្ច ខ្លាំង​ឡើង ជាក់ស្តែង​កើន​ឡើង​នៃ​ចំនួន សណ្ឋាគារ កាស៊ីណូ រោងចក្រ​សហគ្រាស ភោជនីយដ្ឋាន និង​សេវា​កម្សាន្ដ​ផ្សេង​ទៀត បាន​និង​កំពុង​មាន​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ឡើង​ៗ​និង​រីក​ដុះដាល​ដូច​ផ្សិត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន​សែន នៅ​ថ្ងៃ​ទី ២២ ខែមីនា ម្សិលមិញ​នេះ បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​សាងសង​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​នៅ​ក្រុងព្រះសីហនុ ដើម្បី​ត្រៀម​រាបចំ​កិច្ចប្រជុំ​អាស៊ាន នៅ​ចុងឆ្នាំ​២០២២​ខាង​មុខ​។ ដែល​ជម្រុញ​ឲ្យ​អ្នកជំនាញ​អចល​ទ្រព្យ​ជឿជាក់​ថា​តម្លៃ​អចល​ទ្រព្យ​នៅ​ខេត្ត​នេះ​នឹង​មាន​សន្ទុះ​ឡើងថ្លៃ​បន្ត​ទៀត ។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះ​សីហ​នុ (Express Way) សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា «​ខ្ញុំ​កំពុង​ស្នើ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន​មួយ​កសាង​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​កិច្ចការ​នេះ ខ្ញុំ​ប្រគល់​ទៅ​ឱ្យ​ឧបនាយករដ្ឋមន្ត្រី​ជា​សុ​ផា​រ៉ា​រៀបចំ​។ ព្រោះ​ខ្ញុំ​ចង់​ប្រជុំ​ដៃគូ​ពាក់ព័ន្ធ នៅ​ក្រុងព្រះសីហនុ​នៅ​ចុងឆ្នាំ​២០២២​។​ដូចនេះ​យើង​អាច​ធ្វើ​ទាន់ ព្រោះ​ព្រ​លាន​យន្តហោះ កងកេង ត្រូវ​ក្រុមហ៊ុន​វ៉ាង​ស៊ី​ធានា​រ៉ាប់រង​ថា​ធ្វើ​ឱ្យ​រួចរាល់​នៅ​ចុងឆ្នាំ​២០២១​ឬ​ដើមឆ្នាំ​២០២២​។

​អីចឹង​យន្តហោះ​ធំ​ៗ​ដែល​មក​ទាំង​ពី​ឆ្ងាយ​ៗ​រាប់​ទាំង​យន្ត​ប្រធាន​ធិ​បតី​សហរដ្ឋអាមេរិក​ក៏​អាច​មក​ប្រជុំ​នៅ​ប្រទេស​យើង​បាន​»​។ សម្តេច​សង្កត់ធ្ងន់​ថា ប៉ុន្តែ​នៅ​ក្រុងព្រះសីហនុ​មិន​ទាន់​មាន​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ អីចឹង​ឧបនាយករដ្ឋមន្ត្រី​ជា​សុ​ផា​រ៉ា ត្រូវ​សហការ​ជាមួយ​ខាង​ក្រសួងការបរទេស ត្រូវធ្វើ​យ៉ាងម៉េច ទាក់ទង​ការ​រៀបចំ​កិច្ចប្រជុំ​ឱ្យ​មាន​លក្ខណៈ​ដូច​និង​វិមាន​សន្តិភាព​នៅ​ពេល​សាងសង់​រួចរាល់​។

សម្តេច​លើក​ឡើង​ថា « ឆ្នាំ​២០២២​ខ្ញុំ​គិត​ថា ប្រជុំ​រវាង​អាស៊ាន​គ្នា​ឯង​នៅ​ខែមេសា​នៅ​ខេត្តសៀមរាប​។ តែ​នៅ​ពេល​ប្រជុំ​អាស៊ាន​នឹង​ដៃគូ​គឺ​ប្រជុំ​នៅ​ក្រុងព្រះសីហនុ ព្រោះ​យើង​ប្រជុំ​នៅ​ភ្នំពេញ​ពីរ​លើក​រួច​ហើយ ។​អីចឹង​គប្បី​ឱ្យ​ខេត្តសៀមរាប​ទទួល​បាន​មួយ​ផ្នែក និង​ក្រុងព្រះសីហនុ​ទទួល​បាន​មួយ​ផ្នែក​»​។ គម្រោង​សាងសង់​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​នៅ​ក្រុងព្រះសីហនុ​នា​ពេល​អនាគត​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​មានការ​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​ទៀត ពិសេស​វិនិយោគិន​ចិន​។​ទន្ទឹម​នឹង​នេះ​តម្លៃ​ដីធ្លី​នៅ​ក្បែ​តំបន់​មជ្ឈមណ្ឌល​វា​និង​ឡើង​ថ្លែ​បន្ថែម​លើ​តម្លៃ​ដែល​មាននៅ​ពេល​បច្ចុប្បន្ន​។

លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា​តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ កន្លង​មក​នៅ​តំបន់​មាត់សមុទ្រ ក្បែ​ផ្លូវ​ធំ​ៗ​មួយ​ម៉ែត្រការ៉េ​ថ្លែ​អាច​ដល់​៤.០០០​ដុល្លារ​អា​មេ​រិ​ក​។ ចំណែក​តម្លៃ​ដីធ្លី​នៅ​ក្បែ​មជ្ឈមណ្ឌល​ខាងលើ​អាច​ឡើងថ្លៃ​ដល់​ចំណុច​មួយ​ខ្ពស់ បន្ទាប់​វា​នឹង​ជះ​ឥទ្ធិពល​ជា​វេជ្ជ​មាន​ទៅ​ដល់​ការ​អភិវឌ្ឍន៍​នៅ​តំបន់​ផ្សេង​ៗ​ស្ថិត​នៅ​ក្នុង​តំបន់​ដទៃ​ទៀត​។

តាម​នាយក​ក្រុមហ៊ុន Century 21 Fortuna Investment «​ដីធ្លី​នៅ​តំបន់​ក្រុងព្រះសីហនុ ក្រៅពី​ជនជាតិ​ចិន គ្មាន​ជនជាតិ​ណា​ផ្សេង​ទៀត​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថ្លៃ​និង​មាន​ទំហំ​ដី​ធំ​នោះ​ទេ ដោយសារ​សម័យ​នេះ​អ្នក​ដែល​សំបូរ​លុយ​ច្រើន​មាន​តែ​ជនជាតិ​ចិន ព្រោះ​កំណើនសេដ្ឋកិច្ច​ចិន​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ​មាន​កំណើន​ខ្ពស់​។ ដូចនេះ​ជនជាតិ​ចិន ក្រុមហ៊ុន និង​វិនិយោគិន​ចិន​ភាគច្រើន​មាន​លុយ​ច្រើន​។​លើស​ពី​នេះ​តំបន់​ព្រះ​សីហ​នុ ជា​តំបន់​មួយ​ល្អ​ស្ថិត​នៅ​លើ​គម្រោង​ផ្លូវ​សូត្រ​របស់​ចិន​(​ផ្លូវ​១​ខ្សែក្រវាត់​១) ដែល​ចិន​ចាត់ទុកជា​តំបន់​យុទ្ធ​សាស្ត្រ​»​។

ជាមួយនឹង​កំណើន​នៃ​វិនិយោគិន​ចិន​នៅ​កម្ពុជា សម្រុក​វិនិយោគ​លើ​វិស័យ​សំណង់ ក៏​ដូ​ជា​អចល​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក្រុងភ្នំពេញ​និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​នោះ ក៏​មាន​មតិ​ជា​ច្រើន​បង្ហាញ​ការ​ព្រួយ​បារ​ម្ម​ណ៍​ពី​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា ។ យ៉ាងណាមិញ សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ន៍​បញ្ជាក់​កាលពី​ម្សិលមិញ​ថា កម្ពុជា​មិន​បាន​បដិសេធ​ក្រុមហ៊ុន​វិនិយោគ​បរទេស​ណា​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ​សម្តេច​តេ​ជោ​នៅ​តែ​បន្ត​អំពាវនាវ​អោយ​វិនិយោគិន​បរទេស​ទាំងអស់​អាច​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្រប់ពេលវេលា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ