ឃើញអាណិតខំជួយ បែរជាលេងល្បិចមួយស្នៀតដាក់អ្នកមានគុណ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពាក្យចាស់និយាយថា «ឈើកោងវល្លិ៍ព័ទ្ធមនុស្សខ្ចាត់ព្រាត់ កុំឱ្យយកខ្លួនបៀត» ពិតជាមិនខុសមែន ជាក់ស្តែងយុវជនម្នាក់ដោយសារទុកចិត្តហៅមកនៅជាមួយឱ្យការងារធ្វើ ស្រាប់តែលួចម៉ូតូម្ចាស់ផ្ទះទៅវិញ ។ ករណីនេះកើតឡើងតាំងពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩មកម្ល៉េះ នៅចំណុចផ្ទះលេខ១០ ផ្លូវជាតិលេខ១ ភូមិតាង៉ូវក្រោម២ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។

ជនសង្ស័យខាងលើឈ្មោះ លី យ៉ាណី ហៅ បុត្រ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ចំណែកម្ចាស់ម៉ូតូឈ្មោះ មិញ សុមេត្តា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ១ ភូមិតាង៉ូវក្រោម២ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ។
យោងតាមពាក្យបណ្តឹងជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ មីនា មុនកើតហេតុគាត់បានហៅជាងមកជួសជុលផ្ទះ ហើយឱ្យជនសង្ស័យខាងលើជួយមើលជាងនៅផ្ទះ ចំណែកគាត់ទៅធ្វើការ លុះដល់ល្ងាចថ្ងៃដដែលត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់ជនសង្ស័យ ព្រមទាំងបាត់ម៉ូតូមួយគ្រឿងម៉ាក ZOMMER ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-4625 មួយគ្រឿងផង ក្រោយពីបាត់ម្ចាស់ម៉ូតូក៏បានទៅដាក់ពាក្យបណ្តឹងទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធន៍តែម្តង។

ជនរងគ្រោះបន្តថា លុះដល់ម៉ោងប្រហែល២១និង៣០នាទីយប់ ថ្ងៃទី២៣ មីនា ស្រាប់តែក្មួយស្រីរបស់ម្ចាស់ម៉ូតូបានឃើញជនសង្ស័យខាងលើ កំពុងជិះម៉ូតូនៅចំណុចផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក៏ឃាត់យកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ