ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៩ កញ្ញា លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ រួមដំណើរដោយលោកជំទាវជាភរិយា និងលោកជំទាវ យឹម ឆៃលីន ភរិយាលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានអញ្ជើញទៅជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិក-សមាជិកា គ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន១.០៧៩គ្រួសារ នៅចំណុចទួលក្រួស ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ។
ក្នុងឱកាសនោះ លោក ទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ បានអានរបាយការណ៍ស្តីពីការរីកចម្រើនលើគ្រប់វិស័យនៅឃុំបឹងតាព្រហ្ម ក៏ដូចជានៅស្រុកព្រៃនប់ទាំងមូល ជាពិសេសការរីកចម្រើនខាងវិស័យកសិកម្ម ដោយសារតែធម្មជាតិមានអំណោយផលល្អនៅឆ្នាំនេះ ។ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក-សមាជិកាក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានអញ្ជើញមកចូលរួមនាឱកាសនោះ ដោយបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំង៣ គឺសម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា សីុម ជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ។
ចែករំលែកព័តមាននេះ