ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើត​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទឹម ងាយស្រួល​ដល់​អ្នក​វិនិយោគ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ជំរុញ​ឱ្យ​មានការ​បង្កើត​នូវ​ប្រព័ន្ធ Eco System ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគទុន តាម​រយៈ​ក្រុមប្រឹក្សា​ជាតិ​ភស្តុ​ភារ ដើម្បី​ជួយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​សេវា​ភស្តុ​ភារ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ជំរុញ​ឱ្យ​មានការ​បង្កើត​នូវ​ប្រព័ន្ធ Eco System ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​វិនិយោគទុន តាម​រយៈ​ក្រុមប្រឹក្សា​ជាតិ​ភស្តុ​ភារ ដើម្បី​ជួយ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា​ក្នុង​សេវា​ភស្តុ​ភារ និង​បង្កើន​ប្រសិទ្ធភាព​លំហូរ​ទំនិញ និង​សេវាកម្ម​។

ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភស្តុ​ភារ​កម្ពុជា​លោក​ស៊ុន ចាន់​ថុ​ល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ និង​កិច្ចព្រមព្រៀង​សហ​ហិរញ្ញប្បទាន​រវាង UNDP ជាមួយ​ក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD នៅ​ថ្ងៃ​ទី​១៩ ខែមីនា​នេះ ថា «​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន Shenzhen 4PX Express និង UNDP​ដែល​ត្រូវ​បាន​បង្កើត​ឡើង ផ្អែក​តាម​ចំណុចខ្លាំង​របស់​ស្ថាប័ន​ទាំង​ពីរ នឹង​នាំ​ឱ្យ​មានការ​សហការ​ជាមួយនឹង​តួអង្គ​ពាក់ព័ន្ធ​ក្នុងស្រុក និង​ក្នុង​សកលលោក​ទាំងមូល ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ដោះស្រាយ​បញ្ហា​នានា​ដែល​នាំ​ឱ្យ​មានការ​រាំងស្ទះ​។
លោក​បន្ត​ថា «​ការ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​ឲ្យ​មាន​ភាព​រ៉ឹង​មាំ ទាមទារ​ឱ្យ​មានការ​ធ្វើ​កំណែទម្រង់​ជា​មូលដ្ឋាន​មួយ​ចំនួន ដើម្បី​ឱ្យ​មានការ​ចែកចាយ​ផលិតផល​កាន់តែ​លឿន​ជាង​មុន និង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ជុំវិញ​សេវា​ភស្តុ​ភារ​បាន​យ៉ាង​រហ័ស​”​។


ជាមួយ​គ្នា​នេះ​លោក Nick Beresford អ្នកតំណាង​UNDP ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម (MSME) របស់​ខ្លួន ការ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ កាន់តែ​អាច​ច្បាម​យក​សក្តានុពល​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​បន្ថែម​ទៀត​»​។ លោក Nick Beresford បន្ត​ទៀត​ថា «​សេដ្ឋកិច្ច​ឌី​ជី​ថ​ល បាន​កំពុង​នឹង​ប្រែក្លាយ​កម្ពុជា​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជា​ទិញ​អាហារ ទូទាត់​ថ្លៃ​ទំនិញ ហៅ​រ៉ឺ​ម៉ក់​កង់​បី (tuk-tuk) កក់​សណ្ឋាគារ ឬ​ទិញ​សម្លៀក​បំពាក់​ពី​តាម​ហាង​ជាដើម​។ សេវា​ទាំងនេះ បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន និង​ប្រកប​អជីវ​កម្ម​តាម​ប្រព័ន្ធ​អន​ឡាញ »​។


លោក​បន្ត​ថា ប្រការ​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ប្រព័ន្ធ Eco System សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក មាន​គោលបំណង​លើកកម្ពស់ បរិ​យា​បន្ន និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម ក្រោម​ការ​ចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំខាន់​ៗ​ចំនួន​បី រាជរដ្ឋាភិបាល ធុរកិច្ច និង​ឯកត្តជន ឬ​អ្នក​ប្រើប្រាស់​។ ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​តាម​រយៈ​ការ​ពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម និង​នវានុវត្តន៍ បើកចំហ​ឱ្យ​មានការ​ជួល​បុគ្គលិក​តាម​របៀប​ថ្មី សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង (startups), សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម​, និង​សហគ្រាស​ប្រភេទ​ផ្សេង​ទៀង និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ និង​បច្ចេកទេស​។


ប្រធាន​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Shenzhen 4PX Express លោក Yue Li មាន​ប្រសាសន៍​ថា សេវា​ភស្តុ​ភារ​ឆ្លង​ដែន នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា ទទួល​បាន​ប្រយោជន៍​ពី​ចរន្ត​ដ៏​រស់​រវើក នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នៅ​ក្នុង​តំបន់ ដោយ​មានការ​ជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន​។ វា​ក៏​នឹង​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ប្រយោជន៍ តាម​រយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ ដែល​កំពុង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក និង​ភស្តុ​ភារ​នៅ​ក្នុង​ប្រទេស​នេះ​។ លោក​បន្ថែម​ថា «​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ពិតជា​មាន​សក្តានុពល​យ៉ាង​ធំធេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ គេ​គួរ​ចាត់​ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក​នេះ ថា​ជា​ឧបករណ៍​កសាង​ឱកាស​ដើម្បី​បើកទ្វារ​បន្ថែម​ទៀត​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ទទួល​បាន​ឱកាស​រីក​ចម្រើន និង​ទទួល​បានការ​ទទួលស្គាល់​ក្នុង​ទីផ្សារ​សកល​» ។


ប្រទេស​កម្ពុជា​មាន​សក្តានុពល ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក (e-commerce) ដើម្បី​ផ្តល់​ភាព​ងាយស្រួល និង​បង្កើន​ប្រសិទ្ធភាព​ដល់​អតិថិជន អ្នក​លក់រាយ ទីផ្សារ និង​ការ​ទទួល​បាន​ព័ត៌មាន​ពាណិជ្ជកម្ម​។ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក មាន​អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​មាន​សក្តានុពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ