យោងតាមក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Capgemini និង RBC បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋដែលមានទ្រព្យសម្បត្តិនៅក្នុងតំបន់អាស៊ីបាស៊ីហ្វិកនឹងកើនលើសតំបន់ផ្សេងៗទៀតនៅដើមឆ្នាំ២០១៤ ខាងមុខ ។ក្រុមហ៊ុននេះនិយាយថា ចំនួនអ្នកមាននៅអាស៊ីប៉ាស៊ីហ្វិកដែលមានទ្រព្យសកម្មដែលអាចវិនិយោគយ៉ាងហោចណាស់១លានដុល្លារបានកើនឡើង៩,៤% គឺស្មើនឹង៣,៦៨លាននាក់កាលពីឆ្នាំ២០១២ តាមពីក្រោយអាមេរិកខាងជើង ។ ចំណែកទ្រព្យសម្បត្តិរបស់គេបានកើនឡើង១២,២% ដោយឈានដល់១២លានលានដុល្លារ ជាហេតុជំរុញឱ្យទ្រព្យសម្បត្តិដុលនៅលើពិភពលោកកើនខ្ពស់បំផុត ។
យោងតាមរបាយការណ៍ទ្រព្យសម្បត្តិអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៣ បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ (២០០៧-២០១២) ៤៥,៤% នៃកំណើនទ្រព្យសម្បត្តិដុលច្រើនបំផុតលើពិភពលោក គឺភាគច្រើនចេញមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ។ទីក្រុងហុងកុង និងឥណ្ឌាមានកំណើនអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតកាលពីឆ្នាំ២០១២ ។ ចំនួនអ្នកមានបំផុតនៅហុងកុងកើនឡើង៣៥,៧% ហើយទ្រព្យសម្បត្តិរបស់គេកើន៣៧,២% ខណៈអ្នកមានបំផុតនៅឥណ្ឌាកើនឡើង២២,២% ហើយទ្រព្យសម្បត្តិរបស់គេកើនឡើង២៣,៤% ។
ជាមួយគ្នានេះដែរ ចំនួនអ្នកមាននៅសិង្ហបុរីបានកើនឡើង១០,៣% ហើយទ្រព្យសម្បត្តិកើនឡើង១១,៥% កាលពីឆ្នាំ២០១២ ។
នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣ នេះ បណ្តាអ្នកមានទាំងនោះបានបោះទុន៦០% នៃទ្រព្យសម្បត្តិរបស់គេវិនិយោគលើវិស័យអចលនទ្រព្យ២៥,៥% ភាគហ៊ុន២៧,៣% និងការវិនិយោគផ្សេងៗ១១,១% ។ ចំណែកទ្រព្យសម្បត្តិដែលនៅសល់ត្រូវបានលៃលកជាសាច់ប្រាក់មានសុវត្ថិភាព និងប្រាក់បញ្ញើ២២,៦% និងប្រាក់ចំណូលជាប់លាប់ចំនួន១៣,៦% ៕
ចែករំលែកព័តមាននេះ