ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ រួមជាមួយនឹងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់សិបនាក់ ដែលធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៥៧ មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ដោយម្នាក់ៗចាត់ទុកថា នេះជាបញ្ហាដ៏ចម្លែកមួយ ដែលពុំធ្លាប់ឃើញពីមុនមក ខណ:ខាងសាលាខេត្តអនុញ្ញាតិឱ្យក្រុមឈ្មួញនាំគ្នាសង់រោងដាក់តាំងពិព័រណ៍ លក់ដូរទំនិញយ៉ាងរំភើយ នៅលើផ្លូវជាតិ ។

តែគេមិនបានគិតខ្វល់អំពីបញ្ហាដែលនឹងកើតឡើង ដូចជាករណីកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនោះឡើយ ។ ហេតុការណ៍ប្រជាពលរដ្ឋរិះគន់ទៅលើការសង់រោងតាំងពិព័រណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជាប់នឹងរង្វង់មូលវិមានឯករាជ្យ និងជាប់របងស្នងការខេត្ត លើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លាតសន្ធឹងប្រវែងជាង២០០ម៉ែត្រ ។

មតិសាធារណជននៅក្នុងខេត្តប៉ៃលិន បានធ្វើការរិះគន់ឱ្យដឹងថា នេះជាលើកតទី១ហើយ ដែលពួកគាត់សង្កេតឃើញរដ្ឋបាលសាលាខេត្តប៉ៃលិន អនុញ្ញាតិឱ្យក្រុមឈ្មួញយកផ្លូវសាធារណៈ ពោលគឺផ្លូវជាតិលេខ៥៧ ទៅសង់រោងដាក់ការតាំងពិព័រណ៍លក់ទំនិញយ៉ាងរំភើយ ដោយបិទផ្លូវជាតិអស់១ចំហៀង មិនគិតខ្វល់ពីអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរចេញ-ចូលទៅមកក្នុងក្រុងប៉ៃលិនទាល់តែសោះ ។

ប្រភពបន្តទៀតថា កាលពីមុនៗ គេឃើញខាងខេត្តធ្លាប់ដាក់តាំងពិព័រណ៍ត្រឹមតែក្បែរផ្លូវថ្នល់ជាតិប៉ុណ្ណោះ ប៉ុន្តែប្រហែលជាលក់ដូរអត់សូវដាច់ ឬយ៉ាងណា បានជាយករោងទៅដាក់សង់កណ្តាលផ្លូវជាតិ ដើម្បីឱ្យអតិថិជនឆាប់មើលឃើញងាយស្រួលចូលទិញទំនិញទេដឹង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបង្ហាញនូវការមិនពេញចិត្តថា ការតាំងពិព័រណ៍នៅលើផ្លូវសាធារ ណៈផ្លូវជាតិលេខ៥៧បែបនេះ គឺមិនត្រឹមត្រូវទេ ពោលគឺខុសច្បាប់ ខុសបច្ចេកទេស អត់ទំនង អាក្រក់មើលខ្លាំងណាស់ ហើយបើមានរថយន្តតូចធំបើកបរក្នុងល្បឿនលឿនជ្រុលចង្កូតប៉ះពារដល់ប្រជាពលរដ្ឋដែលចូលទៅទិញទំនិញ ឬអ្នកលក់ដូរ តើនរណាទទួលខុសត្រូវ ?

ចំណែកអ្នកខ្លះទៀតលើកឡើងថា ចំណែកប្រជាពលរដ្ឋវិញនាំគ្នាសុំច្បាប់សាងសង់រោងការ ឬរោងបុណ្យត្រឹមតែ១ ឬ២ថ្ងៃ នៅលើចំហៀងផ្លូវសាធារណៈ ដោយសារផ្ទះនៅជាប់នឹងថ្នល់ គឺមិនអនុញ្ញាតិច្បាប់ឱ្យនោះទេ តែបើក្រុមហ៊ុនឯកជនវិញ ចង់បិទផ្លូវសាធារណៈប៉ុន្មានថ្ងៃក៏បានដែរ ។









ចែករំលែកព័តមាននេះ