តម្លៃ​ដី​និង​អចលនទ្រព្យ​តាម​មហាវិថី​ធំ​ៗ​ក្នុងកម្រិត​ខ្ពស់​ខ្លាំង ពិបាក​សម្រាប់​ទិញ​អភិវឌ្ឍ​គម្រោង


រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តម្លៃ​ដី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តាម​មហាវិថី​ធំ​ៗ សុទ្ធតែ​ត្រូវ​បាន​អ្នកជំនាញ​ក៏​ដូច​ជា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​លើក​ឡើង​ថា មាន​តម្លៃ​ថ្លៃ​ខ្លាំង ឬ​ខ្ពស់​សឹង​កប់​ពពក​ទៅ​ហើយ បង្ក​ឲ្យ​មាន​ផល​លំបាក​សម្រាប់​ឈ្មួញ ក្នុង​ការ​ទិញ​ដើម្បី​អភិវឌ្ឍ​គម្រោង ដែល​ក្នុង​នោះ​រួម​មាន​ដូច​ជា​ផ្លូវ​មុនី​វង្ស ផ្លូវ​ម៉ៅ​សេ​ទុង និង​ផ្លូវ​ព្រះ​នរោត្តម​ជាដើម​។

ចុង​ក្រោយ​នេះ ចំពោះ​តម្លៃ​ដី និង​អចលន ទ្រព្យ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក៏​មាន​តម្លៃ​មិន​ទាប​នោះ​ដែរ ហើយ​ដី​នៅ​លើ​បណ្តោយ​ផ្លូវ​នេះ​បាន​ក្លាយទៅជា​តំបន់​ដែល​ពិបាក​រក​ទិញ​ដើម្បី​អភិវឌ្ឍ ដោយសារ​អស់​ដី​ទំនេរ​រួច​ទៅ​ហើយ សូ​ម្បី​តម្លៃ​ផ្ទះល្វែង ផ្លូវកែង​ក៏​មាន​មាន​តម្លៃ​ចូល​លាន​ដុល្លារ​ដែរ ។

លោក ស៊ា ឆៃ​លី​ន នាយក​ក្រុមហ៊ុន អចលនទ្រព្យ ឆៃ​លី​ន ស៊ា រៀល​ធី ខូ​អិ​ល​ធី​ឌី បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ១៤ ខែមីនា កន្លង​មក​ថា ទីផ្សារ​ដីធ្លី ក៏​ដូច​ជា​អចលនទ្រព្យ​នៅ​តាម​ផ្លូវ​កម្ពុជា​ក្រោម គឺ​មាន​តម្លៃ​ខ្ពស់ ព្រោះ​វា​ជា​តំបន់​ដី​កម្រ​។ ដី​នៅ​តាម​បណ្តោយ​ផ្លូវ ឬ​ស្ថិត​នៅ​តំបន់​ក្បែរ​ៗ​ផ្លូវ​នេះ​គឺ​កម្រ​មាន​ទំនេរ​ណាស់ ដែល​ភាគច្រើន​សុទ្ធតែ​ជា​ផ្ទះល្វែង​ទាំងអស់ ហើយ​បើ​ចំពោះ​តម្លៃនៅលើទីផ្សារ ដែល​គិត​ជា​មធ្យម គឺ​មួយ​ជុង​អាច​ក្នុង​ចន្លោះ​ចាប់ពី ៦០-៧០​ម៉ឺន​ដុល្លារ​ឯណោះ ដែល​តម្លៃ​នេះ​វា​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​តម្លៃ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រះ​មុនី​វង្ស​ដែរ​។

លោក ស៊ា ឆៃ​លី​ន បន្ត​ថា «​បើ​គិត​ត្រឹមតែ​តម្លៃ​ដី គ្រាន់តែ​យក​តម្លៃ​នៃ​សំណង់​មួយ​ជុង​ដែល​លក់​ក្នុង​តម្លៃ​ខាងលើ​នេះ ហើយ​ដក​នឹង​តម្លៃ​នៃ​តួ​សំណង់​ចេញ នោះ​យើង​នឹង​ដឹង​ពី​តម្លៃ​ដី​ហើយ ដែល​យ៉ាង​ហោច​ណាស់​ក៏​ក្នុង​រង្វង់​៥ ទៅ ៦៦០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​» ។

ដោយឡែក​សំណួរ​សួរ​ថា តើ​ហេតុផល​អី​ដែល​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ទី​នេះ​មាន​កម្រិត​ខ្ពស់​យ៉ាងនេះ? ចម្លើយ គឺ​ដោយសារ​តែ​ផ្លូវ​នេះ ជា​ផ្លូវ​សេដ្ឋកិច្ច​ដែល​អាច​ធ្វើ​អាជីវកម្ម​ចម្រុះ​បាន​យ៉ាង​ប្រសើរ គេ​អាច​ធ្វើ​អាជីវកម្ម​ផង ហើយ​អាច​រស់នៅ​ផង ម្យ៉ាង​វា​ក៏​ជា​តំបន់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​ជា​បណ្តុំ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។

ជាមួយ​គ្នា​នេះ លោក​ស៊ា ឆៃ​លី​ន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ខាងលើ​នេះ នៅ​មិន​ទាន់​ដល់​ចំណុច​កំពូល​នៅឡើយ​នោះ​ទេ ខណៈ​ដែល​ជា​ទូទៅ​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​នេះ តែង​មានការ​កើនឡើង​ក្នុង​រង្វង់​ចាប់ពី ១០​ទៅ​១៥​ភាគរយ​ប្រចាំឆ្នាំ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ