ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​អឺរ៉ុប​មក​បំពេញការងារ​ទាក់ទង​​បញ្ហា EBA ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពេល​បញ្ចប់​បេសកកម្ម​ការទូត​រយៈពេល​ជាង​៣​ឆ្នាំ​នៅ​កម្ពុជាលោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​(EU)​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ពី​ការ​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ បើ​ប្រៀបធៀប​នឹង​កាល​២០​ឆ្នាំ​មុន ។…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពេល​បញ្ចប់​បេសកកម្ម​ការទូត​រយៈពេល​ជាង​៣​ឆ្នាំ​នៅ​កម្ពុជាលោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​(EU)​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ពី​ការ​កត់​សម្គាល់ថា ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ បើ​ប្រៀបធៀប​នឹង​កាល​២០​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​លោក កេ​ត សោ​ផា​ន់ អ្នក នាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែងប្រាប់ ក្រោយ​ពី​លោក​George Edgar បាន​ចូល​ជួប​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ជម្រាបលា កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមីនា នៅ​ទីស្តីការក្រសួង ។

លោក George Edgar បាន​អរគុណ​លោកឧបនាយករដ្ឋមន្ត្រី ដែល​ផ្តល់​ឱកាស​ដល់​រូប​លោក​ក្នុង​ការ​ពិភាក្សា​ដោយ​បើកចំហ និង​ស្មោះ ត្រង់​នៅ​លើ​កិច្ចការ​ជា​ច្រើន ។ រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មកនេះ លោក​រីករាយ​ដែល​បាន​ធ្វើការងារ​យ៉ាង​ល្អជា​មួយ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ។

លោក George Edgar លើក​ឡើង​ថា លោក​មានការ​កត់សម្គាល់​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ខុស​ពី​កាល​២០​ឆ្នាំ​មុន​ដែល​លោក​មាន​វត្ត​មាននៅ​កម្ពុជា គឺ​ពេល​នេះ​បានឃើញ​នូវ​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា ។ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ជំនួយ​របស់​សហភាព​អឺរ៉ុប​(EU) ។ សហភាព​អឺរ៉ុប ក៏​បាន​តម្រង់​ទិស​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន ស្រប​តាម​កម្មវិធី​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា តែ​សហភាព​អឺរ៉ុប​មិន​បាន​យក​កម្មវិធី​របស់​ខ្លួន​មក​ឲ្យ​កម្ពុជា​អនុវត្ត​នោះ​ទេ ។

លោក George Edgar ថ្លែង​ថា សហភាព​អឺរ៉ុប​បាន​តម្រង់​ទិស​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស​របស់​កម្ពុជា ដែល​ជា​ហេតុ​ជៀស​ផុត​ពី​ការ​ជាន់​គ្នា​នៃ​កម្មវិធី​អភិវឌ្ឍន៍ រវាងសហភាព​អឺរ៉ុប​(EU) និង​រាជរដ្ឋាភិបាល​កម្ពុជា ។ EU​បាន​សម្តែង​ការ​សប្បាយ​រីករាយ ដែល​បាន​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ និងរបៀបវារៈ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ។

លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប ក៏​ធ្លាប់​បាន​ជួយ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុ​ជានា​ឆ្នាំ​២០១៧ ជួយ​ដល់​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ។ លោក​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បានសម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​បំពេញ​ការងារ​ដែល​បញ្ចប់​​​ដោយ​ជោគជ័យ​នៅ​កម្ពុជា ។ លោក​បាន​លើក​ឡើង​ការងារ​របស់​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​បាន​ខិតខំ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប ។

ជា​ការ​ឆ្លើយ​តប ក្នុង​នាម​រាជរដ្ឋាភិ​បាល​កម្ពុជា និង​ប្រជាជន​កម្ពុជា លោក​ឧនា​យក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​និង​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម បាន​រួមចំណែក​ធំធេង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​លើកកម្ពស់​អភិបាល​កិច្ច លើកកម្ពស់​នីតិរដ្ឋ ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រយៈពេល​២៥​ឆ្នាំ​កន្លង​មក ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្រសួងការបរទេស​ក៏​ដូច​ជា​រូប​លោក​ផ្ទាល់ បាន​ត្រៀម​សហការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​តំណាង​សហភាព​អឺរ៉ុ​ប ដែល​នឹង​បំពេញការងារ​បន្ត​នៅ​ប្រទេស​កម្ពុជា ។ ជា​ការ​ពិត ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺ​រ៉ុ បាន​ផ្តល់​ផល​ទាំង​សងខាង ។

លោក​ឧបនាយករដ្ឋមន្ត្រី​អះអាង​ថា «​ចំពោះ​បញ្ហា​EBA​វិញ រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​ការងារ​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​»​ដដែល ។ លោក​ឧបនាយករដ្ឋមន្ត្រី គ្រោង​ជួប​ជាមួយ​ប្រតិភូ​EU ដែល​នឹង​មក​បំពេញការងារ​ទាក់ទង​នឹងបញ្ហា​EBA​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​១៩​ដល់ទី​២០ ខែមីនា ខាង​មុខ ៕