ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​ជា​ឱកាស​សម្រាប់​ក្រុង​កំពង់ឆ្នាំង​ឈាន​ទៅ​ដណ្ដើម​ជ័យ​លា​ភី​ទីក្រុង​ស្អាត​អាស៊ាន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នូវ​ការ​អះអាង​ថា ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ទីក្រុង​កំពង់ឆ្នាំង បំផុស​ចលនា​ទាំង​ឡាយ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដណ្ដើម​ជ័យ​លា​ភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២…

ខេត្ត​កំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នូវ​ការ​អះអាង​ថា ការ​រៀបចំ​ពិធី​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ឱ្យ​ទីក្រុង​កំពង់ឆ្នាំង បំផុស​ចលនា​ទាំង​ឡាយ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ដណ្ដើម​ជ័យ​លា​ភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ និង​ជួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ទៀត​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​អះអាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ក្រោម​ប្រធានបទ «​ទន្លេ​ផ្សារ​ភ្ជាប់​៖ សន្តិភាព ប្រជាជន និង​ទេសចរណ៍​» អម​ជាមួយ​ពិធី​ចែក​ប័​ណ្ណ​សរសើរ​ដល់​អាជីវកម្ម​ដែល​ស្នាដៃ​ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ ។

លោក ថោ​ង ខុន បាន​រម្លឹក​ថា ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង បាន​ជាប់​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន កាលពី​លើក​ទី​១​រួច​ហើយ ប៉ុន្តែ​ជ័យ​លា​ភី​នេះ​មាន​សុពលភាព​តែ​៣​ឆ្នាំ ទេ ហើយ​ឥឡូវនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ទីក្រុង​ចំនួន​៤ និង​ខណ្ឌ​ចំនួន​១​ទៀត ដាក់​ជា​បេក្ខភាព​ចូល​ប្រកួត​ទីក្រុង​ស្អាត​អាស៊ាន​នៅ​ឆ្នាំ​២០២០​ខាង​មុខ ក្នុង​នោះ​រួម​មាន ក្រុង​កំពង់ចាម ក្រុង​តា​ខ្មៅ ខណ្ឌដូនពេញ ក្រុង​ពោធិ៍សាត់ និង​ក្រុង​កំពង់ឆ្នាំង​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ដែល​ខេត្តកំពង់ឆ្នាំង​ទទួល​រៀបចំ​បុណ្យ​ទន្លេ​នេះ ប្រៀប​ដូច​ជា រៀបចំ​ខ្លួន​សម្រាប់​ត្រៀម​ដណ្ដើម​យកជ័យ​លា​ភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» ដែរ​។ លោក​ថ្លែង​នូវ​ការ​កោតសរសើរ​ផង​ដែរ​ចំពោះ​ទីក្រុង​កំពង់ឆ្នាំង​ថា ជាទី​ក្រុង​ស្អាត មាន​រចនាសម្ព័ន្ធ​ល្អ មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ល្អ ពិសេស​ក៏​មាន​អគារ​នៅ​សល់​ពី​សម័យ​អាណានិគម​បារាំង មាន​ដើមឈើ​ធំ​ៗ​ត្រឈឹងត្រឈៃ ថ្វី​ដ្បិតតែ​ទីក្រុង​នេះ​រាង​តូច​បន្តិច​ក៏​ដោយ​។

ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​សម្រាប់​ត្រៀម​ដណ្ដើម​ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ ដែល​រួម​មាន ៖​ គណៈកម្មការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ពិសេស​ការី​ទេសចរណ៍​ក្នុងស្រុក ចាប់ដៃ​សហការ​បង្កើត និង​ចងក្រង​ជា​ខ្សែ​ទស្សនកិច្ច​ក្នុងស្រុក សម្រាប់​ខេត្តកំពង់ឆ្នាំង និង​ជាមួយ​ខេត្ត​ជុំវិញ​ឱ្យ​កាន់តែ​សម្បូរ​បែប​ សំខាន់​ត្រូវ​រួម​គ្នា​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​តាម​ដង​ទន្លេ​។

ទន្ទឹម​នោះ​ត្រូវ​ខិតខំ​បង្កើន លទ្ធភាព​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍ឱ្យ​បាន​កាន់តែ​សម្បូរ​បែប​ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​។ ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម ទេសចរណ៍ អាជីវកម្ម​ទេស
ចរណ៍​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ​ចំពោះ​គុណភាព សេវាកម្ម​របស់​ខ្លួន​។

លោក​បន្ត​ថា ចំពោះ​សេវាកម្ម​ត្រូវ​តែ​ល្អ​ស្ថិត​ក្នុង​កម្រិតស្តង់ដា និង​ប្រកបដោយ​ទំនុកចិត្ត​សម្រាប់ ភ្ញៀវ​ទេសចរ ស្រប​តាម​យុទ្ធនាការ «​សេវា​មួយ ស្តង់ដា​មួយ ។ ដោយឡែក​ម្ចាស់​អាជីវកម្ម ទេសចរណ៍​ទាំងអស់ កុំ​គិតតែ​ការ​ពង្រឹងគុណភាព​សេវាកម្ម ពេល​ដែល​មាន​ព្រឹត្តិការណ៍​ទេសចរណ៍ ឬ​ពិធីបុណ្យ​ជាតិ ផ្សេង​ៗ គឺ​ត្រូវធ្វើ​ជា​ប្រចាំ ដើម្បី​ធានា​នូវ​សេវាកម្ម​មួយ ប្រកបដោយ ទំនុកចិត្ត​ដល់​ភ្ញៀវ​ទេសចរ ស្រប​ទៅ​តាម​កម្រិតស្ដង់ដា​ថ្នាក់​ជាតិ និង​អាស៊ាន​។ ទន្ទឹម​នោះ ត្រូវ​បន្ត​រួម​គ្នា​ពង្រឹង​ជំនាញ វិជ្ជាជីវៈ​ទេសចរណ៍ ស្រប​តាម​យុទ្ធនាការ «​បុគ្គលិក​ម្នាក់ ជំនាញ​មួយ ។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ទីក្រុង​បេក្ខភាព​ចំនួន​៦ ចូលរួម​ក្នុង​ការ ប្រកួត​ដណ្ដើម​ជ័យ​លា​ភី «​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​» លើក​ទី​២ ក្នុង​នោះ​រួម​មាន ក្រុង​កំពង់ចាម ក្រុង​ពោធិ៍សាត់ ក្រុង​កំពង់ឆ្នាំង ក្រុង​តា​ខ្មៅ ក្រុង​កំពត និង​ខណ្ឌដូនពេញ​។ ជ័យ​លា​ភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២​នេះ គ្រោង​នឹង​ប្រកាស​នៅ​ក្នុង​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន (ATF) នៅ​ដើម​ខែមករា ឆ្នាំ​២០២០ នៅ​ប្រទេស​ប្រ៊ុ​យ​ណេ​ដា​រូ​សា​ឡឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ