រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជា និងប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានធ្វើជាសាក្សីក្នុងចុះពិធីចុះហត្ថលេខាសំខាន់ក្នុងនោះមានការផ្តល់ឥណទានសម្បទាន គម្រោងផ្គត់ផ្គង់ថាមពល គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យសុខាភិបាលជាដើម ។
ពិធីចុះកិច្ចព្រមព្រៀងបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៥ ខែមីនា នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយកិច្ចព្រមព្រៀងទាំង៥នោះរួមមាន ១- កិច្ចសម្របសម្រួលក្របខណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ2019-2023 ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី កាង ឃ្យូងវ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ។ ២- អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធបណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា និងលោក សង់ យូនម៉ូ រដ្ឋមន្ត្រីពាណិជ្ជកម្មឧស្សាហកម្ម និងថាមពលកូរ៉េ ។
៣ – កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចុះហត្ថលេខាដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ីន សង់ស៊ូប្រធានធនាគារនីហរ័ណ-អហរ័ណកូរ៉េ ។ ៤- អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការសម្រួលការវិនិយោគពីកូរ៉េចុះហត្ថលេខាដោយលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ក្វន់ ភ្យង់អូ ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ ។
៥- អនុស្សារណៈនៃការយោគយល់គ្នារវាងរាជបណ្ឌិតសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក សង់ ឃ្យុងរ្យ៉ុង ប្រធានក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមកូរ៉េ ។
គួរឮកថា លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងភរិយាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩៕
ចែករំលែកព័តមាននេះ