ប្រទេសវៀតណាម៖ ភ្នាក់ងារសារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី១៤ មីនា កន្លងមកថា លោក Do Quoc Hung ដែលជាអនុប្រធាននាយកដ្ឋានទីផ្សារអាស៊ីអាហ្វ្រិកបានឲ្យដឹងថា តម្រូវការកសិផលដ៏ខ្ពស់ពីប្រទេសកូរ៉េខាងត្បូង និងជប៉ុនផ្តល់ជាឱកាសដល់វៀតណាមក្នុងការបង្កើនការនាំចេញកសិផលខ្លួនជាពិសេសផ្លែឈើ និងបន្លែជាដើម ។
ការនាំចូលកសិផលដោយកូរ៉េខាងត្បូងក្នុងកំឡុងពេលប៉ុន្មានឆ្នាំមកនេះបានកើនឡើងយ៉ាងខ្លាំងមកស្មើ ៣៥.២ប៊ីលានដុល្លារ ។ ប៉ុន្តែលោកបានកត់សម្គាល់ថា ការនាំចេញកសិផលវៀតណាមទៅកាន់កូរ៉េខាងត្បូងនៅមានកម្រិតនៅឡើយឬស្មើប្រមាណ២.១៤ប៊ីលានដុល្លារ ។ កសិផលសំខាន់ៗរបស់វៀតណាមដែលត្រូវបាននាំចេញទៅកាន់ទីផ្សារនេះរួមមានគ្រាប់កាហ្វេ ផ្លែចេក ម្ទេស ខ្ទឹម ផ្លែស្រកានាគ ស្វាយ អង្ករ បង្គារ និងត្រីជាដើម។
លោកបានបន្តថា «បច្ចុប្បន្ននេះទីផ្សារកូរ៉េខាងត្បូងបានអនុញ្ញាតឲ្យមានការនាំចូលដូង ចេក ស្វាយ និងស្រកានាគពីវៀតណាម។ ក្រសួងកសិកម្ម និងការអភិវឌ្ឍន៍ជនបទ (MARD) បានសហការជាមួយនឹងភាគីខាងកូរ៉េដើម្បីបើកទ្វាសម្រាប់ផ្លែប៉ោមវៀតណាម ក្រូចខ្លុង សាវម៉ាវ មៀន និងគូលេនឲ្យចូលក្នុងទីផ្សារ» ។
លោកបានកត់សម្គាល់ទៀតថា ប្រទេសជប៉ុនគឺជាប្រទេសនាំចូលកសិផលធំជាងគេលេខបួនលើពិភពលោក ដោយស្មើប្រមាណ ៥៧.៨ប៊ីលានដុល្លារកាលពីឆ្នាំមុន ។ ប៉ុន្តែប្រៀបដូចនឹងទីផ្សារកូរ៉េដែរ ការនាំចេញកសិផលវៀតណាមទៅកាន់ជប៉ុននៅមានកម្រិតនៅឡើយ។ វៀតណាមនាំចេញបន្លែនិងផ្លែឈើវៀតណាមទៅកាន់ទីផ្សារនេះស្មើ ២.៥លានដុល្លារ និង៣៦.៤លានដុល្លារ ឬស្មើ ១.៣% និង ១.១%នៃការនាំចូលសរុបរបស់ជប៉ុន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះជាមួយនឹងប្រទេសទាំងពីរនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនក្នុងស្រុកក្នុងការបង្កើនការនាំចេញ ប៉ុន្តែទីផ្សារទាំងពីរបានអនុវត្តវិធានត្រួតពិនិត្យយ៉ាងតឹងរឹង ដែលបង្កភាពលំបាកដល់ក្រុមហ៊ុនក្នុងការបង្កើនការនាំចេញទៅកាន់ទីផ្សារទាំងនេះ ៕
ចែករំលែកព័តមាននេះ