រាជធានីភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២៣ កញ្ញា នេះ វេលាម៉ោង៣រសៀលនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានពិធីផ្លាស់ប្តូរមេបញ្ជាការរវាងលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង និងលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអីុ ។ ពិធីនេះប្រារព្ធធ្វើក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកអភិបាលរាជធានីភ្នំពេញ ព្រមទាំងអ្នកមុខអ្នកការជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអីុ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកាន់តំណែងជាមេបញ្ជាការនេះរហូតដល់ទៅ២អាណត្តិ ខណៈដែលមេបញ្ជាការមុនមិនបានគ្រប់គ្រងការងារនេះយូរជាងលោកនោះ ទេ ។ លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអីុ បានប្រាប់កោះសន្តិភាពថា លោកមានមោទនភាពណាស់ដែលបានបំពេញតួនាទីជាមេបញ្ជាការក្នុងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយភូមិសាស្ត្រស្មុគស្មាញបំផុតនោះ ហើយការផ្លាស់ប្តូរនេះគឺលោកនៅតែជាមេបញ្ជាការរងលើផ្ទៃប្រទេសដដែលទេ គឺលោកវិលទៅកាន់កន្លែងដើមវិញ ។
គួររំលឹកថា មុនពេលឈានដល់ការផ្លាស់ប្តូរនេះ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ បានមកជួយការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាដៃគូជាមួយលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអុី ដែរ ក្នុងការគ្រប់គ្រងស្ថានការណ៍ក្រោយថ្ងៃបោះឆ្នោត ។ លោក យ៉ា គឹមអុី បានមានប្រសាសន៍ប្រាប់កោះសន្តិភាពថា ថ្នាក់លើបានដាក់លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មក គឺមកជួយការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយពង្រឹងការងារឱ្យកាន់តែមានសុពលភាពថែមទៀត និងដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ នៅមុនពេលរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។ ចំណែកលោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក៏ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ លោកជាអ្នកដឹកនាំមួយរូបដែលមានប្រជាប្រិយភាពសម្រាប់មន្ត្រីក្រោមឱវាទ និងសម្រាប់មន្ត្រីនានានៅក្នុងខេត្ត ។
លោក រ័ត្ន ស៊្រាង បានឈានមុខជាគំរូមួយ គឺការបង្កើតមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនរហូតល្បីល្បាញសុសសាយ ហើយមជ្ឈមណ្ឌលនានាក៏ត្រូវបានបង្កើតឡើងនៅតាមខេត្ត-ក្រុងដូចលោកបង្កើតដែរ ។ លោកឧត្តមសេនីយ៍ទោ បានចាត់តាំងឱ្យមានផែនការសម្រកក្បាលពោះមន្ត្រីជាកងកម្លាំងរបស់លោករាប់រយនាក់ឱ្យអនុវត្តនូវការហ្វឹកហាត់ ដែលការងារនេះក៏ជាការកត់សម្គាល់ផងដែរ ។ ការមកបំពេញការងារថ្មីរបស់លោកជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពិតជាស័ក្តិសមមួយដោយមហាជនរំពឹងថា លោកឧត្តមសេនីយ៍នឹងដឹកនាំការងារពីពេលនេះតទៅ ជាសមត្ថកិច្ចនគរបាលយុត្តិធម៌ ធានាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើេរឡើងថែមទៀតមិនខាន ។
គួររំលឹកថា អង្គភាពកងរាជអាវុធហត្ថត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះមានអាយុ២០ឆ្នាំហើយ ។ នៅរាជធានីភ្នំពេញ េមបញ្ជាការកងរាជអាវុធហត្ថមុនគេនោះ គឺលោក នាម អៀង ។ លោក នាម អៀង កាន់បានប្រមាណ២ទៅ៣ឆ្នាំ ក៏ផ្ទេរតំណែងមេបញ្ជាការនោះទៅលោក ឈិន ច័ន្ទពណ៌ ហើយលោក ឈិន ច័ន្ទពណ៌ ធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមាណ៣ឆ្នាំ ក៏ត្រូវផ្ទេរចូលដោយ លោក វង្ស ពិសេន ។
លោក វង្ស ពិសេន កាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រមាណ២ឆ្នាំ ក៏បានផ្លាស់ប្តូរដាក់ លោក សេង សុង ជំនួសវិញ ។ លោក េសង សុង ឡើងបានជាង១ឆ្នាំ ក៏ត្រូវផ្លាស់ចេញ និងដាក់ជំនួសវិញដោយលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអុី ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃនេះ ។ លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអុី កាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន២អាណត្តិហើយ ដែលគិតទៅគឺ១០ឆ្នាំ ។ ដូច្នេះសរុបទៅមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានតែលោកឧត្តមសេនីយ៍ឯក យ៉ា គឹមអុី ទេ ដែលកាន់តំណែងបានយូរអង្វែងជាងគេ និងត្រូវបានមជ្ឈដ្ឋាននានាមើលឃើញថា លោកឧត្តមសេនីយ៍ យ៉ា គឹមអុី ពិតជាមានស្នាដៃធំធេងក្នុងការងារដឹកនាំស្ថាប័នកងរាជអាវុធហត្ថរាជធានីភ្នំពេញ គួរឱ្យកត់សម្គាល់៕
ចែករំលែកព័តមាននេះ