ខេត្តកំពង់ឆ្នាំង៖ កុមារាពីរនាក់បងប្អូនបានស្លាប់ដោយសារលង់ទឹក ខណៈមកពីវត្តជាមួយឪពុកម្តាយវិញបានចូលលេងនៅទ្វារទឹក២០ឧសភា ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៏ ។
ហេតុការណ៏គួរឲ្យសោកស្តាយនិងរន្ឋត់នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ កញ្ញា ២០១៣ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃកាន់បិណ្ឌទី៣នៅវត្តស្រះកែវ ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៏ លុះត្រឡប់មកវិញក៏ឆ្លៀតចូលលេងទំនប់ទ្វារទឹក២០ឧសភា ។ ពេលនោះក្មេងប្រុសទំាងពីរបានចុះងូតទឹកជាមួយម្តាយ ស្រាប់តែកូនប្រុសប្អូនបានរអិលជើងធ្លាក់ចូលអន្លុងជ្រៅ ឃើញដូច្នោះម្តាយក៏បានស្ទុះទៅជួយ តែក៏ត្រូវលង់ទំាងពីរនាក់ ហើយកូនប្រុសបងក៏បានស្ទុះទៅជួយជាមួយមនុស្ស២នាក់ទៀត ចាប់គ្រវែងម្តាយនិងកូនបងមកខាងលើ ស្រាប់តែកូនបងបាត់ប្អូនក៏ស្ទុះទៅម្តងទៀតក៏បាត់ខ្លួនរហូត ទើបមកដល់ម៉ោង៥និង៣០នាទីល្ងាចនេះសពពីរនាក់បងប្អូនត្រូវបានរកឃើញហើយ ។
កូនបងឈ្មោះ ឆៃ សុផារិទ្ឋ អាយុ១៧ឆ្នាំ , ប្អូនឈ្មោះ ឆៃ សុវណ្ណវឌ្ឍនា អាយុ១៤ឆ្នាំ ។ រីឯម្តាយឈ្មោះ ហេង សារុំ អាយុ៤៣ឆ្នាំ និងឪពុកឈ្មោះ អ៊ុក សុភក្រ្ត អាយុ៤៥ឆ្នាំ ក្រុមគ្រួសារនេះរស់នៅក្នុងភូមិ ម៉ុងបារំាង សង្កាត់ប្អេរ ក្រុងកំពងឆ្នាំង ៕
ចែករំលែកព័តមាននេះ