ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ចំ​ម៉ូតូ​មាន GPS ពី​ខេត្តព្រៃវែង រត់​ទៅ​ភ្នំពេញ ត្រូវ​កងរាជអាវុធហត្ថ​តាម​ចាប់​ដល់​សំបុក ឃាត់ខ្លួន​៤​នាក់

12 ម៉ោង មុន

ខេត្តព្រៃវែង ៖ ក្រុម​ចោរ​ចំនួន​៤​នាក់ ដែល​សកម្ម​ក្នុង​ការ​លួច​ម៉ូតូ និង​កាច់ក​ម៉ូតូ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង តាម​ទៅ​ក្របួច​ដល់​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ មួយ​គ្រឿង នៅ​ទីប្រជុំជន​អ្នក​លឿង…

ខេត្តព្រៃវែង ៖ ក្រុម​ចោរ​ចំនួន​៤​នាក់ ដែល​សកម្ម​ក្នុង​ការ​លួច​ម៉ូតូ និង​កាច់ក​ម៉ូតូ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង តាម​ទៅ​ក្របួច​ដល់​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពួក​គេ​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ មួយ​គ្រឿង នៅ​ទីប្រជុំជន​អ្នក​លឿង ហើយ​ជិះ​យក​ទៅ​លាក់​ទុក​នៅ​សំបុក​របស់​ពួក​គេ​ឯ​រាជធានី​ភ្នំពេញ​។

ករណី​លួច​កាច់ក​ម៉ូតូ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំណុច​សណ្ឋាគារ ហង្ស​ទន្លេ​មាស ដែល​ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ចោរ​ខាងលើ​លួច ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1LI 0666 ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ រ៉ា​យុទ្ធ ភេទ ប្រុស អាយុ ២០​ឆ្នាំ ធ្វើការ​នៅ​ក្នុង​សណ្ឋាគារ​កើតហេតុ ។

លោក​វរសេនីយ៍ទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​ទ​ល្មើស​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​សម្រេច​ហើយ ប៉ុន្តែ​សំណាងអាក្រក់ ដោយ​ពួក​គេ​លួច​ចំ​ម៉ូតូ​ជន​រង គ្រោះ​ដែល​មាន​ភ្ជាប់​GPS ទើប​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ត្រី ឈួ​ន គឹ​ម​សាន្ត មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត បាន​ស្នើ​សុំ​ទៅ​លោក​ព្រះរាជអាជ្ញា ធ្វើការ​ពន្លៀត​ដែនដី ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ទៅ​ដល់​សំបុក​របស់​ពួក​គេ ដែល​ស្ថិត​នៅ​ភូមិ​៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ចំនួន​៤​នាក់ នៅ​វេលា​ម៉ោង​១ និង ៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ មេ​សា ដោយ​ដក​យក​បាន​ម៉ូតូ​ជន​រង​គ្រោះ ត្រឡប់​មក​វិញ រួម​ជាមួយនឹង​ម៉ូតូ​២​គ្រឿង​ផ្សេង​ទៀត សង្ស័យ​ជា​ម៉ូតូ​លួច​បាន​ដូច​គ្នា ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ