រាជធានីភ្នំពេញ ៖ បុរសម្នាក់បានធ្វើដំណើរដោយថ្មើរជើង ឡើងទៅលើស្ពានជ្រោយចង្វារ ប៉ុនប៉ងលោតទឹក តែពុំបានសម្រេច ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចនាំគ្នាឃាត់ទាន់ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសដែលគិតខ្លី បានប្រាប់ឲ្យដឹងថា ខ្លួនឈ្មោះ ម៉ន ប៊ុនណារិទ្ធ អាយុ៤១ ឆ្នាំស្នាក់នៅមិនពិតប្រាកដ ទើបតែចេញពីពន្ធនាគារ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ ធ្វើដំណើរដោយថ្នើរជើជើង ឡើងទៅលើស្ពានជ្រោយចង្វារ នៅក្នុងទិសដៅពីលិចទៅកើត។ នៅពេលធ្វើដំណើរហួសកណ្ដាលស្ពានបន្តិច ក៏បានឈប់ហើយតោងបង្កាន់ដៃស្ពាន ទៅឈរខាងក្រៅ និងអង្គុយលើបង្កាន់ស្ពាន ប៉ុនប៉ងលោតទឹក តែហាក់ដូចជាគាត់ពុំដាច់ចិត្តឡើយ ។
ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ហើយក៍ទៅប្រាប់នគរបាលមូលដ្ឋាន ចុះមកឃាត់ នាំចុះពីលើស្ពាន ទៅរង្វង់មូលតាព្រហ្មដើម្បីសាកសួរ ណែនាំកុំអោយគិតខ្លី ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនោះ បានឲ្យដឹងថា ខ្លួនបានធ្វើដំណើរមកប៉ុនប៉ងលោតទឹក ដោយសារតូចចិត្តខ្លួនឯង ព្រោះប្រពន្ធសុំលែងលះ បន្ទាប់ពីរូបគេ បានចេញពីពន្ធនាគារ នាពេលថ្មីៗនេះ។ ទោះបីជាយ៉ាងណា គេពុំដឹងពីរឿងរ៉ាវពិតប្រាកដ ដែលធ្វើឲ្យបុរសរូបនោះគិតខ្លីបែបនេះឡើយ។ បន្ទាប់ពីសួរនាំយូរៗទៅ បុរសរូបនោះ និយាយត្រលប់ត្រលិន ហាក់ដូចជាមានសតិមិនសូវល្អ ។ ក្រោយមក បុរសរូបនោះក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញបាត់ទៅ ៕



ចែករំលែកព័តមាននេះ