ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈគាត់ទៅបរបាញ់សត្វព្រៃនៅពេលយប់បានដើរជាន់មីនផ្ទុះដាច់កជើងម្ខាង កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា២០១៩ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចជួរភ្នំដងរ៉ែកពើយតារុន ស្ថិតនៅខាងកើតភូមិដងទុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ ភាព សំណាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។ ប្រជាពលរដ្ឋអ្នកភូមិដងទុងបានឱ្យដឹងថា បុរសរូបនេះមុខរបរជាព្រានបរបាញ់សត្វ តែងតែដើររុករកបរបាញ់សត្វព្រៃជាប្រចាំ មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះបានធ្វើដំណើរចាកចេញពីផ្ទះ កាលពីវេលាម៉ោងប្រមាណ៧យប់លុះដល់វេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនានេះ ស្រាប់តែមានបងប្អូនសាច់ញាតិជនរងគ្រោះរួមទាំងអ្នកភូមិផងដែរ មានការភ្ញាក់ផ្អើលថា ជនរងគ្រោះឈ្មោះ ភាព សំណាង ជាន់មីនដាច់ជើង ហើយក្រុមគ្រួសារបានបញ្ជូនទាំងយប់ទៅសង្គ្រោះ ។
ប៉ូលិសក្រុងសំរោងបានឱ្យដឹងថា ការដើបរបាញ់សត្វព្រៃជាបទល្មើសមួយប៉ះពាល់នឹងផ្លូវច្បាប់ សមត្ថកិច្ចប៉ូលិសតែងតែបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហាមឃាត់មិនឲ្យដើរបរបាញ់សត្វព្រៃ ដោយប្រើប្រាស់កាំភ្លើងឆ្នុកដូង ហើយកន្លងមកប៉ូលិសបានធ្វើការដកហូតពីប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ ។ តែទោះជាយ៉ាងណាជនរងគ្រោះដែលដើរបរបាញ់រូបនេះនៅពេលកើតហេតុជាន់មីនផ្ទុះដាច់កជើងម្ខាងខាងស្តាំ ត្រូវសមត្ថកិច្ចប៉ូលិស និងសាច់ញាតិជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តផងដែរ ៕
ចែករំលែកព័តមាននេះ