ទីផ្សារ​សាក់​រូប​កំពុង​ពេញ​និយម នាំ​ឲ្យ​មាន​កំណើន​ហាង​សាក់​រូប​បន្តបន្ទាប់ គួរ​កត់សម្គាល់


រាជធានី​ភ្នំពេញ ៖ រយៈពេល ២ ឆ្នាំ​ក្រោយ​នេះ ការ​សាក់​រូប​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង និង​ការ​បង្ហាញ​រូបសាក់​ផ្សេង​ៗ​កាន់តែ​បើកចំហរ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​-​ស្រី រាប់​ចាប់តាំងពី​អ្នកសិល្បៈ រហូត​សាមញ្ញ​ជន និង​បុគ្គលិក​បម្រើ​ការងារ​តាម​ស្ថាប័នឯកជន​មួយ​ចំនួន​ផង ។ ជាមួយនឹង​ការ​ពេញ​និយម​ក្នុង​ការ​សាក់​រូបភាព ឬ​ក៏​ការ​សាក់​ជា​អក្សរ​ឡា​តាំង ឬ​ខេមរភាសា​នោះ ការ​បើកហាង​បម្រើសេវា​កម្មសាក់​រូប ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង ៥០ ហាង​នៅ​រាជធានី​ភ្នំពេញ​កំពុង​បើក​ដំណើរការ​ជូន​អតិថិជន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ។

លោក ឆី​ក​ឃី (Chickie) ដែល​មាន​អាជីព​ជា​អ្នក​សាក់​រូប​ជាង​តាំងពី​ឆ្នាំ ២០០៩ និង​កំពុង​បម្រើ​ការងារ​នៅ​ហាង​សាក់​រូប RSD ដំបូង​បើក​ក្នុង​ឆ្នាំ ២០០៦ ជា​ហាង​ស្ទីក​ឃ័​រ​ឌី​ហ្សា​ញ រហូត ២០០៩ ក៏​បន្ថែម​ទៅ​ជា​ហាង​សាក់​រូប​ហើយ​បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​តិចតួច​មែនទែន ។ ដែល​កាលនោះ ពេល​បើក​ដំបូង អតិថិជន​មាន​មិន​ច្រើន​នោះ​ទេ គឺ​អាច​និយាយ​បាន​ថា​ក្នុង​មួយ​ខែ មាន​ភ្ញៀវ​តែ ២ ឬ ៣ នាក់​ប៉ុណ្ណោះ ដែល​ពួក​គាត់​ជា​ភ្ញៀវ​មក​ទទួល​សេវា​ចាក់​សាក់ តាម​រយៈ​មិត្ត​ភ័ក្ត្រ ឬ ភ្ញៀវ​ដែល​ឆ្លងកាត់​ហាង​ហើយ​ដើរ​ចូល​មក​ក្នុង​ហាង​តែ​ម្តង ពេល​ឃើញ​ហាង​តែ​ប៉ុណ្ណោះ ។ ជាង​ចាក់​សាក់​រូប​នេះ​បន្ត​ទៀត​ថា «​ចំពោះ​ការ​កើនឡើង​របស់​ភ្ញៀវ​ក្នុង​មួយ​ខែ​ៗ បើ​យើង​ប្រៀបធៀប​គ្នា​នឹង​ការ​បើក​ដំបូង​ៗ​និង​ពេល​បច្ចុប្បន្ន​គឺ​ខុស​គ្នា​ច្រើន​មែនទែន ។ ពី​មុន​មួយ​ខែ​យើង​ធ្លាប់​ទទួល​បាន​ភ្ញៀវ​តែ ២ នាក់​ទៅ ៣ នាក់ ។ តែ​ឥឡូវ ផ្ទុយ​ទៅ​វិញ​ក្នុង​មួយ​ថ្ងៃ​គឺ​យើង​អាច​ទទួល​បាន​ភ្ញៀវ​ពី ៧ ទៅ ១០ នាក់​ក្នុង​មួយ​ហាង​ក្នុង​ចំណោម​ហាង​ទាំង ៤ ទីតាំង លោក ឆី​ក​ឃី បន្ត​ថា​ចំពោះ​រូប​លោក​ផ្ទាល់​ដែល​ជា​ជាង​ចាក់​សាក់​មួយ​រូប លោក​មើលឃើញ​ថា​សង្គម​ខ្មែរ​បច្ចុប្បន្ន​មានការ​បើក​ទូលាយ និង​មិន​ប្រកាន់​ច្រើន​នោះ​ទេ​ពាក់ព័ន្ធ​នឹង​សិល្បៈ​នៃ​ការ​សាក់​រូប ជា​ពិសេស​កំណើន​ភ្ញៀវ​ជា​សុភាព​នារី គឺ​មាន​ចំនួន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

ចំពោះ​ហាង​សាក់ ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​សន្ទុះ​នៃ​ការ​បើក​មាន​ច្រើន​ដោយសារ​បងប្អូន​ខ្មែរ​យើង​គាត់​ពេញ​និយម ហើយ​បងប្អូន​យើង​មួយ​ចំនួន​ស្រលាញ់​ការ​សាក់​ក៏​វិវត្តន៍​ខ្លួន​ទៅ​ជា​ជាង​សាក់ ហើយ​ចាប់​វា​ជា​អាជីព ។ ជាក់ស្តែង​កាលពី ២ ឆ្នាំ​មុន​មាន​ប្រហែល​តែ ១០​ហាង​ទេ តែ​ឥឡូវ​ទាំង​ហាង​ធំ និង​តូច គឺ​កើនឡើង​ប្រមាណ​ជាង ៥០ ហាង​ក្នុង​រយៈពេល ២ ឆ្នាំ​នេះ ។ លោក​ឆី​ក​ឃី (Chickie) បន្ថែម​ថា «​ដោយសារ​ការ​ពេញ​និយម​ការ​ចាក់​សាក់​សព្វ​ថ្ងៃនេះ វា​អាច​ជា​របរ​មួយ ទោះ​មិនល្អ​ណាស់ណា តែ​ជា​របរ​សុច្ចរិត​មួយ ជា​កម្លាំង​ញើស​ឈាម​របស់​យើង ព្រោះ​ត្រូវ​ប្រើ​ទេព​កោសល្យ​និង​បញ្ញា ចំណូល​ក៏​ទ​ទូល​សមរម្យ​ល្អ​» ។
យ៉ាងណាមិញ ដោយសារ​ចំនួន​កើនឡើង​នៃ​ហាង​សាក់ វា​ប៉ះ​តិចតួច ដំបូង​បងប្អូន​ប្រាកដជា​គិត​ថា​ការ​សាក់​រូប​វា​មិន​មានអី​ថ្លៃ ឬ​ចាំបាច់​ចូល​ហាង​ល្អ អ​ញ្ចឹ​ង​គាត់​ឃើញ​ហាង​ល្មម​ៗ​គាត់​នឹង​ចូល អ​ញ្ចឹ​ង​ក្នុង​សង្គម​មួយ​ដែល​ជាទី​ផ្សារ​ប្រកួតប្រជែង តែ​មិន​ប៉ះពាល់​អី​ទេ​។ សម្រាប់​លោក ឆី​ក​ឃី (Chickie) គឺ​ចំណូល​របស់​ខ្លួន​លោក​ផ្ទាល់ ក្នុង​មួយ​ខែ គឺ​ទទួល​បាន​ជាង ១០០០ ដុល្លារ​អា​មេ​រិ​ក ។

សម្រាប់ ស៊ឹ​ម កុសល វ័យ ២៤ ឆ្នាំ​និង​ជា​ម្ចាស់​ហាង​សាក់​មួយ​កន្លែង​នៅ​ម្តុំ​ផ្សា​ដើម​ថ្កូវ បាន​ឲ្យ​ដឹង​ថា​លោក​ទើបតែ​បើកហាង​សាក់​តូច​មួយ​នៅផ្ទះ​របស់​លោក​បាន​ប្រហែល មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ តែ​ទទួល​បាន​ភ្ញៀវ​ច្រើន​គួរសម​ដែល​អាច​ឲ្យ​លោក​ទទួល​បាន​ចំណូល​ជា​មធ្យម ៥០០ ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ក្នុង​មួយ​ខែ​។
ជាង​សាក់​រូប ស៊ឹ​ម កុសល បន្ថែម​ថា «​ទីផ្សារ​សាក់​រូប​គឺ​កំពុង​តែ​ពេញ​និយម​ខ្លាំង ហើយ​ខ្ញុំ​មើលឃើញ​ថា អាជីព​ជា​ជាង​សាក់​គឺ​ល្អ​ប្រសើរ​មួយ​ដែរ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព » ។ ជាង​សាក់​រូប​ដែល​កំពុង​បើក​អាជីវកម្ម​ហាង​សាក់​រូប​បាន​អះអាង​ថា​តម្លៃ​សាក់​រូប​គឺ​មាន​តម្លៃ​ទៅ​តាម​ទំហំ និង​ប្រភេទ​នៃ​រូបសាក់ ដែល​ហាង​ខ្លះ​មាន​តម្លៃ​សាក់​ចាប់ពី ២០ ដុល្លារ​អា​មេ​រិ​ក ទៅ​ដល់​រាប់​ពាន់​ដុល្លារ​ផង​ដែរ ដែល​ការ​សាក់​រូប​គឺ​មាន​ប្រភេទ​ជា​ការ​សាក់​ទឹក​ថ្នាំ​ធម្មតា ឬ​ក៏​ទឹក​ថ្នាំ​ពណ៌​ជាដើម ។

ការ​សាក់​រូប​កាន់តែ​បើកចំហរ​និង​ពេញ​និយម ដោយសារ​មូលហេតុ​អ្វី ? លោក​ឆី​ក​ឃី (Chickie) ដែល​បាន​រៀនសូត្រ​និង​អនុវត្ត​រយៈពេល ២ ឆ្នាំ ការ​សាក់​រូប​នៅ​ហាង RSD ចុងឆ្នាំ ២០០៩ ជាមួយ​គ្រូ​ជនជាតិ​សិង្ហ​បុរី បាន​និយាយ​ថា​ផ្នត់គំនិត​ចាស់​ៗ​និង​ក្មេង​ៗ​សម័យ​បច្ចុប្បន្ន​គឺ​ខុស​គ្នា​ពី​សម័យ​មុន ។ ជា​ពិសេស​អតិថិជន​ជា​ស្ត្រី​មក​ទទួល​សេវា​ចាក់​សាក់​ក៏​មាន​ចំនួន​កើនឡើង​ខ្លាំង​ផង​ដែរ ។
លោក​ឆី​ក​ឃី និយាយ​ថា «​ដោយសារ​តែ​ពួក​គាត់​ដែល​ជា​ភ្ញៀវ​ស្រី​ៗ​គាត់​ភាគច្រើន​ស្រលាញ់​ការ​សាក់ ជា​មនុស្ស​ស្រី​គាត់​ចូល​ចិត្ត​តុបតែង​ខ្លួន​ឲ្យ​មើលទៅ​គួរ​ឲ្យ​ស្រលាញ់ ដូច្នេះ​គាត់​យល់​ថា​ការ​សាក់​គឺជា​សិល្បៈ​មួយ និង​ជា​ការ​បង្ហាញ​ស្រស់​ស្អាត​និង​សិច​ស៊ី​របស់​គាត់ គាត់​ចាក់​សាក់​ដើម្បី​ឲ្យ​គេ​មើល​មក ឃើញ​ថា​គាត់​ខ្យូ​ត គួរ​ឲ្យ​ស្រលាញ់ ។ ចំពោះ​ប្រុស​ៗ​ក៏​ដូច​គ្នា ឲ្យ​គាត់​មើលទៅ​រឹង​មាំ មាន​ស្ទីល​ប្លែក ហើយ​ខ្លះ​ចេញ​បង្កើត unique ស្ទា​យ​មួយ ខ្លះ​សាក់​ហើយ ក៏​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ឃើញ​ដែរ គឺ​ឃើញ​សម្រាប់​មនុស្ស​ពិសេស​របស់​គាត់​និង​រូប​គាត់​» ។​

ជាង​សាក់​រូប​ដែល​មានបទពិសោធន៍​ជាង ១០ ឆ្នាំ​រូប​នេះ​បន្ត​ថា «​ចំពោះ​ភ្ញៀវ​នារី​ៗ​ដែល​គាត់​ពេញ​និយម​សាក់ គឺ​ភាគច្រើន កដៃ កជើង ស្មា កញ្ចឹងក និង​កន្លែង​ពិសេស​សម្រាប់​អ្នក​ពិសេស​របស់​គាត់ ជា​ការ​សាក់​ជា​រូប ឬ​ក៏​ជា​យ័ន្ត​ផង​ដែរ​» ។ លោក​បន្ត​ថា សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គិត​ថា​គាត់​ហ៊ាន​បើកចំហរ​ចំពោះ​ការ​សាក់ គាត់​ឃើញ​ថា​ការ​គិត​និង​ផ្នត់គំនិត​ឥឡូវ មិន​ដូច​ជំនាន់​ប៉ា​ម៉ាក់​ខ្ញុំ ឬ​ជំនាន់​ចាស់​ពី​ដើម​។ ចាស់​ៗ​ពី​ដើម​គាត់​គិត​ថា​ការ​សាក់ វា​មិនល្អ​អ​ញ្ចេះ មិនល្អ​អ​ញ្ចុះ ប៉ុន្តែ​បច្ចុប្បន្ន គឺ​ភាគច្រើន​គាត់​មាន​ម្ចាស់​ការ​ខ្លួនឯង ។ ហើយ​បងប្អូន​យើង​សម័យ​ឥឡូវ យល់​ថា​ការ សាក់​វា​មិនមែន​បង្ហាញ​ពី​អត្ត​ច​រិ​ក​ទេ តែ​ជា​សិល្បៈ​លម្អរ​ខ្លួន ក៏​ដូច​ជា​បង​ប្អូនស្រី គឺ​ពួក​គាត់​ស្រលាញ់​ណាស់​សាក់ ។ ពី​មុន​គាត់​ប្រាប់​ថា​ខ្លាច​គេ​ម៉ៃ​ថា​មិនល្អ តែ​បច្ចុប្បន្ន​អ្នក​សាក់ គឺ​គាត់​ហ៊ាន​ទទួលស្គាល់​ថា​ជា​សិល្បៈ មិនមែន​ការ​សាក់​បង្ហាញ​ថា​គាត់​ជា​មនុស្ស​អាក្រក់ ឬ​ក៏​ក្រុម​សង្គម​ងងឹត​អី​នោះ​ទេ ។

ស៊ឹ​ម កុសល ជាង​ចាក់​សាក់​រូប​នេះ​ទទួលស្គាល់​ថា «​ពី​ដើម​គេ​យល់​ថា​អ្នក​ចាក់​សាក់​ជា​មនុស្ស​មិនល្អ ហើយ​ពេល​ដើរ​ចេញ​ទៅ​ណា​មក​ណា មហាជន​មើល​មក​អ្នកមាន​សាក់​លើ​ដងខ្លួន ឬ​ដៃជើង ជា​មនុស្ស​មិនល្អ​ជាដើម សូ​ម្បី​តែ​ឳ​ពុក​-​ម្តាយ​របស់ខ្ញុំ​ផ្ទាល់ ក៏​បាន​ណែនាំ​ខ្ញុំ​ថា​កុំ​ឲ្យ​ចាក​សាក់​អី ពេល​ខ្ញុំ​ចាក់​សាក់​លើ​ខ្លួន​ខ្ញុំ​គាត់​ក៏​មិន​ពេញចិត្ត​ដែរ ។ តែ​ថ្មី​ៗ​នេះ​ក្រោយ​ពេល អ្នក​មានគុណ​គាត់​ឃើញ​ខ្ញុំ​អាច​រក​ចំណូល​បាន​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង គាត់​ក៏​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ប្រកប​អាជីព​នេះ​ដែរ » ។ សម្រាប់​បច្ចុប្បន្ន​នេះ សាក់​ដែល​ទទួល​បានការ​ពេញ​និយម សម្រាប់​គឺ​មាន​ច្រើន​ជា​សាក់​យ័ន្ត​ខ្មែរ ជា​យ័ន្ត​៥​ជុំ និង​យ័ន្ត​៨​ទិស​ជាដើម​នៅ​ក​ញ្ចឹ​ង​.​ក ស្មា​ប៉ែក​ខាងក្រោយ ចង្កេះ និង​ស្មារ​ខាង​មុខជា​ដើម ។

សម្រាប់​សុភាព​នារី​មួយ​រូប​ដែល​ចូល​ចិត្ត ការ​សាក់​រូប​លើ​ដឹងខ្លួន យល់​ស្រប​ថា​នា​ពេល​បច្ចុប្បន្ន ការ​សាក់​រូប​គឺ​ពេញ​និយម​ខ្លាំង​ពី​សំណាក់ នារី​និង​បុរស​ៗ​ដូច​គ្នា ។ ជា​ពិសេស​នាង​ស្រលាញ់​ចូល​ចិត្ត​តាំងពី​ក្មេង ដល់​ពេល​ចម្រើន​វ័យ ម្តាយ​មិន​ប្រកាន់​នឹង​រឿង​ចាក់​សាក់ គាត់​ក៏​មានការ​ចាក់​សាក់​ជា​ច្រើន​កន្លែង​នៅ​លើ​ដងខ្លួន​ផង​ដែរ ។ សុភាព​នារី​ដែល​មាន​វ័យ​ជាង ២០ ឆ្នាំ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា « ខ្ញុំ​ចូល​ចិត្តការ​សាក់​ជា​រូប​តូច​ៗ ជា​អក្សរ​តូច​ៗ មិន​ចូល​ចិត្ត​សាក់​រូប​ធំ​ៗ​នោះ​ទេ » ។ តារា​សម្តែង​ជួរ​មុខ​នៅ​កម្ពុជា ដែល​មាន​វត្តមាន​ថត​ភាពយន្ត​ហូ​លី​វូ​ដ «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ឳ​ពុក​ខ្ញុំ​» អ្នក​នាង​ស្វែង សុជាតា ក៏​មាន​ចាក់​សាក់​លើ​ខ្នង​របស់​អ្នក​នាង​ជា​ច្រើន​កន្លែង​ផង​ដែរ ហើយ​វា​មាន​អត្ថន័យ​ច្រើន​ណាស់​សម្រាប់​អ្នក​នាង ព្រោះ​សាក់​ដែល​អ្នក​នាង​ចាក់​ជា​លក្ខណៈ​មន្តអាគម​ន៍​ឲ្យ​ជៀស​ផុត​ពី​សត្រូវ​ទាំងពួង «​ហើយ​ក៏​នាំ​មក​នូវ​ហុងស៊ុយ​ល្អ​ៗ​សម្រាប់​ជីវិត​ការងារ ទើប​ការងារ​ចូល​មក​យ៉ាងច្រើន​សម្រាប់​ការងារ​សម្តែង​ទាំង​ក្នុង​និង​ក្រៅប្រទេស​» ។

អ្នក​នាង ស្វែង សុជាតា បញ្ជាក់​ថា​៖ «​វា​អាច​អ​ញ្ចឹ​ង​ដែរ រឿង​សាក់​នេះ​វា​ពាក់ព័ន្ធ ជាមួយនឹង​ហុងស៊ុយ​ដែរ ព្រោះថា​មនុស្ស​យើង​កើតមក​ម្នាក់​ៗ​គឺ​មាន​ថ្ងៃខែ ឆ្នាំ​កំណើត​និង​ពេលវេលា​កំណើត​ខុស​ៗ​គ្នា ។ សម្រាប់​ស្នាម​សាក់ មន្តអាគម​ន៍ ដូច​បង គឺ​យើង​មិន​អាច​ចេះ​តែ​សាក់​ៗ​បាន​ទេ ។ យើង​សាក់​មាន​ហុងស៊ុយ ដោយសារ​យើង​មាន​ឆ្នាំ​កំណើត​យើង គឺ​សាក់​ទៅ​លើ​ប្រភេទ​បាលី មន្តអាគម​ន៍ នៅ​លើ​ខ្លួន ដើម្បី​កុំ​ឲ្យ ឧទាហរណ៍​កាលណា​បើ​កើត​ឆ្នាំច ទៅ​សាក់​ឆ្នាំវក ឬ​ឆ្នាំ​អី​ផ្សេង គឺ​នាំ​ឡាក់​ឆុង​ហើយ ។ គ្រូ​ដែល​សាក់​ត្រូវ​តែ​ចេះ​ច្បាស់លាស់​អំពី​រឿង​នឹង ទើប​យើង​សុខ​សប្បាយ មានការ​ងារ​ច្រើន ទោះ​មិន​ក្លាយជា​អ្នកមាន​ធំ ក៏​គ្រោះ​ធំ​ក្លាយជា​គ្រោះ​តូច​ដែរ​» ។

តារា​សម្តែង​ស្រី​រួប​នេះ​បន្ត​ថា «​សម័យ​បច្ចុប្បន្ន​បងប្អូន​ខ្មែរ​ជា​ច្រើន​កាន់តែ​បើកចំហរ​ទទួលយក​ស្នាម​សាក់ ជា​លក្ខណៈ​សិ​ល្បះ​លម្អ​រលើ​ដងខ្លួន ដៃជើង​ផង​ដែរ ។ ដូច​សាក់​របស់ខ្ញុំ​ផ្ទាល់ គឺ​មាន​យូរ​ឆ្នាំ​មក​ហើយ តែ​មិន​ហ៊ាន​បញ្ចេញ ទើបតែ​ក្រោយ​ពី​ខ្ញុំ​បាន​សម្តែង​ភាពយន្ត​ឲ្យ​កំពូល​តា​រាហូ​លី​វូ​ដ និង​ជា​អ្នកដឹកនាំ​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ឳ​ពុក​ខ្ញុំ​» គឺ​អ្នក​នាង អែន​ជី​លី​ណា ជូ​លី (Angelina Jolie) បានឃើញ​សាក់​របស់ខ្ញុំ ហើយ​គាត់​សាក់​តាម ហើយ​ក៏​មាន​បងប្អូន​អ្នក​សិ​ល្បះ​ផ្សេង​ៗ​ទៀត​ផ្អើល​នាំ​គ្នា​សាក់​រូបភាព​ផ្សេង​ៗ​ដើម្បី​លម្អរ​រាង​កាយ​រហូត​មក » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ