ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង ណ​ង​សាវ ចំណាយពេល​ត្រឹម​1​ទឹក ផ្ដួល​គូប្រកួត​យក​បាន​កៅអី​16​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​៥ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ មីនា កន្លង​មកនេះ កីឡាករ ឡុ​ង ណ​ង​សាវមក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា…

រាជធានី​ភ្នំពេញ ៖ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​៥ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៩ មីនា កន្លង​មកនេះ កីឡាករ ឡុ​ង ណ​ង​សាវមក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ដែល​មាន​តួលេខ​ប្រកួត​តិច​មែនទែន​បែរជា​អាច​ផ្ដួល​គូប្រកួតឱ្យ​សន្លប់​ស្តូកស្តឹង​ត្រឹម​១​ទឹក​យ៉ាង​ផុយ​យកបាន​កៅអី​១៦​នាក់ ក្នុង​ព្រឹត្តិការណ៍​ដែល
មានឈ្មោះ​ថា​កំពូល​ជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement)
ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​សម្រាប់​រដូវ​កាល​ទី​៥​។

ឡុ​ង ណ​ង​សាវ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ប្រាក់ សុ​ី​ណាត មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ឋ ខេត្តព្រៃវែង ។ បើ​មើលទៅ​លើ​ប្រវត្តិ​ឡុ​ង ណ​ង សាវ ប្រកួត​បាន​ត្រឹមតែ​៩​ដង​ប៉ុណ្ណោះ ខណៈប្រាក់ សុ​ី​ណាត ប្រកួត​បាន​៥៤​ដង​ឯណោះ​។​គ្រាន់តែ​ការ​ប្រកួត​ចាប់ផ្តើម​ភ្លាម អ្នក​ទស្សនា​១០០​ទាំង​១០០​ទាយ​ថា ឡុ​ង ណ​ង​សាវ ចាញ់​បើ​ក្រឡេក​មើល​បទ​ពិសោធន៍​ប្រកួត ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​ទុក ឡុ​ង ណ​ង​សាវ បែរជា​ខំ​ប្រើ​ស្នៀតគុន​ល្អ​ៗ​រហូត​ចំ​គោលដៅ​បង្ក​ឱ្យ​សុ​ី​ណាត​ចុក​ឆ្អល់​ដេក​ដួល​នៅ​លើ​រេញ ។ ការ​ចាញ់​នេះ​បាន​ធ្វើ​ឱ្យ​គេ​ស្រឡាំងកាំង​និង​ស្តាយ​គ្រប់​គ្នា​នូវ​ការ​បាត់​ឱកាស​របស់​សុ​ី​ណាត ។ យ៉ាងណា​ក៏​ដោយ ណ​ង​សាវ​បាន​តាំងចិត្ត​ពេល​ឈ្នះ​ថា ខ្លួន​នឹង​ព្យាយាម​ខិតខំ​ហាត់​និង​ស្តាប់​តាម​គ្រូបង្វឹក​ធ្វើ​យ៉ាងណា​ឱ្យ​កាន់តែ​ល្អ​នៅ​ពេល​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ ទើប​បើក​ការ​ប្រកួត​ផ្លូវការ​កាលពី​ស​ប្ដា​ហ៍​មុន​ប៉ុណ្ណោះ ដោយ​មាន​កីឡាករ​៣២​រូប​ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម ។ កីឡាករ​ទាំង​៣២​រូប ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​មិន​ត្រូវ​បាន​ប្រកាស​ឱ្យ​បង្ហាញខ្លួន​នៅ​ថ្ងៃ​បើក​ការ​ប្រកួត និង​ធ្វើ​សន្និសីទ​បង្ហាញ​កាលពី​ថ្ងៃ​ទី​២ មីនា នៅ​ប៉ុស្ដិ៍​លេខ​៥​ព្រែក​កំ​ពិស​នោះ​ទេ ដោយ​បង្ហាញ​តែ​តំណាង​៤​រូប​ដែល​មានឈ្មោះ​ជម្រុះ​គ្នា​ក្នុង​ស​ប្ដា​ហ៍​ដំបូង​ប៉ុណ្ណោះ ។ អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្ដែង​ការ​អបអរ​ដោយសារ​តែ​សមាសភាព​របស់​កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម គឺ​ភាគច្រើន​ជា​កីឡាករ​ថ្មី​ៗ ដែល​មាន​កម្លាំងចិត្ត​ប្រកួត​ច្រើន​ជាង​បទ​ពិសោធន៍ ហើយ​ច្រើន​ប្រកួត​ល្អមើល​បើ​ធៀប​នឹង​កីឡាករ​ល្អ​ៗ​ដែល​មានឈ្មោះ​ស្រាប់ ដែល​ភាគច្រើន​រយាលកម្លាំង​ដៃ​ទៅ​វិញ​នោះ ។ ក្នុង​នោះ កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ក៏​មាន​ចំនួន​គ្រប់គ្រាន់​ងាយ​នឹង​ប្រមូល​បាន​ដល់​៣២​រូប ដើម្បី​បើក​ការ​ប្រកួត​ក្នុង​រូបមន្ត​៣២​នាក់​ប្រកួត​ចាញ់​ធ្លាក់​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​រដូវ​កាល​នេះ លោក​សម្រេចចិត្ត​យក​សមាសភាព​ស្ថិត​ក្នុង​ប្រភេទ​ស្រាល​វិញ​ម្ដង ដោយ​លោក​យល់​ថា​ការ​ប្រកួត​ជម្រើស​ជើងឯក​ចេញពី​កីឡាករ​ទម្ងន់​ស្រាល គឺ​ងាយ​រកបាន​កីឡាករ​ថ្មី​ៗ​ល្អ​ៗ ហើយ​អាច​បណ្ដុះ​ឱ្យ​ក្លាយជា​កីឡាករ​ស្នូល​សម្រាប់​វិស័យ​ប្រដាល់ ។ លោក​ថា ការ​ប្រកួត​ចាប់ពី​ទម្ងន់​៦០​គីឡូ​ឡើង​ច្រើន​តែ​ត្រូវ​សម្រាប់​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​រួច​ហើយ ហើយ​ដំណើរ​ស្វែងរក​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​បែប​ហ្នឹង​ក៏​ពិបាក​រក​ផង​ដែរ​សម្រាប់​៣២​រូប ដោយសារ​តែ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​នេះ​គឺ​ស្ទើរ​មាន​និង​ស្ទើរ​មិន​មាន ដែល​ពិបាក​ឱ្យ​គណៈកម្មការ​ធ្វើការ​ជ្រើសរើស ។ ជាក់ស្ដែង​វត្តមាន​កីឡាករ​កាលពី​រដូវ​កាល​មុន​ៗ ដែល​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៥ និង​៦៣,៥​គីឡូក្រាម លោក​ថា​ប៉ុស្ដិ៍​លេខ​៥​ស្វែង​រកបាន​៣២​រូប​យ៉ាង​លំបាក​បំផុត ដោយ​មាន​កីឡាករ​ខ្លះ​ត្រូវ​បង្ខំ​ឱ្យ​សម្រក​ទម្ងន់ និង​ខ្លះ​ឱ្យ​ឡើង​ទម្ងន់​ដើម្បី​ឱ្យ​គ្រប់​៣២​រូប​នោះ ។ លោក​អះអាង​ថា ខ្លួន​មិន​ចង់បាន​សមាសភាព​ដែល​ខ្វះ​តុល្យភាព​បែប​ហ្នឹង​នោះ​ទេ ទើប​សម្រេចចិត្ត​បើក​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​កាលពី​រដូវ​កាល​ទី​៤ និង​សម្រាំង​យក​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដែល​ជា​ប្រភេទ​ស្រាល​ទៀត​នៅ​ក្នុង​រដូវ​កាល​នេះ​។ លោក​និយាយ​ថា​៖«​យើង​ចំណាយ​លុយ​ជ្រើសរើស​ជើងឯក អ៊ីចឹង​អត់​ចង់​យក​កីឡាករ​ដែល​មានឈ្មោះ​ហើយ​មក​ប្រកួត​ដណ្ដើម​ពាន​ទេ​ទើប​យើង​សម្រេចចិត្ត​ធ្វើការ​ប្រកួត​ក្នុង​ប្រភេទ

ទម្ងន់​៥៤​គីឡូក្រាម​វិញ ។ យើង​ធ្វើ​អ៊ីចឹង​ដូច​ជួយ​បណ្ដុះ​ពួកក្មេង​ៗ​អស់ហ្នឹង​ឱ្យ​មានមុខ​នៅ​ក្នុង​វិស័យ​កីឡា​ផង​»​។ យ៉ាងណាមិញ លោក​ថា​កីឡាករ​ទាំងអស់​មិន​បាន​បង្ហាញខ្លួន​ទាំង​៣២​រូប​ក្នុង​ថ្ងៃ​ប្រកាស​វគ្គ​ថ្មី​នោះ​ទេ ដោយ​មាន​តែ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ធ្វើការ​បង្ហាញខ្លួន ។ ក្នុង​ចំណោម​កីឡាករ​ថ្មី​ៗ ក៏​មាន​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មួយ​ចំនួន​ក្នុង​វិស័យ​ប្រដាល់​ស្រាប់​ចូល​ប្រកួត​ផង​ដែរ ដោយ​គ្រាន់តែ​លោក​រំពឹង​ថា​សមាសភាព​កីឡាករ​ថ្មី​ៗ​គឺជា​ទិស​ដៅ​ដែល​ប៉ុស្ដិ៍​លេខ​៥​គិត​ថា​ប្រឹង​ប្រកួត​ល្អ​ជាង​បើ​ធៀប​នឹង​កីឡាករ​ចាស់​ៗ​។ លោក​ឧត្តមសេនីយ៍ទោ សិន សុ​ផាត តំណាង​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៥​នេះ សមាសភាព​កីឡាករ​ថ្មី​ៗ​ក្រុមការងារ​ប៉ុស្ដិ៍​លេខ​៥ និង​សហព័ន្ធ​ប្រដាល់ បាន​ជ្រើស​ចេញពី​បណ្ដា​ក្លិប​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្ដង ដោយ​ក្នុង​ចំណោម​កីឡាករ​ដែល​ជ្រើស​បាន​ទាំង​៣២​រូប គឺ​ភាគច្រើន​ជា​សមាសភាព​កីឡាករ​ជើង​ថ្មី​។ យ៉ាងណាមិញ​លោក​ថា កីឡាករ​ជើង​ចាស់​មិន​អាច​មើល​ស្រាល​កីឡាករ​ថ្មី​ៗ​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​កាលពី​រដូវ​កាល​មុន កីឡាករ​ជើង​ថ្មី​សុទ្ធតែ​បាន​គ្រង​តំណែង​លេខ​១ និង​លេខ​២​ជាដើម ខណៈ​ដែល​កីឡាករ​ចាស់​ៗ​ត្រូវ​គេ​ទម្លាក់​ចេញ​ឱ្យ​ហាលអាវ​គ្មាន​សល់​រួច​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ