នៅក្នុងសហគមន៍មួយ បើប្រជាពលរដ្ឋមានសន្តានចិត្តសាមគ្គីគ្នានោះ ពិតជាធ្វើឱ្យអង្គភាពទាំងមូលមានសុខសន្តិភាព តែបើសង្គមណាដែលមានការបៀតបៀនគ្នា បែកបាក់គ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។ ដូច្នេះដើម្បីរៀបចំខ្លួនឱ្យការរស់នៅរួមគ្នាក្នុងសង្គមទទួលបានសេចក្តីសុខ ព្រះពុទ្ធសាសនាមានទិសដៅ4ចំណុចគឺៈ
១-ជាបុគ្គលដែលមានខ្លួនស្មោះស្មើមិនយកប្រៀបលើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើកតម្កើងខ្លួនឯង មិនមានមានះ និងទិដ្ឋិ មើលងាយអ្នកដទៃថា អ្នកនេះមិនបានស្មើខ្លួន មិនសមឱ្យខ្លួនទៅសេពគប់ ថាអញជាអ្នកមានយសស័ក្តិធំ មិនគួរទៅនិយាយរកអ្នកមានយសស័ក្តិតូចៗ ថាអញជាអ្នកចេះ មិនគួរទៅនិយាយជាមួយអ្នកល្ងង់ជាដើម ។
២-ពោលវាចា ពីរោះពិសា ពាក្យសុភាពផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួប នូវសេចក្តីទុក្ខ មានការបាត់បង់បុគ្គលជាទីស្រឡាញ់ជាដើម។ បុគ្គលគ្រប់រូប នៅពេលមាន សេចក្តីទុក្ខគ្របសង្កត់ រមែងបាត់បង់ស្មារតី តែនៅពេលទទួលពាក្យពីរោះពីអ្នកដទៃ គេរមែងរំសាយ សេចក្តីទុក្ខនោះភ្លាម ព្រោះសម្តីផ្អែមល្អែមនេះអ្នកណាក៏ត្រូវការដែរ ។
៣-ប្រព្រឹត្តជាប្រយោជន៍ ជួយកិច្ចការងារ គឺជាការធ្វើនូវអំពើល្អសម្រាប់ខ្លួនឯងផង សម្រាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រផ្លូវលោកផ្លូវធម៌ រមែងធ្វើប្រយោជន៍សម្រាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ការប្រព្រឹត្តជាប្រយោជន៍វាបង្ហាញនូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃ ។
៤-ការចែកធនធាន និងចំណេះដឹងរបស់ខ្លួនឱ្យដល់អ្នកដទៃ ដែលកំពុងខ្វះខាត។ មនុស្សនៅក្នុងសង្គមតែងមានការចែករំលែកដល់គ្នាមិនអាចអត់បានទេ ទោះបីអ្នកមាន ឬអ្នកក្រក៏ដោយត្រូវការចាំបាច់ណាស់ គ្រាន់តែការឱ្យនោះមានលក្ខណៈខុសៗពីគ្នា ។
បើសង្គមមនុស្សទាំងអស់ធ្វើតាមទិសដៅ៤ចំណុចនេះឱ្យបានព្រមគ្នានោះ ប្រទេសជាតិទាំងមូលនឹងមានសុខសន្តិភាពជាក់ជាមិនខាន ។
ចែករំលែកព័តមាននេះ