រាជធានីភ្នំពេញ ៖ ដោយមើលឃើញវិស័យកីឡាបាល់ទាត់នៅកម្ពុជា សព្វថ្ងៃកំពុងតែមានការរីកចម្រើននិងទទួលបានការគាំទ្រកាន់តែខ្លាំងពីសំណាក់ស្រទាប់យុវជនខ្មែរគាប់ជួនការរៀបចំការប្រកួតរដូវកាលទី១ ទី២ និងទី៣មានភាពរលូននិងបញ្ចប់ដោយជោគជ័យ Ganzberg បានសហការជាមួយស្ថានីយ
ទូរទស្សន៍MyTVរៀបចំឱ្យមានការប្រកួតរដូវកាលទី៤ជាបន្តទៀត។
ថ្លែងក្នុងឱកាសធ្វើសន្និសីទកាសែតដើម្បីផ្សព្វផ្សាយឱ្យដឹងពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ដែលមានឈ្មោះថា«អធិរាជវាលស្មៅGanzberg 2019”រដូវកាលទី៤នៅស្ថានីយទូរទស្សន៍MyTVកាលពីព្រឹកថ្ងៃទី៨ មីនា កន្លងមកនេះ លោក ស៊ីថូណាថាន់ ប្រធានគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំក្រុមហ៊ុនCBSបានឱ្យដឹងថា ការប្រកួតនេះអាចដំណើរការទៅបានដោយមានការជួយឧបត្ថម្ភធំពីក្រុមហ៊ុនGanzbergនិងទទួលបានជំនួយបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ ។ ម្យ៉ាងវិញទៀតដោយសារតែមើលឃើញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការគាំទ្របាល់ទាត់កាន់តែមានច្រើនសន្ធឹកសន្ធាប់ទៀតផង ធ្វើឱ្យគេមានជំនឿថា បន្ទាប់ពីឆ្លងកាត់ការប្រកួតនេះរួច យុវជនយើងនឹងអាចឈានទៅដណ្ដើមជើងឯកពីការប្រកួតនៅលើឆាកអន្តរជាតិ។
លោក ស៊ីថូ ណាថាន់ បានឱ្យដឹងទៀតថា Ganzberg បានរួមចំណែកយ៉ាងសំខាន់ជាមួយទូរទស្សន៍MyTVក្នុងការចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ។ កម្មវិធីប្រកួតនេះបានឆ្លងកាត់វគ្គប្រកួតជម្រុះតាមមណ្ឌលយ៉ាងស្វិតស្វាញនៅតាមបណ្ដាខេត្ត-រាជធានីក្នុងប្រទេសកម្ពុជា ក្នុងទិសដៅចម្រាញ់យកក្រុមខ្លាំងចំនួន៣២ក្រុមឡើងមកប្រកួតគ្នាដើម្បីដណ្ដើមយកប្រាក់រង្វាន់ជើងឯកចំនួន១៥០០០ដុល្លារអាមេរិក ។ ការប្រកួតធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍នៅលើទីលានបាល់ទាត់សិប្បនិមិ្មតT-SOCCERទួលគោក៕
ចែករំលែកព័តមាននេះ